ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
CCHR បារម្ភ​ពី​ផលប៉ះពាល់​ទាក់ទង​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម
07, