ជាតិ
សេដ្ឋកិច្ច
GMAC នាំ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ តាម​របត់​ពិភពលោក
24, May 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា  (GMAC) នឹង​ជំរុញ​បណ្ដា​រោងចក្រ​កាត់ដេរ​ដែលជា​សមាជិក​របស់ខ្លួន ឲ្យ​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា ដើម្បី​ជួយ​ដល់​បរិស្ថាន និង​កាត់បន្ថយ​ការចំណាយ ខណៈដែល​ប្រទេស​អភិវឌ្ឍ​បាន​ងាក​មកប្រើប្រាស់​ថាមពល​នេះ​។​



GMAC មានការ​ប្ដេជ្ញាចិត្ត​បែបនេះ បន្ទាប់ពី​សមាគម​មួយ​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​សូ​ឡា Cleantech Solar ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​២៤​ខែឧសភា​។ កិច្ចសហការ​រវាង GMAC និង​ក្រុមហ៊ុន Cleantech តាមរយៈ​កិច្ចព្រមព្រៀង​នេះ​មាន​រយៈពេល​រហូតដល់ ១០​ឆ្នាំ​។

​មុននឹង​ណែនាំ​សម្រាប់​រោងចក្រ​សមាជិក​របស់ខ្លួន GMAC នឹង​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា នៅលើ​ដំបូល​ការិយាល័យ​របស់ខ្លួន​ជាមុនសិន ដែល​បន្ទះ​សូ​ឡា​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Cleantech ។

​ប្រធាន GMAC លោក វ៉ាន់ ស៊ូ​អៀង មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ត្រូវការ​សាកល្បង​ប្រព័ន្ធ​សូ​ឡា​របស់​ក្រុមហ៊ុន​ជាមុនសិន ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​ចំពោះ​ការ​សន្សំសំចៃ និង​ការបញ្ចេញ​ថាមពល​ស្អាត ហើយ​បន្ទាប់មក​យើង​នឹង​ណែនាំ​ដល់​សមាជិក​ឲ្យ​ប្រើប្រាស់​វា​»​។​

​ការ​បើ​ប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ម្ចាស់​រោងចក្រ​យ៉ាងតិច ៣០​ភាគរយ​។ លោក វ៉ាន់ ស៊ូ​អៀង ពន្យល់​ដូច្នេះ​ថា​៖«​រោងចក្រ​មួយ​ចំណាយ​លើ​ថាមពល​ប្រមាណ ៥​ម៉ឺន ទៅ​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ហើយ​បើ​គេ​ប្រើ​សូ​ឡា គេ​សន្សំ​បាន​យ៉ាងតិច ៣០​ភាគរយ​។ លោក​បន្តថា​៖«​នេះ​គ្រាន់តែ​រោងចក្រ​មួយ ហើយ​ចុះ​រោងចក្រ ១០០០ នឹង​សន្សំ​បាន​ប៉ុន្មាន មិនតិច​ទេ​»​។​



​លោក ស៊ូ​អៀង ឲ្យ​ដឹងថា ការផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​អត់​គ្រប់គ្រាន់​ហើយ​ថ្លៃ​ទៀត តែ​លោក​អះអាងថា​ប្រទេស​ផ្សេងទៀត​ក៏​ជួប​ស្ថានភាព​នេះដែរ​។ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រើប្រាស់​ថាមពល​ពី​អគ្គិសនី​រដ្ឋ និង​ម៉ាស៊ីនភ្លើង ហើយ​មានប្រើ​ប្រព័ន្ធ​សូ​ឡា​តិចតួច​ប៉ុណ្ណោះ​។​

​លោក វ៉ាន់ ស៊ូ​អៀង បញ្ជាក់ថា ការចាប់ផ្ដើម​ជំរុញ​ការប្រើប្រាស់​ថាមពល​ព្រះ​ពន្លឺ​អាទិត្យ​សម្រាប់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នៅពេលនេះ ធ្វើឡើង​ក្នុង​គោលដៅ​ចម្បង​គឺ​ជួយ​ដល់​បរិស្ថាន​។ លោក​បន្ថែមថា ប្រទេស​ឧស្សាហកម្ម​ធំៗ​នៅលើ​សកលលោក កំពុង​ព្រួយបារម្ភ​ពី​ការបញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​បរិយាកាស ហើយ​បាន​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​វិញ​។​

«​កម្ពុជា​ជា​ប្រទេស​មិនទាន់មាន​ការអភិវឌ្ឍ​ឧស្សាហកម្ម​ខ្លាំង​នៅឡើយ ដែល​ខ្យល់​ឱកាស​នៅទីនេះ​នៅមាន​ភាព​ស្អាត​ល្អ ដូចនេះ​ជាការ​ល្អ​ដែល​យើង​គួរ​ចាប់ផ្ដើម​ពី​ពេលនេះ ដើម្បី​រក្សា​និរន្តរភាព​បរិស្ថាន​ឲ្យ​នៅ​ល្អ​»​។ លោក វ៉ាន់ ស៊ូ​អៀង ថ្លែង​បែបនេះ​។​

​ការប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា​នៅមាន​បរិមាណ​តិចតួច​នៅឡើយ​។ តែ​យ៉ាងណា​គម្រោង​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​បាន​កំពុង​លិច​រូបរាង​ជា​បណ្ដើរៗ​។ មួយ​ក្នុងចំណោម​នោះ គឺ​គម្រោង​ដំឡើង​ប្រព័ន្ធ​សូ​ឡា​ទំហំ ១០​មេ​ហ្គា​វ៉ា​ត់ នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​។ ក្រៅពី​គម្រោង​ធំ​បែបនេះ គម្រោង​ផ្សេងទៀត​ត្រូវបានធ្វើ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​តាម​បណ្ដា​រោងចក្រ​ឧស្សាហកម្ម​មួយចំនួន​៕



Tag:
 សូ​ឡា​
  ថាមពល​ពន្លឺព្រះអាទិត្យ​
  GMAC
© រក្សាសិទ្ធិដោយ thmeythmey.com