កីឡាអន្តរជាតិ
អន្តរជាតិ
Iniesta ចូលរួម​ជាមួយ Podolski និង Theerathon នៅ​ក្លិប​ជប៉ុន Vissel Kobe
24, May 2018 , 4:26 pm        
រូបភាព
Andres Iniesta បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Vissel Kobe នៃ​លី​គ​កំពូល​ជប៉ុន J-League បន្ទាប់ពី​បញ្ចប់​អាជីព​ជាមួយ​ក្រុម Barcelona ក្រោយ​បញ្ចប់​រដូវ​កាល​កន្លងទៅ​។



​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៤​ឆ្នាំ បាន​ចាក​ចេញពី​ក្លិប​យក្ស​អេស្បាញ​ក្រោយ​រួមរស់​ជិត​២២​ឆ្នាំ​។ Iniesta បាន​លើក​ពាន LaLiga ជា​លើក​ទី​៩​របស់ខ្លួន​ជាមួយ Barca រួមទាំង​ពាន Champions League ៤​លើក និង​ពាន​ធំៗ​ជាច្រើន​ទៀត​។​



Iniesta ក៏​ជា​សមាជិក​មួយរូប​ដែល​បាន​ជួយ​អេ​ស្ប៉ា​ញ​ឈ្នះ​ពានរង្វាន់ World Cup ឆ្នាំ​២០១០ ហើយក៏​បន្ត​ជាប់​ក្នុង​សមាសភាព​២៣​នាក់​ទៅកាន់​រុស្ស៊ី​ខែក្រោយ​នេះដែរ​។​

​ចំណែក​ក្រុម​ថ្មី​របស់ Iniesta ដែល​ត្រូវ​ទៅ​ចូល​រួមមាន​មូលដ្ឋាន​នៅ​អាស៊ី​ក្នុង​លី​គ​កំពូល​ជប៉ុន​។ Vissel Kobe ដែលមាន​លោក Takayuki Yoshida ជា​អ្នកដឹកនាំ កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុង​លី​គ​បន្ទាប់ពី​ប្រកួត​១៥​លើក​ក្នុង​រដូវ​កាល​នេះ​។ នៅ​ទីនោះ Iniesta ក្លាយជា​មិត្ត​រួម​ក្រុម​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Arsenal និង​ជម្រើសជាតិ​អាល្លឺម៉ង់ Lukas Podolski រួមទាំង​កីឡាករ​ឆ្នើម​ថៃ Theerathon Bunmathan ផងដែរ​។​



​លោក Hiroshi Mikitani ប្រធាន​ក្លិប Vissel Kobe បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖«​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការប្រកាស​ពី​ការចុះហត្ថលេខា​នាំយក Andres Iniesta មកកាន់​ក្រុម​របស់​យើង​ក្រោយ​រូបគេ​ចាក​ចេញពី Barca​។ Iniesta ជា​កីឡាករ​លំដាប់​កំពូល​ម្នាក់​។ ជារឿយៗ​ពួកយើង​តែងតែ​រំលឹក​ឡើងវិញ​នូវ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់ Iniesta ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​ដែល​នាំ​ឲ្យ​អេ​ស្ប៉ា​ញ​ក្លាយជា​ជើងឯក​នាពេលនោះ​»៕


Tag:
 បាល់ទាត់​
  Andres Iniesta
  Vissel Kobe
  J-League
© រក្សាសិទ្ធិដោយ thmeythmey.com