ការប្រកួតកីឡាជាតិលើកទី២បានបើកទំព័រប្រវត្តិសាស្តជាផ្លូវការកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន។ ក្នុងពិធីបើកនោះដែរ មានការសម្តែងក្បាច់គុន ផ្ទាំងទស្សនីយភាពយើងខ្មែរ ការកាំជ្រួចនិងភ្លើងឡាស៊ែរដ៏អស្ចារ្យ និងការប្រគំតន្ត្រីក្រោមវត្តមានរបស់កំពូលតារាចម្រៀងកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់មានការសម្តែងនិងច្រៀងបទ«អច្ឆរិយៈកីឡា»ដែលជាបទថ្មីសន្លាងរបស់ក្រុម Small world Small band ទៀតផង។
«អច្ឆរិយៈកីឡា»ជាចំណងជើងបទចម្រៀងថ្មីសន្លាងមួយ ដែលជាស្នាដៃនិពន្ធរបស់ក្រុម Small World Small Band។ បទចម្រៀងដែលរៀបរាប់ពីកីឡាមួយនេះ បានក្លាយជាផ្ទាំងទស្សនីយភាដ៏អស្ចារ្យ និងជក់ចិត្ត សម្រាប់ទស្សនិកជនប្រមាណជាង៦ម៉ឺននាក់ នាពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។
ក្រៅពីបទចម្រៀងដ៏ថ្មីសន្លាងមួយនេះ ក្រុមដែលតែងតែនិពន្ធបទចម្រៀង Original Song ខាងលើមួយនេះ ក៏បានលើកយកបទចម្រៀងទាក់ទងនិងកីឡាមួយទៀតមកបកស្រាយផងដែរ គឺបទ«អ្នកចម្បាំងកីឡា»។ បន្ថែមលើនេះ លោក ព្រាប សុវត្ថិ តារាចម្រៀងជួរមុខកម្ពុជារួមជាមួយកូនប្រុសទាំងបី និងកញ្ញា មាស សុខសោភា ក៏បានបង្កើតបរិយាកាសដ៏អស្ចារ្យ នាំភាពសប្បាយរីករាយជូនទស្សនិកជនក្នុងឱកាសនៃពិធីបើកនោះផងដែរ។