ជាតិ
ក្រសួង​ព័ត៌មាន​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​ចៀសវាង​ការ​រំលេច​«​ខ្លឹមសារ​ដើម​ទាំងស្រុង​ណា​ដែល​ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ​»
26, May 2018 , 5:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​ចៀសវាង​ការដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា​មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះរាជ​កិត្តិយស​របស់​អង្គ​ព្រះមហាក្សត្រ និង​សន្តិសុខ​ជាតិ​។​



​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះ​នៅ​ថ្ងៃទី​២៥​ខែឧសភា បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រសួង​បាន​សង្កេតឃើញ​មាន​សារព័ត៌មាន​មួយចំនួន​បាន​ដកស្រង់​ខ្លឹមសារ សារ​ជា​អង្សរ សំឡេង រូបភាព វីដេអូ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ពី​ប្រភព​នានា មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ត ដោយ​រំលេច​ខ្លឹមសារ​ដើម​ទាំងស្រុង ដែល​សកម្មភាព​នេះ​ដូចជា​កំពុង​ជួយ​ផ្សព្វផ្សាយ​នូវ​សារ​អវិជ្ជមាន​ទាំងនោះ​ដោយ​មិនដឹង​ខ្លួន ហើយ​ខ្លឹមសារ​អត្ថបទ រូបភាព និង​វីដេអូ​មួយចំនួន​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ ព្រះរាជ​កិត្តិយស​ព្រះមហាក្សត្រ​»​។​

​ក្រសួង​បាន​ក្រើនរំលឹក​ដល់​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​ថ្លឹងថ្លែង​គ្រប់​ទិដ្ឋភាព​មុននឹង​ចេញផ្សាយ​ព័ត៌មាន មិន​ថា​ផ្នែក​ច្បាប់ ក្រមសីលធម៌ ឬ​វិជ្ជាជីវៈ​របស់ខ្លួន​នោះទេ គឺ​ធ្វើយ៉ាងណា​ត្រូវគោរព​កិត្តិយស វិជ្ជាជីវៈ និង​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គ​ល ជាពិសេស​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ចូលរួម​ថែរក្សា​សុខ​សន្តិសុខ​សង្គម​៕


Tag:
 ព្រះមហាក្សត្រ​
 ​ប្រព័ន្ធ​ផ្សព្វផ្សាយ​
© រក្សាសិទ្ធិដោយ thmeythmey.com