ជាតិ
លោក ប្រាក់ សុខុន ស្នើ​សម្ដេច ហ៊ុន សែន ផ្លាស់ប្តូរ និង​តែងតាំង​ទូត​ថ្មី និង​មន្ត្រី​ក្រសួង​១៦​រូប​
25, May 2018 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បានស្នើ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្តូរ និង​តែងតាំង​ឯកអគ្គរាជទូត​ថ្មី និង​មន្ត្រី​ក្រសួង​ចំនួន​១៦​រូប​។​



​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស បានស្នើ​សុំ​ផ្លាស់ប្តូរ​ឯកអគ្គរាជទូត​៧​រូប និង​តែងតាំង​ថ្មី​១៥​រូប​។ ​លិខិត​នោះ បានដាក់​ជា​សំណើ​ដូច្នេះ​ថា​៖ តែងតាំង​លោក អ៊ឹង រចនា បច្ចុប្បន្ន​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ជំនួស​លោកស្រី ជា គឹម​ថា ។ ចំណែក​លោកស្រី ជា គឹម​ថា ចូលកាន់​តំណែង​លោក អ៊ឹង រចនា វិញ​។​

​តែងតាំង​លោក ឡេង ចាន់​វីរៈ បច្ចុប្បន្ន​ជា​អគ្គាធិការ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ហ្វីលីពីន ជំនួស​លោកស្រី ទួត បញ្ញា​។ រីឯ​លោកស្រី ទួត បញ្ញា មកកាន់​តួនាទី​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ជាមួយគ្នានេះ​លោក កែ សុវណ្ណ បច្ចុប្បន្ន​ជា​តំណាង​អចិន្ត្រៃយ៍​រង​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ​និង​ប្រទេស​កាណាដា​ជំនួស​លោក ទុយ រី ។ ចំណែក​លោក ទុយ រី ចូលកាន់​តំណែង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​វិញ​។​

​លោក ជុំ សុន្ទរី បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​រដ្ឋ​ម៉ិ​ក​ស៊ិ​កូ ជំនួស​លោក ជុំ ប៊ុន​រ៉ុង ដែល​ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។​

​ចំណែក​លោក ណុំ ពិសិដ្ឋ បច្ចុប្បន្ន​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​ម​ជ្ឈឹ​ម​បូព៌ា ទទួល​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប​។ រីឯ​លោក ជា ធី​រៈ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​អូទ្រីស ហូ​ឡង់ លុច​ហ្សំ​បួរ និង​អម​សហភាព​អឺរ៉ុប ដែល​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​នោះ ចូលកាន់​តួនាទី​អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។​

​លោក អាន សុខ​ខឿន បច្ចុប្បន្ន ជា​អគ្គនាយករង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​-​មជ្ឈិមបូព៌ា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​ចូលកាន់​តំណែង​ជំនួស​លោក ណុំ ពិសិដ្ឋ​។​

​លិខិត​ដដែល ក៏បាន​តែងតាំង​លោក អ៊ុង ស៊ា​ង បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស ស្រីលង្ការ ប៉ា​គី​ស្ថាន និង​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ជំនួស​លោក ពេជ្រ​ឃុន បញ្ញា ដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​។

​ចំណែក​លោក ពេជ្រ​ឃុន បញ្ញា ត្រូវ​ចូលកាន់​តំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជំនួស​លោក ស៊ុន ដា​រិ​ន ដែល​ត្រូវបានតែងតាំង​ជា​អគ្គទីប្រឹក្សា​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​ប្រទេស​កាណាដា​។​

​សម្រាប់​លោក ឈូក ប៊ុណ្ណា បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន ត្រូវបាន​ក្រសួងការបរទេស​ស្នើ​តែងតាំង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អាស៊ាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ចំណែក​លោក កេ​ត សោ​ផាន់ ឯកអគ្គរាជទូត​ប្រតិភូ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម ត្រូវ​ផ្លាស់​មកជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការជំនួស​លោក ជុំ សុន្ទរី​។

​ប៉ុន្តែ​តួនាទី​របស់លោក កេ​ត សោ​ផាន់ ដែលជា​ឯកអគ្គរាជទូត​ប្រតិភូ​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​យូណេស្កូ និង​ជានា​យក​ផ្ទះ​ខ្មែរ នៅ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​នៅ​ទីក្រុង​ប៉ារីស​នោះ មិនទាន់មាន​អ្នក​ជំនួស​ឡើយ​។ នេះ​បើតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដែល​ស្នើ​ទៅកាន់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដាក់​អ្នក​ជំនួស​៕


Tag:
 ហ៊ុន សែន​
 ​ប្រាក់ សុខុន
 ​អគ្គរាជទូត
© រក្សាសិទ្ធិដោយ thmeythmey.com