ជាតិ
រាល់ឆ្នាំ កម្ពុជាខាតប្រាក់២០០លានដុល្លារ សម្រាប់ដោះស្រាយគ្រោះថ្នាក់ពីការជក់បារី
× ភ្នំពេញ៖ជារៀងរាល់ឆ្នាំ កម្ពុជា ចំណាយថវិកាប្រមាណ២០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីការជក់បារី។ នេះបើតតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ បានស្រង់សម្តីរបស់លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បានបញ្ជាក់ថា បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង១.៦លាននាក់ ដែលជក់បារី ខណៈកម្ពុជាបានដាក់សារព្រមានពីការកើតជំងឺបេះដូង មហារីកខួរក្បាល និងរោគស្បែក ដោយសារការជក់បារីលើកញ្ចប់ផងដែរ។
ការថ្លែងរបស់លោកស្រី ឈា ឆដាភា ធ្វើឡើងក្នុងពិធីប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងជំងឺបេះដូង» នៅក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយសហការជាមួយអង្គការសុខភាពពិភពលោក។
លោក អ៊ឹង ភិរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីនោះថា ថ្នាំជក់ អាចនាំឲ្យមានជំងឺមហារីក ហើយបានសម្លាប់មនុស្សលើពិភពលោកអស់ប្រមាណ៧.២លាននាក់ ក្នុងមួយឆ្នាំ។ នេះបើតាមអគ្គស្នងការនគរបាលជាតិដដែល ដោយបន្តចុះផ្សាយពីការលើកឡើងរបស់លោក អ៊ឹង ភិរុន ថា បញ្ហាថ្នាំជក់ កើតមានក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយវាប៉ះពាល់សេដ្ឋកិច្ច និងបន្ថែមភាពក្រីក្រ រួមទាំងនាំឲ្យមានគ្រោះថ្នាក់ដល់បរិស្ថានទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com