ជាតិ
ព្រឹ​ត្ដិ​ការណ៍​ជិះ​កង់​ដើម្បី​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៥ មាន​អ្នកចូលរួម​ជាង ៨០០​នាក់ និង​រក​ថវិកា​បាន​ជាង ២​ម៉ឺន​ដុល្លារ​
27, May 2018 , 1:59 pm        
រូបភាព
​សៀមរាប​៖ ព្រឹត្តិការណ៍​ជិះ​កង់​រក​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៥ ត្រូវបាន​រៀបចំ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា​។ ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ​មាន​អ្នកចូលរួម​យ៉ាង​ផុសផុល ដែល​តួលេខ​ពី​អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ថា​មាន​អ្នកចូលរួម​ទាំងអស់​ស​រុ​ប​ចំនួន ៨៥៥​នាក់ និង​រក​ថវិកា​ចូល​មូលនិធិ​បាន​ចំនួន​ជាង ២​ម៉ឺន​ដុល្លារ​។​



​ក្បួន​ជិះ​កង់​បន្តកន្ទុយ​គ្នា​នៅលើ​ដង​វិថី​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ហើយ​អ្នកជិះ​កង់​មាន​ឯកសណ្ឋាន​ដែល​បង្ហាញថា ជា​ក្រុម​អ្នកជិះ​កង់​សម្រាប់​ព្រឹត្តិការណ៍​រក​មូល​និ​ធី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​។ នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍​នៅ​ក្រុង​សៀមរាប បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​បំណង​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាននិងកំពុង​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​



​លោក គិ​ម ប៊ុន​ថា​ន់ ប្រធាន​ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍​បានឱ្យដឹងថា លោក​មានចិត្ត​សប្បាយរីករាយ ព្រោះ​ឃើញ​អ្នកចូលរួម​នៅ​ឆ្នាំនេះ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ លោក​បន្ថែមថា តាម​គម្រោង​ឆ្នាំនេះ​គ្រោង​មាន​អ្នកចូលរួម​តែ​៨០០​នាក់​ប៉ុណ្ណោះ តែ​ជាក់ស្ដែង​ចំនួន​មានការ​កើនឡើង​លើស​ចំនួន​កំណត់ តែ​យ៉ាងណា ក្រុមការងារ​របស់លោក​អាច​គ្រប់គ្រង​បរិមាណ​អ្នកចូលរួម​បាន​យ៉ាង​ល្អប្រសើរ​បំផុត​។ ជាមួយគ្នានេះ តាម​ការបញ្ជាក់​របស់​លោក គិ​ម ប៊ុន​ថា​ន់ ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ឆ្នាំនេះ គឺមាន​ជាង ២​ម៉ឺន​ដុល្លារ ដែល​វា​បានមកពី​ការជួយឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​នានា រួម​នឹង​ថ្លៃ​ចុះឈ្មោះ​ពី​អ្នកចូលរួម​ផងដែរ​។​

​លោកតា ឆេង សារ៉េត ដែល​ខំ​ជិះ​កង់​ពី​ក្រុង​ប៉ោយប៉ែត ដើម្បី​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មនុស្ស​នៅ​ឆ្នាំនេះ បានឱ្យដឹងថា លោក​និង​ក្រុម​អ្នកជិះ​កង់​នៅ​ប៉ោយប៉ែត​បានធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ពី​ម៉ោង​៥​ព្រឹក និង​មកដល់​សៀមរាប​នៅ​ម៉ោង​៥​ល្ងាច​។ លោក​ថា កីឡា​ជិះ​កង់​បាន​ជួយ​លោកតា​កាត់បន្ថយ​ចូល​មន្ទីរពេទ្យ ដែល​ពីមុន​ជា​ញឹកញាប់​លោកតា​តែងមាន​ជំងឺ និង​ចូល​ព្យាបាល​នៅ​មន្ទីរ តែ​ក្រោយពេល​ទម្លាប់​ជិះ​កង់​មក ជំងឺ​ទាំងនោះ​ហាក់​មាន​ភាព​ធូរស្បើយ​ច្រើន​។



​លោកតា សារ៉េត បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​កីឡា​ជិះ​កង់ ព្រោះថា​វា​បាន​ជួយ​ដល់​សុខភាព​ច្រើន និង​អាច​ការពារ​យើង​ពី​ការបង្ក​ជំងឺ​ផ្សេងៗ​ផងដែរ​។ តាមរយៈ​ការ​ជិះ​កង់​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ លោកតា សារ៉េត ពន្យល់ថា វា​ជា​ចំណែក​មួយ​ដែល​អាចឱ្យ​លោក​មានឱកាស​ជួយ​សង្គមជាតិ តួយ៉ាង​ជួយ​មន្ទីរពេទ្យ​ដែល​តែងតែ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ដោយ​ពុំ​គិតថ្លៃ​៕




 

Tag:
 គន្ធបុប្ផា​
  កង់​
© រក្សាសិទ្ធិដោយ thmeythmey.com