ជាតិ
កម្ពុជា​-​ថៃ បន្ត​ផ្ដល់​ភាពស្របច្បាប់ដល់ពលករ​ខ្មែរដែលសល់១០​ម៉ឺន​នាក់​ទៀត នៅត្រឹមបំណាច់​ខែមិថុនា​
27, May 2018 , 3:59 pm        
រូបភាព
រូបភាពគេហទំព័រក្រសួងការងារ
រូបភាពគេហទំព័រក្រសួងការងារ
ដោយ:
​ភ្នំពេញ​៖ កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ថៃ​ក្នុង​ការផ្ដល់​ភាពស្របច្បាប់ ដល់​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ថៃ ខុសច្បាប់​នៅសល់​ជាង ១០​ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​បញ្ចប់​មុន​ដំណាច់ ខែមិថុនា ឆ្នាំ​២០១៨​។ ពលករ​ខ្មែរ​ជាង ៣០​ម៉ឺន​នាក់ ភាគី​ទាំងពីរ បានផ្ដល់​ភាពស្របច្បាប់​រួចរាល់​ហើយ ក្នុងចំណោម​ពលករ​ខុសច្បាប់ ៤០​ម៉ឺន​នាក់​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ការងារ​។



​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា កម្ពុជា​-​ថៃ បាន​បង្កើត​កិច្ចសហប្រតិបត្តិកា​រួមគ្នា លើ​វិស័យ​ការងារ និង​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ លោក បន្តថា កិច្ចសហប្រតិបត្តិការ​នេះ ភាគី​ទាំងពីរ​បានរួម​គ្នា​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ថៃ គ្មាន​ឯកសារ​ស្របច្បាប់ ជាង ៣០​ម៉ឺន​នាក់ ក្នុងចំណោម ៤០​ម៉ឺន​នាក់ ហើយ​នៅសល់តែ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា នេះ នៅ​ទីស្តីការក្រសួង រដ្ឋមន្ត្រីក្រសួង​ការងារ​លើកឡើងថា កម្ពុជា​បាន​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ជាង ៣​រយ​នាក់ ទៅកាន់​មជ្ឈមណ្ឌល​ចំនួន ៣ ទៅ​ទីក្រុង​បាងកក ខេត្ត​បុ​ទុម​ឋា​នី និង​ខេត្ត​រ៉ាក់យ៉ង ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា​។​

​លោក អ៊ិត សំហេង បន្ថែមថា នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៨ នឹង​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការងារ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ចុងក្រោយ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​៕


Tag:
 ​ពលករ​ខ្មែរ​
 ​អ៊ិត សំហេង​
© រក្សាសិទ្ធិដោយ thmeythmey.com