អន្តរជាតិ
អ៊ីស្រាអែល​ក្លាយជា​រដ្ឋ​ដំបូង​គេ​ដែល​ប្រើ​យន្តហោះ​បំបាំងកាយ F-35 ក្នុង​សមរភូមិ​
23, May 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ៊ីស្រាអែល​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ប្រើប្រាស់​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ក្នុង​ប្រតិបត្តិការ​យោធា​ពីរដង​កន្លងមក​។ យ៉ាងណាក៏ដោយ យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក​នេះ​ថ្លៃ​កប់​ពពក​ពោលគឺ​មួយគ្រឿង​មានតម្លៃ​ជិត ១០០​លាន​ដុល្លារ​ឯណោះ​។



​មេបញ្ជាការ​កងទ័ពអាកាស​អ៊ីស្រាអែល​ឧ​ត្ត​ម​សេនីយ៍ Amikam Norkin បាន​បង្ហើប​ថា អ៊ីស្រាអែល​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ចុងក្រោយ​ប្រភេទ F-35 ក្នុង​ប្រតិបត្តិការ​សឹក​ពីរដង​រួចមកហើយ​កន្លងមក​។ លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា ប្រតិបត្តិការ​នោះ​នៅឯ​ណោះ​ពិតប្រាកដ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​អ៊ីស្រាអែល​នៅ​ដើម​សប្តាហ៍​នេះ​ជាមួយ​មេបញ្ជាការ​កងទ័ពអាកាស​ប្រទេស​២០​ផ្សេងទៀត​ដូច្នេះ​៖«​យើង​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-35 នៅ​មជ្ឈិមបូព៌ា ហើយ​យើង​បាន​វាយប្រហារ​លើ​សមរភូមិ​ពីរ​ផ្សេងគ្នា​ដែរ​»​។​

​ថ្វីបើ​មន្ត្រីជាន់ខ្ពស់​រូបនេះ​មិនបាន​បញ្ជាក់​ច្បាស់​ពី​សមរភូមិ​ក៏ដោយ កាលពី​ថ្មីៗ​នេះ​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​ជាច្រើន​កន្លែង​នៅ​ស៊ី​រី ក្នុងនោះ​គឺមាន​ទីតាំង​យោធា និង​រចនាសម្ព័ន្ធ​រប​ស់​អ៊ីរ៉ង់​ផងដែរ​។ អ៊ីស្រាអែល​បាន​អះអាងថា ការវាយប្រហារ​នេះ​គឺ​ឆ្លើយតប​នឹង​ការបាញ់​ផ្លោង​មី​ស៊ី​ល​លើ​កងទ័ព​របស់ខ្លួន​នៅ​តំបន់ Golan Heights​។

​តាមពិត​អ៊ីស្រាអែល​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​នេះ​នៅក្នុង​ប្រតិបត្តិការ​យោធា​។ អ៊ីស្រាអែល​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ៥០​គ្រឿង​ពី​សហរដ្ឋអាមេរិក​កន្ល​ង​មក ហើយ​ប្រទេស​នេះ​ទទួលបាន​យន្តហោះ​ប្រាំបួន​គ្រឿង​ហើយ​កន្លងមក​។

​អ៊ីស្រាអែល​ទទួលបាន​ជំនួយ​យោធា​ច្រើនជាងគេ​ពី​សហរដ្ឋអាមេរិក​ក្នុង​ទំហំ​រហូតដល់ ៤ ពាន់​លាន​ដុល្លារ​ឯណោះ​រៀងរាល់ឆ្នាំ ហើយ​សហរដ្ឋអាមេរិក​ធានាថា អ៊ីស្រាអែល​មានលទ្ធភាព​រក្សា​សមត្ថភាព​យោធា​របស់ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​ខាងក្រៅ​។​

​ដោយឡែក​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 ក្លាយជា​យន្តហោះ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​។ បច្ចុប្បន្ននេះ យន្តហោះ​មួយ​គ្រឿ​មានតម្លៃ​រហូតដល់​ជិត ១០០ លាន​ដុល្លារ​ឯណោះ​។ កន្លងមក​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​រិះគន់​ក្រុមហ៊ុន Lockheed Martin ជុំវិញ​ការស្រាវជ្រាវ និង​ផលិត​យន្តហោះ​ដែលមាន​តម្លៃ​ថ្លៃ​បែបនេះ​ដែរ​៕


Tag:
 អ៊ីស្រាអែល​
  F-35
  Lockheed Martin
© រក្សាសិទ្ធិដោយ thmeythmey.com