អន្តរជាតិ
ប្រតិកម្ម​ប្រឆាំង​តិចតួច​ធ្វើ​ឲ្យ​ចិន​កាន់តែ​មានឱកាស​បង្កើន​អំណាច​យោធា​នៅ​សមុទ្រ​មាន​ជម្លោះ
24, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ដោយមាន​ការតវ៉ា​ប្រឆាំង​តិចតួច​ចំពោះ​ការ​តម្លើង​កាំ​ជ្រួញ​ម៉ី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ប្រជុំ​កោះ Spratly ដែល​ការណ៍​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ចិន​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ពង្រឹង​ទីតាំង​យោធា​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​មាន​ជម្លោះ​។ នេះ​បើ​យោងតាម​អ្នកវិភាគ​។​



​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​៨​ខែឧសភា​កន្លងទៅ បានទាមទារ​ឲ្យ​ប្រទេស​ចិន​ដក​កាំ​ជ្រួញ​ម៉ី​ស៊ី​ល​ចេញពី​ទីតាំង​នេះ ប៉ុន្តែ​មិនបាន​ចាត់​វិធានការណ៍​ខ្លាំងក្លា​បន្តទៀត​ទេ​។ ប្រទេស​ហ្វីលីពីន​មាន​យន្តការ​ដើម្បី​ពិភាក្សា​អំពី​ការបង្កើត​ទីតាំង​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ប៉ុន្តែ​មិនបាន​មើលឃើញថា​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាការ​គំរាម​

​កំហែង​នោះទេ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល បានប្រកាស​កាលពី​សប្តាហ៍​មុន​។ ប្រទេស​ទាំងពីរ រួមជាមួយ​ប្រទេស​ព្រុយ​ណេ ម៉ា​ឡា​ស៊ី និង​កោះ​តៃវ៉ាន់ បានទាមទារ​កាន់កាប់​ដែនទឹក​ជាទី​តាំង​ដែល​ប្រទេស​ចិន​បានដាក់​ពង្រាយ​កាំ​ជ្រួញ​ម៉ី​ស៊ី​ល​សម្រាប់​បាញ់​នាវា និង​សម្រាប់​យន្តហោះ​កាលពី​ខែមេសា​។​

​ពួក​អ្នកវិភាគ​បាន​និយាយថា​ប្រតិកម្ម​តវ៉ា​ប្រឆាំង​តិចតួច​នេះ​បាន​ផ្តល់ឱកាស​ឲ្យ​ប្រទេស​ចិន​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​តម្លើង​កាំជ្រួច​ម៉ី​ស៊ី​ល​របស់ខ្លួន​នៅលើ​កោះ​តូចៗ​ទាំងបី​នៃ​ប្រជុំ​កោះ Spratly ជាទី​តាំង​ដែល​ចិន​បាន​សាងសង់​ទីតាំង​យោធា​កាលពី​ជាង​ពីរ​ឆ្នាំ​កន្លងទៅ និង​បាន​បំពាក់​ប្រព័ន្ធ​សព្វាវុធ​បន្ថែមទៀត​។ កាលពី​សប្តាហ៍​មុន​ប្រទេស​ចិន​បានប្រកាសថា ខ្លួន​កំពុងធ្វើការ​សាកល្បង​គ្រាប់​ផ្ទុះ​របស់ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានទាមទារ​កាន់កាប់​៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជាន់គ្នា​ទៅនឹង​ដែនទឹក​ដែល​ប្រទេស​៥​ទៀត​បាន​អះអាងថា​ជា​កម្ម​សិទ្ធ​របស់​ពួកគេ​។ ចិន​បានធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ដែល​ទាមទារ​កាប់​កាន់​ដែនសមុទ្រ​មានការ​រកាំចិត្ត​

​ចាប់តាំងពី​ឆ្នាំ​២០១០​មក តាមរយៈ​ការចាក់​បំពេញ​ដី​នៅតាម​កោះ​តូចៗ និង​ការ​តម្លើង​សម្ភារៈ​យោធា​នៅលើ​កោះ​ទាំងនោះ​។ ផ្ទៃសមុទ្រ​ដែល​លាតសន្ធឹង​ពី​កោះ​តៃវ៉ាន់​រហូតដល់​ប្រទេស​សិង្ហ​បុរី​គឺជា​ជង្រុក​ត្រី ជា​ផ្លូវ​នាវាចរណ៍ និង​ជាទី​តាំង​សម្បូរ​ដោយ​ប្រេង និង​ឧស្ម័ន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com