ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ប្រធាន​សហគមន៍​អំបិល ប្រាប់​មូលហេតុ ដែល​កម្ពុជា ត្រូវ​នាំ​អំបិល​ចូល​ពី​បរទេស​
24, May 2018 , 6:09 pm        
រូបភាព
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​សារព័ត៌មាន​ច្រើន បាន​ចុះផ្សាយ​ពី​ចំនួន​មិន​ច្បាស់លាស់​នៃ​ការ​នាំចូល​អំបិល​ពី​បរទេស ក្នុង​ឆ្នាំ​២០១៨​។  លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប បាន​ប្រាប់​សារព័ត៌​ថ្មីៗ​ថា ក្នុងឆ្នាំនេះ កម្ពុជា គ្រោង​នាំ​អំបិល​ចូល​ពី​បរទេស​ពិតប្រាកដ​មែន ក្នុង​បរិមាណ​ចន្លោះ​២​ទៅ​៣​ម៉ឺន​តោន​។​


 
​ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប ជុំវិញ​គម្រោង​នាំចូល​អំបិល ដើម្បី​ផ្ត​ត់​ផ្គង់​តម្រូវការ​ក្នុងស្រុក​៖
 
​កញ្ញា សុខ​មាន​៖ តើ​សហគមន៍​ផលិត​អំបិល គ្រោង​នាំចូល​អំបិល​ពី​បរទេស​មក​កម្ពុជា ចំនួន​ប៉ុន្មាន​ដែរ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ក្នុងឆ្នាំនេះ​?
 
​លោក ប៊ុន បារាំង​៖ កម្ពុជា គ្រោង​នាំ​អំបិល​ចូល​ចំនួន​៣​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៨ សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក ដែល​ខ្វះខាត​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ សហគមន៍​ផលិត​អំបិល ផលិត​អំបិល​បានតែ​៣,៣ ម៉ឺន​តោន​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​យក​ចំនួន​អំបិល​ដែល​ផលិត​សល់​នៅ​ឆ្នាំ​២០១៦ យកមក​បំពេញបន្ថែម​។ 
 
​កញ្ញា សុខ​មាន​៖ ហេតុអ្វី​បានជា​ឆ្នាំនេះ កម្ពុជា​នាំចូល​អំបិល​ពី​បរទេស ខណៈដែល​កម្ពុជា ជា​ប្រទេស​ផលិត​អំបិល​?
 
​លោក ប៊ុន បារាំង​៖ បានជា​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​គ្រោង​នាំ​អំបិល​ចូល​ពី​បរទេស ក៏​ព្រោះ​មកពី​ការផលិត​អំបិល​របស់​សហគមន៍​ផលិត​អំបិល មិន​បានទទួល​ទិន្នផល ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ខ្លាំងពេក បានធ្វើ​ឲ្យ​ខូច​អំបិល​ក្នុងអំឡុងពេល​ជិត​ប្រមូល​ផល​។ ហើយ​ចំពោះ​អំបិល​ដែល​កម្ពុជា​ប្រើប្រាស់​សព្វថ្ងៃ គឺ​បានមកពី​ការផលិត​អំបិល​នៅសល់​ឆ្នាំ​២០១៦​តែ​ប៉ុ​ណោះ​។ ប៉ុន្តែ​អំបិល​ដែល​នៅសល់​ពី​ឆ្នាំ​ចាស់ មិនអាច​បំពេញ​គ្រប់​តាម តម្រូវការ​ក្នុងស្រុក​បាន ទើប​ខ្ញុំ​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​ក្នុង​ការនាំ​អំបិល​ចូល​។​
 
​កញ្ញា សុខ​មាន​៖ តើ​ពីមុនមក​ខាង​សហគមន៍​ផលិត​អំបិល  ដែល​នាំ​អំបិល​ចូល​ពី​បរទេស​ដែរឬទេ​?
 
