ជាតិ
រឿង​ពុល​នៅ​ក្រចេះ សម្តេច ហ៊ុន សែន ខឹង​ខ្លាំង ស្ទើរ​ដេញ​រដ្ឋមន្ត្រី​ចេញពី​តំណែង​
25, May 2018 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​យ៉ាងខ្លាំង ហើយ​ស្ទើរតែ​ចង់​បណ្តេញ​រដ្ឋមន្ត្រី​ខ្លះ ចេញពី​តំណែង ដោយសារតែ​ធ្វើ​កិច្ច​ការមិន​ច្បាស់លាស់ និង​ខ្វះ​ទំនួល​ខុសត្រូវ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន ខឹង​បែបនេះ គឺ​ដោយសារតែ​រដ្ឋមន្ត្រី​បី​រូប គឺ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ផ្តល់​ហេតុផល​ផ្សេងៗ​គ្នា ដល់​បណ្តាញសារព័ត៌មាន ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ​។

 

​ក្នុង​កិច្ចប្រជុំ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ទាំង​មិន​សប្បាយចិត្ត យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋមន្ត្រី​ខ្លួនឯង បាន​បំពុល​ព័ត៌មាន​ទាក់ទង​នឹង​ការពុល​នៅ​ខេត្តក្រចេះ ហើយ​បាន​បង្កើត​ទៅជា​បញ្ហា​។ យើង​ប្រគល់​ភារកិច្ច​នេះ ឲ្យ​ក្រសួងសុខាភិបាល ធ្វើការ​តាំងពី​ដើមទី និង​ផ្សព្វ​ផ្សាយរួចហើយ ហេតុអ្វី​ចាំបាច់​មានការ​អត្ថាធិប្បាយ​បញ្ហា​នេះ​បញ្ហា​នោះ​បន្ថែមទៀត ដែល​បង្កើត​ទៅជា​ជម្លោះ​រវាង​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​។ ខ្ញុំ​សូម​និយាយ​ត្រង់ៗ ខ្ញុំ​មានការ​ធុញទ្រាន់ ហើយ​ស្ទើ​តែ​ទ្រាំ​មិនបាន ហើយ​ស្ទើរតែ​សុខចិត្ត​បណ្តេញចេញ​ថ្នាក់​រដ្ឋមន្ត្រី​មួយចំនួន ដែល​ខ្វះការទទួលខុសត្រូវ ក្នុងការ​និយាយស្តី​»​។

សូមស្តាប់សំឡេងសម្តេច ហ៊ុន សែន ស្តីបន្ទោស​ធ្ងន់ៗ​ឲ្យ​រដ្ឋមន្ត្រី​ទាំងបី​ ដែលត្រូវ​​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Fresh News៖




រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួង​ទាំងបី បាន​រង​ការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្ន​កប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​លើក​ហេតុផល​ផ្សេងៗ​ពីគ្នា ជុំវិញ​ករណី​ខាងលើ​។ នៅ​ថ្ងៃទី​២៤ ខែឧសភា រដ្ឋមន្ត្រីទាំង​បី ក៏​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ ជុំ​វិញករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ ដើម្បី​បញ្ចប់​ចម្ងល់​របស់​សាធារណជន​។


ពីឆ្វេងទៅស្តាំ៖ លោក ម៉ម ប៊ុនហេង លោក ចម ប្រសិទ្ធ និងលោក ស៊ុយ សែម

​សេចក្តីប្រកាស​ព័​ត៌មាន​រួម​របស់​រដ្ឋមន្ត្រី​ទាំងបី បាន​លើក​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖«​ការពុល​នេះ បណ្តាលមកពី​ស្រាស ដែលមាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែលមាន​សារធាតុ​មេ​តា​ណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគី មាន​សារ​ធាតុគីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាលមកពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។  ក្រសួង​ទាំងបី នឹង​បន្ត​សហការគ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជាយថាហេតុ​»​។

អត្ថបទទាក់ទង


​សូម​រម្លឹកថា ប្រជាពលរដ្ឋ​ជាង​១៣​នាក់ បាន​ស្លាប់ និង​ជាង២០០​នាក់ ត្រូវបានបញ្ជូនទៅ​សង្គ្រោះ ដោយសារតែ​ករណី​ពុល  នៅ​ឃុំ​កន្ទួត  ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕


Tag:
 ក្រចេះ​
  ពុល​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com