អន្តរជាតិ
អាល្លឺម៉ង់ និង​ចិន​ប្តេជ្ញា​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​គ្មាន​វត្តមាន​អាមេរិក​
24, May 2018 , 10:19 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីចិន (រូបភាព AFP)
អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីចិន (រូបភាព AFP)
​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល និង​សម​ភាគី​ចិន​លោក លី ខឹ​ឈាំ​ង បានបង្ហាញ​ជំហរ​ឥត​ងាករេ​ក្នុង​ការបន្ត​គាំទ្រ និង​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅក្នុង​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែឧសភា​នេះ​។ ការបង្ហាញ​ជំហរ​រួមគ្នា​នេះ​កើតឡើង​ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​។



​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​សប្តាហ៍​នេះ លោកស្រី​អធិការបតី​អាល្លឺម៉ង់ មឺ​ហ្កែ​ល ព្យាយាម​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​ចិន ហើយ​មិន​ត្រឹមតែ​លោកស្រី​ក៏​ប្រឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងទៀត​លើ​ពិភពលោក​ផងដែរ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី មឺ​ហ្កែ​ល បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែឧសភា នៅ​វិមាន​ប្រជាជន​ចិន ហើយ​អ្នក​ទាំងពីរ​បានបង្ហាញ​ជំហរ​ដូចគ្នា​ក្នុង​ការបន្ត​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ (JCPOA)​។  ក្រៅពី​មាន​ជំហរ​រួម​លើ​ការការពារ​កិច្ចព្រមព្រៀង​នេះ មេដឹកនាំ​ទាំងពីរ​ក៏​ឯកភាពគ្នា​លើ​ការគាំទ្រ​ពាណិជ្ជកម្ម​សេរី​ផងដែរ​។​

​លោក លី បាន​ព្រមាន​ថា ការបញ្ចប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​មិនមែន​ត្រឹមតែ​ប៉ះពាល់​ដល់​អ៊ីរ៉ង់​ឡើយ តែ​វា​ក៏មាន​ផល​អវិជ្ជមាន​ចំពោះ​ការ​ឈានទៅ​ដោះស្រាយ​បញ្ហា​ផ្សេងទៀត​តាមរយៈ​ការចរចា​ដែរ​។ ថ្វីបើ​លោក​មិន​សំដៅលើ​បញ្ហា​កូរ៉េខាងជើង​ចំៗ​ក៏ដោយ គេ​អាច​យល់បាន​ថា មេដឹកនាំ​ចិន​នេះ​ជឿជាក់ថា ការដកខ្លួន​របស់​អា​មេ​រិ​ក​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​តម្លៃ ហើយ​ការចរចា​ជាមួយ​កូរ៉េខាងជើង​កាន់តែ​ស្មុគស្មាញ​។

​លោកស្រី មឺ​ហ្កែ​ល ឯណោះ​វិញ​ក៏​ព្រមាន​ដូចគ្នា​ពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ក្រោយ​ពេលដែល​លោក ត្រាំ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​។ នេះ​ក៏​ដោយសារ​អាមេរិក​ក៏​សម្រេច​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​ដែរ ថ្វីបើ​សម្ព័ន្ធមិត្ត​នៅះ​អឺរ៉ុប​នៅ​បង្ហាញ​ការប្តេជ្ញាចិត្ត​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ឆ្នាំ ២០១៥ នេះ​ក៏ដោយ​។ ក្រុមហ៊ុន​អឺរ៉ុប​អាច​នឹងរង​ផលប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​អាមេរិក​ព្រោះ​ពួកគេ​បាន​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ចាប់ពី​ឆ្នាំ ២០១៥​មក​នោះ​។​

​លោកស្រី មឺ​ហ្កែ​ល​បាន​បញ្ជក់​ដូច្នេះ​៖ «​ប្រសិន​ក្រុមហ៊ុន​អឺរ៉ុប​ដកខ្លួន ឬ​បន្ថយ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ព្រោះ​ភ័យខ្លាច​ទណ្ឌកម្ម​អាមេរិក វា​នឹង​ក្លាយជា​ឱកាស​ពិសេស​សម្រាប់​អ្នកជំនួញ​ប្រទេស​ផ្សេងទៀត​ចូលទៅ​ទាញ​ប្រយោជន៍​ដោយ​ដាក់ទុន​វិនិយោគ​នៅ​អ៊ីរ៉ង់​វិញ​ម្តង​»​។​

​ការលើកឡើង​ពី​ជំហរ​រួមគ្នា​រវាង​ចិន និង​អាល្លឺម៉ង់​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដោយ​អះអាងថា កិច្ចព្រមព្រៀង​នេះ​អាក្រក់ ហើយ​លោក​ចង់បាន​ការចរចា​កិច្ចព្រមព្រៀង​ថ្មី​។ ដល់​សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានដាក់​លក្ខខណ្ឌ ១២ ចំណុច​ឲ្យ​អ៊ីរ៉ង់​ធ្វើតាម​ថែម​ទៀតផង បើ​មាន​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មែន​នោះ​។ ប៉ុន្តែ​អ៊ីរ៉ង់​មិនដែល​ចាប់អារម្មណ៍​ឡើយ​។

​ដោយឡែក ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មេដឹកនាំ​ទាំងពីរ​ក៏​ផ្តោត​សំខាន់​លើ​បញ្ហា​ពាណិជ្ជកម្ម​ដែរ​។  លោកស្រី មឺ​ហ្កែ​ល​បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ចិន​ក្នុងការ​បន្ថយពន្ធ​នាំចូល​រថយន្ត និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​អាច​ចូល​ដាក់ទុន​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន​បាន​ផងដែរ​៕



Tag:
 អាមេរិក​
  កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com