ជាតិ
ពលរដ្ឋ​៧៥​នាក់ នៅ​ខេត្តក្រចេះ​ដដែល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ក្រោយ​ពុល​នំប៉័ង​
26, May 2018 , 11:00 am        
រូបភាព
ដោយ:
​ប្រជាពលរដ្ឋ​ចំនួន​៧៥​នាក់ ក្នុង​ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​មាន​អាការ​ក្អួតចង្អោរ ដោយសារតែ​ហូប​នំប៉័ង ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​របាយការណ៍​បឋម​ដែល​ចេញ​ដោយ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។



​បើតាម​របាយការណ៍​ខាងលើ អា​ការពុល​នេះ កើតឡើង​នៅ​ល្ងាច​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០១៨​។ របាយការណ៍ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ សុទ្ធសឹង​តែមាន​អាកា​រ​ក្អួតចង្អោរ ឈឺពោះ អស់កម្លាំង និង​រាក​សម្រាប់​កុមារ​តូចៗ​។

​របាយការណ៍​បន្តថា នំប៉័ង ដែល​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បរិភោគ គឺ​បាន​ពី​កម្មវិធី​ប្រជុំ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​មួយ​ស្ដីពី «​ការជំរុញ​ទីផ្សារ​ខ្នាតតូច​ផលិតផលដំឡូងមី​»​។ ប៉ុន្តែ ប្រភព​ខាងលើ បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ពុល​នោះ បាន​ធូរស្រាល​អស់ហើយ បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​។

​សូម​រម្លឹកថា កាលពី​ថ្មីៗ​នេះ ប្រជាពលរដ្ឋ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ទើបតែ​ជួប​ករណី​ពុល​ស្រាស​និង​ពុល​ទឹក​ព្រែក​ទេរ ដែល​បាន​បណ្ដាល​ឲ្យ​ស្លាប់​១៣​នាក់ និង​ជាង​២០០​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​៕


Tag:
 សង្គម​
 ​ខេត្តក្រចេះ​
 ​ពុល​ទឹក​
 ​ពុល​អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com