ជាតិ
សង្គមជាតិ
ទីបំផុត រដ្ឋមន្ត្រីបី ចេញសេចក្តីប្រកាសរួមគ្នា ជុំវិញករណីពលរដ្ឋពុលនៅខេត្តក្រចេះ ពីឆ្វេងទៅស្តាំ៖ លោក ម៉ម ប៊ុនហេង លោក ចម ប្រសិទ្ធ និងលោក ស៊ុយ សែម
× នៅទីបំផុត រដ្ឋមន្ត្រីបីរូប ដែលរួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ជុំវិញករណីប្រជាពលរដ្ឋពុលនៅខេត្តក្រចេះ ដើម្បីបញ្ចប់ចម្ងល់របស់សាធារណជន។ សេចក្តីប្រកាសព័ត៌មានរួម ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញហេតុផលតែមួយ ជុំវិញករណីពុលនេះ។
សេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីទាំងបី បានលើកហេតុផលយ៉ាងដូច្នេះថា៖«ការពុលនេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេរ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។ ក្រសួងទាំងបី នឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ»។
រយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋមន្ត្រីទាំងបី បានរងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយសារតែលើកហេតុផលផ្សេងៗពីគ្នា ជុំវិញករណីខាងលើ។
សូមរម្លឹកថា ប្រជាពលរដ្ឋជាង១៣នាក់ បានស្លាប់ និងជាង២០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ដោយសារតែករណីពុល នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com