ជាតិ
លោក ប្រាក់ សុខុន ស្នើសុំតែងតាំងលោក កេត សោផាន់ អ្នកនាំពាក្យថ្មីជំនួសលោក ជុំ សុន្ទរី លោក កេត សោផាន់ (ឆ្វេង) ត្រូវបានស្នើរតែងតាំងជាអ្នកនាំពាក្យក្រសួងការបរទេសជំនួសលោក ជុំ សុន្ទរី
× ភ្នំពេញ៖ បើដូចការគ្រោងទុកនោះ លោក កេត សោផាន់ នឹងត្រូវចូលកាន់តំណែងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ជុំ សុន្ទរី ។ នេះបើតាមលិខិតរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ស្នើទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិតរបស់ក្រសួងការបរទេស ដែលស្នើទៅសម្ដេច ហ៊ុន សែន សុំផ្លាស់ប្ដូរ និងតែងតាំងឯកអគ្គរាជទូត និងមន្ត្រីក្រសួងថ្មី ចំនួន១៦នាក់នោះ បានតែងតាំងលោកជុំ សុន្ទរី បច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងជាឯកអគ្គរាជទូតតែងតាំងប្រចាំរដ្ឋម៉ិកស៊ិកូ ជំនួសលោក ជុំ ប៊ុនរ៉ុង ដែលចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។
ចំពោះតួនាទីរបស់លោក ជុំ សុន្ទរី វិញ ត្រូវបានជំនួសដោយលោក កេត សោផាន់ ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍ប្រចាំអង្គការយូណេស្កូ និងជានាយកផ្ទះខ្មែរ នៅមជ្ឈមណ្ឌលសាកលវិទ្យាល័យនៅទីក្រុងប៉ារីស ដែលត្រូវចប់អាណត្តិបេសកកម្ម។
តែយ៉ាងណាសំណើខាងលើនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សិន មុននឹងសម្ដេច ស្នើទៅព្រះមហាក្សត្រ សុំការឡាយព្រះហស្ថលេខា ផ្លាស់ប្តូរ និងតែងតាំងឯកអគ្គរាជទូត និងមន្ត្រីក្រសួងថ្មី ចំនួន១៦នាក់នេះ៕
Tag:
ប្រាក់ សុខុន
ហ៊ុន សែន
កេត សោផាន់
ជុំ សុន្ទរី
© រក្សាសិទ្ធិដោយ thmeythmey.com