អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ដូណាល់ ត្រាំ លុបចោលជំនួបជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែឧសភា បាននិយាយថា ជំនួបរវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរី នឹងមិនអាចធ្វើបានឡើយ។ លោក ត្រាំ អះអាងថា អាកប្បកិរិយារបស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ មិនអនុញ្ញាតឲ្យជំនួបដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនា កើតឡើងទេ។ តែលោក ត្រាំ រំពឹងថា លោកនឹងជួបលោក គីម មិនខាន។
លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែឧសភា បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់លោក គីម ជុងអ៊ុន ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃកូរ៉េខាងជើង ដើម្បីជូនដំណឹងពីការលុបចោលជំនួបនៅសិង្ហបុរី។ ក្នុងសំបុត្រនេះ លោក ត្រាំ បានអរគុណលោក គីម ចំពោះពេលវេលា ការអត់ធ្មត់ និងការប្រឹងប្រែងដែលនាំឲ្យមានការកំណត់កាលបរិច្ឆេទជំនួបប្រវត្តិសាស្ត្រនៅសិង្ហបុរី ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនា។
ការសម្រេចលុបចោលជំនួបនេះដែរក៏កើតឡើងស្របពេលដែលកូរ៉េខាងជើងប្រកាសថាខ្លួនបានបំផ្លាញចោលទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ ហើយក្នុងការបំផ្លាញនោះកូរ៉េខាងជើងក៏បានអញ្ជើញអ្នកសារព័ត៌មានបរទេសជាច្រើននាក់ឲ្យចូលរួមធ្វើជាសាក្សីថែមទៀត។
ទោះបីជាមានជំហរចង់ជួបគ្នាក្ដី លោក ត្រាំ អះអាងថា ពេលវេលាគឺមិនសក្តិសមឡើយ។ តាមរយៈសំបុត្ររបស់ខ្លួន ប្រធានាធិបតីអាមេរិករូបនេះនិយាយថា៖ «ដោយផ្អែកលើកំហឹងដ៏សម្បើម និងអាកប្បកិរិយាអរិភាពជាចំហដែលស្ដែងតាមរយៈសេចក្ដីថ្លែងការណ៍ថ្មីៗនេះ ខ្ញុំមានអារម្មណ៍ថា មិនសមស្របដើម្បីមានជំនួបដែលរៀបចំជាយូរឡើយ។ ដូច្នេះ សំបុត្រនេះជាតំណាងថា ជំនួបនៅសិង្ហបុរី នឹងមិនមានឡើយ»។
ដោយលើកឡើងពីអាកប្បកិរិយាអរិភាពក្នុងសំបុត្រនេះ លោក ត្រាំ ទំនងជាសំដៅដល់ការគំរាមរបស់កូរ៉េខាងជើងដែលចង់ពិចារណាជំនួបនៅសិង្ហបុរីឡើងវិញ។ កូរ៉េខាងជើងគំរាមបែបនេះ ក៏ព្រោះតែខ្លួនមិនសប្បាយចិត្តនឹងសមយុទ្ធដែនអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការទាមទារឯកតោភាគីរបស់អាមេរិកដែលចង់ឲ្យកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរ។ នៅថ្ងៃទី២៤ ខែឧសភា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏បានហៅលោកអនុប្រធានាធិបតី Mike Pence ជាមនុស្សឆ្កួតផង។
ក្នុងសំបុត្រខាងលើ មេដឹកនាំអាមេរិកក៏បានអរគុណលោក គីម ដែលបានដោះលែងជនជាតិអាមេរិកបីនាក់ ដែលកំពុងរស់នៅជាមួយគ្រួសារពួកគេសព្វថ្ងៃ។ លោក ត្រាំ ចាត់ទុកការដោះលែងនេះជាកាយវិការប្រកបដោយឆន្ទៈល្អ ហើយលោកពិតជាសរសើរកាយវិការនេះមែនទែន។ អ្វីគួរឲ្យចាប់អារម្មណ៍ លោក ត្រាំ ក៏បានរំឭកលោក គីម ដែរថា៖ «លោកនិយាយពីសមត្ថភាពនុយក្លេអ៊ែរ ប៉ុន្តែសមត្ថភាពអាមេរិកគឺខ្លាំងជាង ដែលខ្ញុំត្រូវបន់ព្រះថា នឹងមិនប្រើប្រាស់វាឡើយ»។
នៅចុងបញ្ចប់ លោក ត្រាំ ក៏បានទុកទ្វារចំហសម្រាប់ការចរចានៅថ្ងៃអនាគតដែរ។ លោក ត្រាំ បានប្រាប់ប្រមុខដឹកនាំកូរ៉េខាងជើងថា បើប្ដូរគំនិតពាក់ព័ន្ធជំនួបនេះ អាចទាក់ទងតាមទូរសព្ទ ឬសរសេរសំបុត្រទៅឲ្យលោកបាន។ លោក ត្រាំ អះអាងថា ពិភពលោក ជាពិសេសកូរ៉េខាងជើង បានបាត់បង់ឱកាសល្អសម្រាប់សន្តិភាពយូរអង្វែង វិបុលភាពដ៏អស្ចារ្យ និងទ្រព្យសម្បត្តិស្តុកស្ដម្ភផង។ ការបាត់បង់ឱកាសនេះ ជាព្រឹត្តិការណ៍សោកស្ដាយបំផុតក្នុងប្រវត្តិសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com