​លោក ប៊ុន បារាំង​៖ កាល​ឆ្នាំ​២០០៨ កម្ពុជា​បាន​នាំ​អំបិល​ចូល​ពី​ប្រទេស​ចិន ចំនួន​៣​ម៉ឺន​តោន សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក ខណៈពេល​នោះ សហគមន៍​ផលិត​អំបិល បាន​ជួបនឹង​បញ្ហា​ដូចគ្នា​នឹង​ឆ្នាំ​នេះដែរ​។​
 
​កញ្ញា សុខ​មាន​៖ តើ​សព្វថ្ងៃនេះ សហគមន៍​ផលិត​អំបិល​កម្ពុជា មាន​ទំហំ​ផ្ទៃដី​ប៉ុន្មាន​ដែរ ក្នុង​ការផលិត​អំបិល​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​?
 
​លោក ប៊ុន បារាំង​៖  បច្ចុប្បន្ននេះ កសិដ្ឋាន​ផលិត​អំបិល​កម្ពុ​ជាមាន​ផ្ទៃដី​សរុប ៤,៥០០​ហិច​តា សម្រាប់​បង្កបង្កើនផល​អំបិល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ចំនួន​ផ្ទៃដី​នេះ គឺអាច​ផលិត​អំបិល​បាន​គ្រប់គ្រាន់ ឬ​លើសពី​តម្រូវការ​ក្នុងស្រុក  បើ​មិន​រងគ្រោះ​ដោយ​ធម្មជាតិ ដូចជា​ទឹកភ្លៀង​ជាដើម​។​
 
​កញ្ញា សុខ​មាន​៖ តើ​ហេតុអ្វី​សហគមន៍​ផលិត​អំបិល សិក្សាការ​នាំចូល​អំបិល​ពី​ប្រទេស​ចិន និង​ឥណ្ឌា  មិន​ព្រម​សិក្សា​ទៅលើ​ប្រទេស​នៅក្នុង​តំបន់ ដូចជា វៀតណាម និង​ថៃ​ជាដើម​?
 
​លោក ប៊ុន បារាំង​៖  បច្ចុប្បន្ន សហគមន៍​ផលិត​អំបិល កំពុង​សិក្សា​គុណភាព និង​តម្លៃ​ពី​ប្រទេស​ចិន និង​ឥណ្ឌា​។ ហេតុផល ដែល​មិន​សិក្សា​អំបិល​របស់​ប្រទេស​ក្នុង​តំបន់ មកពី ប្រទេស​វៀតណាម កំពុងមាន​កង្វះខាត​អំបិល​ដូច​កម្ពុជា​ដែរ​។ ដោយឡែក​ប្រទេស​ថៃ ការផលិត​អំបិល​គឺ​ចម្រាញ់​ចេញពី​រ៉ែ ដែលមាន​គុណភាព​ខុស​ពី​អំបិល​កម្ពុជា    ដោយ​ចម្រាញ់​ពី​ទឹកសមុទ្រ​។ កាលពី​ឆ្នាំ​២០០៨ កម្ពុជា​នាំ​អំបិល​ចូល ពី​ប្រទេស​ចិន គឺ​មកពី​អំបិល​ចិន​មានតម្លៃ និង​គុណ ប្រហែល​នឹង​កម្ពុជា​ដែរ​។​
 
​កញ្ញា សុខ​មាន​៖ សម្រាប់​ការនាំ​អំបិល​ចូល​នេះ តើ​កម្ពុជា​គ្រោង​នឹង​នាំចូល​បន្ត នៅ​ឆ្នាំក្រោយ​ទៀត ឬ​យ៉ាងណា​វិញ​?
 
​លោក ប៊ុន បារាំង​៖ ទេ​! ការ​នាំចូល​អំបិល​ក្នុងឆ្នាំនេះ គឺ​គ្រាន់តែ​បំពេញ​កង្វះខាត​នៃ​ការផលិត​អំបិល​ប៉ុណ្ណោះ​។ កម្ពុជា​នឹង​ឈប់​នាំ​អំបិល​ចូល​ពី​បរទេស បន្ទាប់ពី​សហគមន៍​ផលិត​អំបិល​កម្ពុជា ផលិត​អំបិល​បាន​វិញ​នៅ​ឆ្នាំ​២០១៩៕
 
 
 

Tag:
 អំបិល​
  ប៊ុន បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com