សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាល​ថៃ នឹង​បញ្ចេញ​ប្រាក់ឧបត្ថម្ភ​ធន កុំ​ឲ្យ​ប្រេងម៉ាស៊ូត​ឡើងថ្លៃ​ពេក​
23, May 2018 , 5:27 pm        
រូបភាព
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ
ដោយ:
រដ្ឋាភិបាល​ថៃ​នឹងគ្រប់គ្រង​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុងប្រទេស​របស់ខ្លួន មិន​ឲ្យ​លើសពី ៣០​បាតក្នុង១លីត្រ​នោះឡើយ តាមរយៈ​ការបញ្ចេញ​ប្រាក់​ឧបត្ថម្ភ​ធន​របស់​រដ្ឋ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​២៣​ខែឧសភា​។​



​ក្រសួង​ថាមពល​ថៃ បានប្រកាស​នៅ​ថ្ងៃទី​២២​ខែឧសភា​ថា តម្លៃ​ប្រេងឥន្ធនៈ​ពិភពលោក​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយនេះ​។ ហើយ​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​កើន​ឡើងដល់ ៩៣,២៤​ដុល្លារ​ក្នុង​១​បារ៉ែល ពី​តម្លៃ​ចាស់​ត្រឹមតែ ១៧​ដុល្លារ​។​

​ប្រេងម៉ាស៊ូត​ក្នុងប្រទេស​ថៃ បាន​រង​ឥទ្ធិពល​ពី​ទីផ្សារ​អន្តរជាតិ ដោយ​តម្លៃ​ប្រេង​បាន​ហក់​ឡើង ៣,៨២​ បាត​ក្នុង​១​លីត្រ​ក្នុង​១​ថ្ងៃ​។ ហើយ​នៅ​ថ្ងៃ​អង្គារ ប្រេងម៉ាស៊ូត​បាន​ឡើងថ្លៃ​ដល់ ២៩,៧៩​បាត​ក្នុង​១​លីត្រ​។​

​នៅ​ប្រទេស​ថៃ ប្រេងម៉ាស៊ូត គឺជា​ថាមពល​ចម្បង សម្រាប់​វិស័យ​ដឹកជញ្ជូន និង​ឧស្សាហកម្ម​។ តម្លៃ​ប្រេង​កើនឡើង នឹង​ប៉ះពាល់​ដល់​តម្លៃ​ផលិតកម្ម និង​សេវាកម្ម​។​
​ដើម្បី​ទប់ទល់​នឹង​ការ​ឡើងថ្លៃ​ប្រេងម៉ាស៊ូត​យ៉ាងគំហុក​នេះ ក្រសួង​ថាមពល​ថៃ នឹង​ប្រើប្រាស់​មូលនិធិ​ប្រេងឥន្ធនៈ​របស់​រដ្ឋ ដើម្បី​កំណត់​ពិ​ដាន​តម្លៃ​ប្រេងម៉ាស៊ូត មិន​ឲ្យ​លើសពី ៣០​បាត​ក្នុង​១​លីត្រ​។

​កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា ការដាក់​ពិ​ដាន​នេះ នឹងត្រូវ​ធ្វើឡើង​រហូត​ដល់​មានការ​អនុវត្ត​ថាមពល B20 ។ B20 ជា​ថាមពល​ជម្រើស​ថ្មី​មួយទៀត ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លាយ​បញ្ចូល​គ្នា​រវាង​ប្រេងម៉ាស៊ូត និង​ប្រេង​ជីវៈ​ម៉ា​ស៊ូ​ត ដែល​ផលិត​ចេញពី​កសិផល​។ ហើយ​តម្លៃ​របស់ B20 នេះ​ថោក​ជាង ៣​បាត ធៀប​នឹង​តម្លៃ​ប្រេងម៉ាស៊ូត​សព្វថ្ងៃ​។ ថាមពល​ថ្មី​នេះ ត្រូវបាន​រំពឹងថា​នឹង​ចេញលក់​លើ​ទីផ្សារ​នៅ​ដើមខែ​កក្កដា ខាងមុខនេះ​។​

​ក្នុង​គោលដៅ​បន្ថយឥទ្ធិពល​នៃ​ការ​ឡើងថ្លៃ​ប្រេងម៉ាស៊ូត មូលនិធិ​របស់​រដ្ឋ នឹង​ឧបត្ថម្ភ​ធន ៥០​ភាគរយ​នៃ​តម្លៃ​ដែល​កើនឡើង​។ ឧទាហរណ៍​ថា ថ្លៃ​ប្រេង​ឡើងថ្លៃ ២​បាត មូលនិធិ​នេះ​នឹង​ចេញថ្លៃ​ជំនួស ១​បាត ដូចនេះ​ថ្លៃ​ប្រេង​ត្រូវ​ដំឡើង​តែ​១​បាត​នោះទេ​សម្រាប់​អ្នកប្រើប្រាស់​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ថាមពល​ថៃ រដ្ឋាភិបាល​បាន​បម្រុង​ប្រាក់ ៣០​ពាន់​លាន​បាត (​ប្រហែល​ជាង ៩៣០​លាន​ដុល្លារ​) សម្រាប់​ការឧបត្ថម្ភ​ធន​ខាងលើ​។ ហើយ​បើសិនណា​តម្លៃ​ប្រេងម៉ាស៊ូត​ហក់​ឡើង​ខ្លាំងពេក រហូតដល់ ១០៥​ដុល្លារ​ក្នុង​១​ប៉ា​រ៉ែ​ល ប្រាក់​បម្រុង​នេះ​អាច​ឧបត្ថម្ភ​ធន​ក្នុង​រយៈពេល ១០​ខែ​។​

​ក្រសួង​ថាមពល នឹង​លើកយក​ផែនការ​ឧបត្ថម្ភ​ធន​នេះ​មក​ពិភាក្សា និង​ស្នើសុំ​អនុវត្ត​ក្នុង​សប្ដាហ៍​នេះ ពី​គណៈកម្មាធិការ​គ្រប់គ្រង​គោលនយោបាយ​ថាមពល​ថៃ​។​

​តាមពិត ថៃ​បានដាក់​ពិ​ដាន​តម្លៃ​ប្រេងម៉ាស៊ូត តាំងពី​ឆ្នាំ​២០១១ មក​ម្លេះ ប៉ុន្តែ​គោលនយោបាយ​នេះ​ត្រូវ​រំលាយ​ទៅវិញ​ក្នុង​ឆ្នាំ​២០១៤ នៅពេល​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ឡើងកាន់តំណែង​៕



Tag:
 ប្រេង​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com