អន្តរជាតិ
ជំនួប​ត្រាំ​-​គីម​៖ កូរ៉េខាងជើង​ថា មាន​ឬ​អត់អាស្រ័យ​លើ​អាមេរិក ឯ​ត្រាំ ថា​នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ
24, May 2018 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បែរជា​ស្ថិតក្នុង​ស្ថានភាព​ស្រពេចស្រពិល ទោះជា​បានកំណត់​ទីតាំង និង​កាលបរិច្ឆេទ​រួចហើយនោះ​។ លោក ត្រាំ និយាយថា ជំនួប​ជាមួយ​លោក គីម អាច​រៀបចំ​ទៅមុខ​ឬ​អត់ នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ ខណៈ​មន្ត្រីការទូត​កូរ៉េខាងជើង​និយាយថា ធ្វើ​ឬ​អត់ អាស្រ័យ​លើ​អាមេរិក​ទាំងស្រុង​។ ប៉ុន្តែ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​នឹង​ជួបគ្នា​នៅ​សិង្ហ​បុរី​ដើម្បី​ជជែក​ពី​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។​



​ការប្រែប្រួល​អាកប្បកិរិយា​របស់​កូរ៉េខាងជើង​ភ្លាមៗ បានធ្វើ​ឲ្យ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ប្រែ​ទៅជា​មិន​ច្បាស់លាស់​។ កូរ៉េខាងជើង ដែល​មិន​ពេញចិត្ត​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង បាន​គំរាម​លុបចោល​ជំនួប​រវាង​លោក គីម ជុង​អ៊ុន និង​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ ចំណែកឯ​អាមេរិក​វិញ សូម្បី​លោក ត្រាំ ក៏​បញ្ជាក់​ពី​ភាពស្រពេចស្រពិល​នៃ​ជំនួប​នេះដែរ​។​

​នៅ​ថ្ងៃទី​២៤ ខែឧសភា មន្ត្រីការទូត​កូរ៉េខាងជើង​ជាថ្មី​ម្ដងទៀត​បាន​គំរាម​លុបចោល​ជំនួប​មេដឹកនាំ​នៅ​សិង្ហ​បុរី ក្នុងករណី​អាមេរិក​បន្ត​អាកប្បកិរិយា​មិន​សមស្រប និង​ហួសហេតុ​ទៀត​នោះ​។ លោកស្រី Choe Son-hui អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​គំរាមថា ការចរចា​នុយក្លេអ៊ែរ​អាច​ដំណើរការបាន​ឬ​អត់ គឺ​អា​ស្រ័​ទាំងស្រុង​លើ​ការសម្រេចចិត្ត និង​ឥរិយាបថ​របស់​អាមេរិក​។ បើ​អាមេរិក​មើលងាយ​ឆន្ទៈ​កូរ៉េខាងជើង​ទៀត លោកស្រី​នឹង​ផ្ដល់យោបល់​ឲ្យ​លោក គីម ពិចារណា​ជំនួប​នៅ​ខែក្រោយ​ឡើងវិញ​មិន​ខាន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​ដដែល​ក៏បាន​រំឭក​អាមេរិក​ថា ខ្លួន​មិនមែនជា​អ្នក​សុំ​ចរចា​មុន​ឡើយ តែ​អាមេរិក​ទៅវិញ​ទេ​ដែលជា​អ្នកស្នើ​ការចរចា​នេះ​។ លោកស្រី Choe សង្កត់ធ្ងន់ថា អាមេរិក​កំពុង​បំភាន់​មតិ​ទូទៅ​ប្រៀប​ដូច​កូរ៉េខាងជើង​ជា​អ្នក​អញ្ជើញ​អាមេរិក​ឲ្យ​ចូល​តុ​ចរចា​អ៊ីចឹង ប៉ុន្តែ​ជាការ​ពិត កូរ៉េខាងជើង​នឹងមិន​អង្វរ​អាមេរិក​ឲ្យ​ចរចា ឬ​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​ចរចា​ដែរ​។​

