ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដូវវស្សា អ្នកនេសាទរកក្ដាមសមុទ្រមិនសូវបាន ហើយលក់ក្នុងតម្លៃថោកទៀត
28, May 2018 ,
8:59 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ជាធម្មតានៅស្រុកខ្មែរទំនិញមួយចំនួន ដែលមិនសូវសម្បូរតែងតែលក់ក្នុងតម្លៃថ្លៃ តែក្ដាមសមុទ្រដែលប្រជាសហគមន៍នៅភូមិកោះស្រឡៅនេសាទបានក្នុងរដូវវស្សា រកមិនសូវបានហើយ លក់បានតម្លៃថោកទៀត ។ នេះក៏ព្រោះតែឈ្មួញកណ្ដាលទម្លាក់តម្លៃ ក្រោមហេតុផលគុណភាពសាច់ក្ដាមក្នុងរដូវវស្សាមិនសូវល្អ និងត្រូវប្រមូលទិញស្ដុកទុកច្រើនថ្ងៃទើបលក់ចេញម្ដង។
លោក លៀង ស៊ីថា ជាអ្នកនេសាទក្ដាមមួយរូប បាននិយាយថា នៅកោះបារាំង ត្រង់ចំនុច(វាលខ្សាច់ធំពេលទឹកសមុទ្យនាច) អ្នកភូមិហៅថា«ខុស» ជាកន្លែងមួយ ដែលអ្នកនេសាទមកនេសាទក្ដាមដោយដង ដាក់មង និងដាក់លប។ ក្នុងរដូវវស្សានេះជាធម្មតា លោកអាចរកក្ដាមបានតែ២គីឡូក្រាមតែប៉ុណ្ណោះ (គិតតែសាច់) ដោយដាក់មងពីម៉ោង៩ព្រឹកដល់ម៉ោង៤ទាបភ្លឺ។ លោកថានៅរដូវនេះ ពិបាករកក្ដាមព្រោះមានភ្លៀង ខ្យល់ និងទឹកហូរខ្លាំងធ្វើឱ្យសំរាមជាប់មងច្រើន តែមិនជាប់ក្ដាម។
បើតាមលោក លៀង ស៊ីថា នៅលើកោះស្រឡៅមានឈ្មួញកណ្ដាលទិញក្ដាមច្រើននាក់ និងឱ្យតម្លៃក៏ខុសគ្នា។ អ្នកជំពាក់ប្រាក់ឈ្មួញកណ្ដាលលក់បានថោកជាងអ្នកមិនជំពាក់ប្រមាណ៥០បាតប្រាក់ថៃ។ លោកថា ដោយសារក្ដាមនៅរដូវវស្សាសាច់វាមានគុណភាពអន់ជាងរដូវប្រាំង និងមានចំនួនតិច ទើបវាលក់បានតម្លៃថោកជាងរដូវប្រាំង។ លោក ស៊ីថា បញ្ជាក់បន្ថែម៖«រដូវវស្សារកមិនសូវបាន ដូច្នេះអ្នកនេសាទចេញទៅរកបានតិចអ៊ីចឹង ឈ្មួញត្រូវទិញក្ដាមស្តុកទុកច្រើនថ្ងៃទើបបានយកទៅលក់ម្ដង ម្យ៉ាងទៀតក្ដាមខែនេះសាច់វាអន់ ព្រោះទឹកឡើងខ្លាំងទឹកវាសាប សាច់ក្ដាមឆាប់ខូច។ ចំពោះតម្លៃលក់ បើអ្នកជំពាក់ប្រាក់ឈ្មួញ លក់បានថោកជាងអ្នកមិនជំពាក់ បើតម្លៃធម្មតាគេលក់បាន៣៥០បាតក្នុងមួយគីឡូ អ្នកជំពាក់ប្រាក់ឈ្មួញកណ្ដាលបានតែ៣០០រយបាតទេ»។
