ជាតិ
ស្ថានទូត​ខ្មែរ​នៅ​បួន​ប្រទេស បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ចំនួន ២៨​នាក់ ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ​
26, May 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចំនួន​៤ បាន​ជួយសង្គ្រោះ​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ និង​ដោយ​ការជួញដូរ​មនុស្ស សរុប​ចំនួន ២៨​នាក់ ឲ្យ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ស្ថានទូត​ខ្មែរ​ទាំង ៤​នោះ​មានដូចជា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី និង​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​



​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ជួយ​អនីតិជន​ខ្មែរ​ចំនួន​៦​នាក់ ដែលមាន​អាយុ​អាយុ​ចន្លោះ​ពី​១០ ទៅ​១៦​ឆ្នាំ ដែល​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស​។ ក្រោយ​ការជួយ​អន្តរាគមន៍​ពី​ស្ថានទូត​រួច អនីតិជន​ខ្មែរ​ទាំង​៦​នាក់ បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨​។​

​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​ពលករ​ខ្មែរ​ចំនួន ១២​នាក់ ក្នុងនោះ​មាន​ស្ត្រី​៦​នាក់ និង​កុមារ​ម្នាក់ ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ទីនោះ​។ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ​ឲ្យ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​។​

​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី បាន​ជួយ​ពល​ការិនី​ខ្មែរ​ម្នាក់ ដែល​មិនអាច​ទ្រាំទ្រ​នឹង​ការលំបាក​នៅ​ទី​នោះបាន​។ ក្រោយ​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត ពល​ការិនី​រូបនេះ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​។​

​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ទីក្រុង​ណាន​នី​ង ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៩​នាក់ ក្នុងនោះ​ស្ត្រី​មាន ៨​នាក់ ដែល​ត្រូវបាន​មេខ្យល់​នាំទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ចិន​។ ពលរដ្ឋ​ទាំង ៩​នាក់ បាន​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស រាល់​ការចំណាយ​លើ​ថ្លៃ​ស្នាក់នៅ បរិភោគ និង​ធ្វើដំណើរ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ របស់​ពលរដ្ឋ​ខ្មែរ​ទាំង​២៨​នាក់​នេះ គឺជា​បន្ទុក​របស់​ស្ថានទូត​នីមួយៗ​៕


Tag:
 សង្គម​
 ​ស្ថានទូត​
 ​ពលករ​
 ​ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com