FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ រុស្ស៊ី​យក​ទ័ព​ពី​ស៊ី​រី និង​អ៊ុយ​ក្រែ​ន​ដើម្បី​ទប់ទល់​ការ​ប្រហារ​តាម Drone
23, May 2018 , 9:19 pm        
រូបភាព
​រុស្ស៊ី​នឹងដាក់​ពង្រាយ​កងទ័ព​ដែលមាន​បទពិសោធន៍​នៅ​ស៊ី​រី និង​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ទៅលើ​កីឡដ្ឋាន​នានា អំឡុង​ការប្រកួត​ពានរង្វាន់ FIFA World Cup នា​ខែ​ក្រោយនេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​ការគំរាមកំហែង​ពី​ក្រុម​ភេរវកម្ម​គឺជា​ការព្រួយបារម្ភ​ធំ​បំផុត​សម្រាប់​អ្នករៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ខែមិថុនា ដល់​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ​២០១៨​។​

​រុស្ស៊ី​ត្រូវបាន​គំរាម​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ចាប់តាំងពី​ការ​ឈ្នះ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១០​មក​។ ហើយ​ការគំរាមកំហែង​ចុងក្រោយបង្អស់​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​គឺធ្វើឡើង​ដោយ​ការប្រមាន​កាត់​ក្បាល​កំពូល​តារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo ពី​ក្រុម​ភេរវជន ISIS ក្នុងអំឡុង​ព្រឹត្តិការណ៍​នេះដែរ​។​

​ការ​គំរាម​វាយប្រហារ​នោះ ក៏​ត្រូវបាន​ចោទប្រកាន់​ទៅលើ​ពួក​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​ដែលមាន​មូលដ្ឋាន​នៅ​ស៊ី​រី​ផងដែរ​។​

​យ៉ាងណាក៏ដោយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ម្ចាស់ផ្ទះ​រុស្ស៊ី នឹង​បញ្ចេញ​ទ័ព​របស់ខ្លួន​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​មាន​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​យកមក​ការពារ​សុវត្ថិ​ភា​ពី​ការវាយប្រហារ​ដោយ​យន្តហោះ Drone នៅ World Cup លើក​ទី​២២​នេះ​។

​ស្ថាប័ន​ព័ត៌មាន RBK ក្នុង​ក្រុង​មូ​ស្គូ​ក៏បាន​និយាយ​ដែរ​ថា មេបញ្ជាការ​កងទ័ព​រុស្ស៊ី​លោក Valery Gerasimov នឹង​បោះទីតាំង​ឈរជើង​នៅក្រៅ​កីឡដ្ឋាន​ទាំង​១២ ដើម្បី​ចាំ​ឃ្លាំមើល​សកម្មភាព​ហោះហើរ​របស់ Drone នៅក្បែរនោះ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
  ISIS
  Drone
© រក្សាសិទ្ធិដោយ thmeythmey.com