១. ជំនួប​នៅ​សិង្ហ​បុរី​ធ្វើតាម​គម្រោង​? ត្រាំ ថា នឹង​ដឹង​នៅ​សប្ដាហ៍​ក្រោយ​

​ខណៈ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​បានកំណត់​កាលបរិច្ឆេទ និង​ទីកន្លែង​ស្រេច​ហើយ​នោះ គេ​នៅតែ​មិនទាន់​ច្បាស់​១០០​ភាគរយ​ថា វា​អាច​នឹង​កើតឡើង​តាម​ផែនការ​ដែរ​។ លោក​ប្រធានាធិបតី ត្រាំ នៅ​ថ្ងៃទី​២៣ ខែឧសភា និយាយថា លោក​នឹង​ដឹង​នៅ​សប្ដាហ៍​នេះ​ពី​ភាពច្បាស់លាស់​នៃ​ជំនួប​ជាមួយ​លោក គីម នៅ​សិង្ហ​បុរី​។ មន្ត្រី​អាមេរិក នឹងធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​នៅក្នុង​សប្ដាហ៍​នេះ​ដើម្បី​ជជែក​ជាមួយ​ភាគី​កូរ៉េខាងជើង​លើ​ការរៀបចំ​ការចរចា​ប្រវត្តិសាស្ត្រ​នេះ​។​

​នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បាន​ព្រមាន​ដែរ​ថា អាមេរិក​នឹង​ដើរ​ចេញពី​កិច្ចចរចា​នេះ​ដូចគ្នា បើ​ជំនួប​ចរចា​ខែក្រោយ​ដើរ​ខុស​គោលដៅ​។ ផ្ទុយ​ពី​ការលើកឡើង​របស់​មន្ត្រី​ការទូត​កូរ៉េខាងជើង លោក Pompeo ដែល​សង្ឃឹមថា ជំនួប​នៅ​សិង្ហ​បុរី​អាច​កើតឡើង​តាម​គម្រោង​បាន​បោះ​បាល់​ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ ដោយ​អះអាងថា ដំណើរការ​ជំនួប​អាច​ទៅមុខ​ឬ​យ៉ាងណា​អាស្រ័យ​លើ​លោក គីម ទាំងស្រុង​។ 

២. UN អនុញ្ញាត​ឲ្យ​មន្ត្រី​កូរ៉េខាងជើង​ទៅ​សិង្ហ​បុរី ដើម្បី​ជជែក​ពី​ជំនួប​ខែក្រោយ​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​អាមេរិក និង​មន្ត្រី​កូរ៉េខាងជើង នឹង​ជួបគ្នា​នៅ​សិង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​លោក ត្រាំ និង​លោក គីម ។ មន្ត្រី​ប្រទេស​ទាំងពីរ​នឹង​ជជែក​ពី​របៀបវារៈ និង​បញ្ហា​ភស្តុភារ​ដូចជា​សន្តិសុខ និង​ការដឹកជញ្ជូន​ជាដើម​។ អនុប្រធាន​បុគ្គលិក​សេត​វិមាន Joseph Hagin និង​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​អាមេរិក​មួយរូប នឹង​ដឹកនាំ​ប្រតិភូ​អាមេរិក​មួយក្រុម​ធ្វើដំណើរ​ទៅកាន់​សិង្ហ​បុរី​នៅ​សប្ដាហ៍​នេះ​។​

​កាលពី​ថ្ងៃទី​២៣ ខែឧសភា គណៈកម្មាធិការ​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បានសម្រេច​លើកលែង​ការ​រឹតត្បិត​ការធ្វើដំណើរ​របស់​មន្ត្រី​កូរ៉េខាងជើង​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​សិង្ហ​បុរី​ជួប​មន្ត្រី​អាមេរិក​។ ការលើកលែង​នេះ​ធ្វើតាម​សំណើ​របស់​សិង្ហ​បុរី​ដែលជា​អ្នករៀបចំ​កិច្ចប្រជុំ​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​ពី​សមាសភាព​មន្ត្រី​កូរ៉េខាងជើង​ដែល​ត្រូវធ្វើ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​ឡើយ​៕ 


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  សិង្ហ​បុរី​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com