អន្តរជាតិ
ឥណ្ឌូណេស៊ី ចាត់ទាំងវិធានការក្តៅ និងត្រជាក់ដើម្បីទប់ស្កាត់ និងប្រឆាំងការសាយភាយភេរវកម្ម រូបភាព៖ ABC
× បន្ថែមលើចំណាត់ការក្តៅប្រឆាំងការគំរាមកំហែងពីក្រុមភេរវជន រដ្ឋាភិបាលក្រុងហ្សាការតា ក៏បានចាត់វិធានការត្រជាក់ផងដែរ។ នោះគឺ ក្រុងហ្សាការតាបានទប់ស្កាត់ការសាយភាពនៃមនោគមន៍វិជ្ជារបស់ក្រុមភេរវជន តាមរយៈការបិទគេហទំព័ររាប់ពាន់ ដែលមានជាប់ពាក់ព័ន្ធពីការផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលនិយម។
រដ្ឋមន្ត្រីព័ត៌មានឥណ្ឌូណេស៊ី លោក Rudi Antara នៅថ្ងៃ២១ ខែឧសភា បញ្ជាក់ថាគេហទំព័រជិត ៣០០០ ត្រូវបានបិទ និងជាង ៩៥០០ ផ្សេងទៀតស្ថិតក្រោមការពិនិត្យ ដោយសារពាក់ព័ន្ធចលនាសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយម។ វាក៏ជាផ្នែកមួយជំរុញចលនារភេរវកម្មដែលគំរាមកំហែងសន្តិសុខរបស់ឥណ្ឌូណេស៊ីផង។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Xinhua ។
លោករដ្ឋមន្ត្រី Rudi Antara បានបង្ហើបឲ្យដឹងផងដែរថា ក្រៅពីគេហទំព័រដែលមានផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមផ្តាច់ខ្លួនជាច្រើននោះ វាក៏មានការរីកដុះដាលគួរបារម្ភនៅតាមបណ្តាញសង្គម រួមមានទាំង Facebook, Instagram និង YouTube ជាដើមដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីគឺត្រូវបានរឹតបន្តឹងខ្លាំង ក្រោយ ក្រុមភេរវករដែលអាចជាបណ្តាញក្រុមភេរវជនរដ្ឋឥស្លាមដែលបានបែកខ្ញែកពីអ៊ីរ៉ាក់ និងស៊ីរី រៀបចំបំផ្ទុះគ្រាប់បែកអត្តឃាត ជាបន្តបន្ទាប់គ្នា ដែលឆក់យកជីវិតមនុស្សច្រើននាក់ផងនោះ។
ជុំវិញចំណាត់ការប្រឆាំងអំពើភេរវកម្មនេះដែរ ថ្មីៗនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានទទូចឲ្យសភាឥណ្ឌូណេស៊ីពន្លឿនការពិនិត្យ និងកែប្រែច្បាប់ស្តីពីការប្រឆាំងអំពើភេរវកម្មដើម្បីផ្តល់សិទ្ធិអំណាចដល់កងកម្លាំងប្រដាប់ក្នុងការចាត់វិធានការទប់ស្កាត់រាល់ចលនាដែលគេសង្ស័យថាជាអំពើភេរវកម្មផង។ កន្លងមកកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី មិនអាចធ្វើសកម្មភាពប្រឆាំងជនសង្ស័យបានឡើយ ប្រសិនបទល្មើសភេរវកម្មនោះមិនទាន់បានកើតឡើង៕
Tag:
ឥណ្ឌូណេស៊ី
អាស៊ាន
ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com