កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបបាល់ទាត់ចំនួន៣៥នៅអ៊ុយក្រែន មានចំណូល៥លានដុល្លារពីការភ្នាល់នៅអាស៊ី
× ក្លិបកីឡាបាល់ទាត់នៅអ៊ុយក្រែនចំនួន ៣៥ ក្នុងនោះមាន៥ក្រុមមកពីក្របខណ្ឌលីគកំពូល កំពុងរងការចោទប្រកាន់ពីបទកំណត់លទ្ធផលការប្រកួតទុកជាមុន។
ក្នុងចំណោមក្លិបធំៗទាំង៥ នោះ Shakhtar Donetsk ម្ចាស់ជើងឯក Ukraine - Premier League ប្រចាំរដូវកាល២០១៧-២០១៨ និងម្ចាស់ជើងឯក១៥សម័យ Dynamo Kiev មិនស្ថិតក្នុងការចោទប្រកាន់ឡើយ។
BBC បានចេញផ្សាយថា ក្រុមមន្ត្រីបានចុះស៊ើបអង្កេតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ហើយបានរកឃើញថាមានក្រុមឧក្រិដ្ឋមួយចំនួនបានចូលរួមក្នុងការកំណត់លទ្ធផលការប្រកួត។ ក្នុងនោះអាជ្ញាធរបានរកឃើញក្រុមឧក្រិដ្ឋជន៥ក្រុម ដែលមានជាប់ពាក់ព័ន្ធ៥៧ករណីនៃការកំណត់ការប្រកួត និងជាប់ពាក់ព័ន្ធនឹងមនុស្សជាង៣០០នាក់។
មេប៉ូលីសអ៊ុយក្រែនលោក Serhiy Knyazev បាននិយាយថាខ្លួនបានប្រមូល និងចងក្រងឯកសារភស្តុតាងអស់រយៈពេលជាងមួយឆ្នាំមកហើយជុំវិញករណីនេះ។ ហើយអ្នកពាក់ព័ន្ធទាំងនោះរួមមានប្រធានក្លិប អតីតកីឡាករ និងកីឡាករបច្ចុប្បន្ន អាជ្ញាកណ្តាល គ្រូបង្វឹក និងក្រុមពាណិជ្ជកម្ម។
បើតាមលោក Arsen Avakov រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនដែលបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា ការកំណត់លទ្ធផលប្រកួតនៅអ៊ុយក្រែនអាចរកប្រាក់ចំណូលបានរហូតដល់ ៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការភ្នាល់នៅតំបន់អាស៊ី៕
Tag:
បាល់ទាត់
កំណត់លទ្ធផលទុកមុន
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com