កំពុងធ្វើដំណើរតាមទូកឆ្ពោះទៅកាន់ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង លោក ហាវ តាក់ ជាំម្ចាស់ទូក ហើយក៏ជានេសាទក្ដាមមួយរូបដែរ បានប្រាប់ខ្ញុំថា មុខរបរគោលរបស់លោកជាអ្នកនេសាទក្ដាម តែឆ្លៀតពេលម្ដងម្កាលលោកទៅបើកទូកទេសចរណ៍ដឹកភ្ញៀវមើលព្រៃកោងកាង។ ក្នុងមួយថ្ងៃលោក ហាវ តាក់ អាចរកប្រាក់បានប្រមាណ១០ម៉ឺនរៀលពីរបរនេសាទក្ដាម។ គេអាចនេសាទក្ដាមបានពីរពេលក្នុងមួយថ្ងៃគឺពេលថ្ងៃនិងពេលយប់ តែជាធម្មតាមនុស្សម្នាក់អាចទៅនេសាទបានតែមួយពេលតែប៉ុណ្ណោះ ព្រោះពួកគេមិនមានពេលនិងកម្លាំងគ្រប់គ្រាន់។
នៅរដូវវស្សានេះសម្រាប់ក្ដាមសេះ(សាច់សុទ្ធ)លោក តាក់ លក់បានតម្លៃប្រមាណជា៦ម៉ឺនរៀល គិតជាប្រាក់បាត៤៥០បាត ក្នុងមួយគីឡូក្រាម។ ចំណែកក្ដាមរស់តម្លៃប្រមាណ២៥០០០រៀល គិតជាប្រាក់បាត២០០បាត ក្នុងមួយគីឡូក្រាម។ លោក ហាវ តាក់ បញ្ជាក់ថា៖ «ខ្ញុំដាក់មងក្ដាម មួយថ្ងៃអាចបានពី៨ម៉ឺនទៅ១០ម៉ឺនរៀល។ ក្ដាមអាចរកបានទាំងយប់ទាំងថ្ងៃ តែយើងរកបានតែមួយពេលទេ បើរកថ្ងៃអត់យប់ រកយប់អត់ថ្ងៃ ព្រោះយើងអត់ពេលហើយអស់កម្លាំងផង។ នៅរដូវវស្សាពិបាករកក្ដាមជាងរដូវប្រាំងព្រោះទឹកឡើង ក្ដាមមិនសូវចេញមកហែលលេងនៅវាលទេ ហើយទឹកហូរខ្លាំងនាំឈើ សំរាមមកជាមួយ ជាប់មងដាក់មិនសូវបាន»។
ជាអ្នកលក់ក្ដាមមួយរូបទៀត អ្នកនាង ស៊ុន សុភាព អាយុ២៦ឆ្នាំ ដែលអ្នកនាងចាប់ផ្ដើមនេសាទតាំងពីក្មេងមកម្លេះ បានឱ្យដឹងថា ក្ដាមដែលរកបានត្រូវតែស្ងោរឱ្យឆ្អិន ហើយឆ្កឹះយកតែសាច់ ទើបឈ្មួញទិញ។ កំពុងតែឆ្កឹះសាច់ក្ដាម យ៉ាងញាប់ដៃ អ្នកនាង សុភាព និយាយថា គេឆ្កឹះសាច់ក្ដាមផ្នែកខ្លួនដាក់ផ្សេង ផ្នែកដង្គាបដាក់ផ្សេង និងផ្នែកជើងដាក់ផ្សេង។ ក្ដាមសេះទាំងនេះឈ្មួញកណ្ដាលប្រមូលទិញជាប្រាក់បាតថៃ និងយកទៅលក់បន្តនៅប្រទេសថៃដែរ។ សម្រាប់ក្ដាមសាច់របស់ សុភាព នាងលក់បានតម្លៃតែជាង៣០០បាតតែប៉ុណ្ណោះ។ សុភាព បញ្ជាក់៖«ក្ដាមខែនេះលក់បានថោកណាស់ បើរដូវប្រាំងលក់បានថ្លៃ បានប្រហែល៦០០បាត ក្នុងមួយគីឡូក្ដាមសាច់។ ខ្ញុំមិនសូវដឹងច្បាស់ថាគេយកសាច់ក្ដាមនេះ ទៅថៃធ្វើអ្វីទេ»។
បើតាមលោក ហាវ តាក់ អ្នកភូមិជាង៣០០គ្រួសារនៅលើកោះស្រឡៅ ប្រកបរបរនេសាទស្ទើរតែទាំងអស់ ដែលមានតែគ្រួសារតិចតួចប៉ុណ្ណោះជាអ្នកលក់ដូរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កោះកុង
នេសាទ
ក្ដាមសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម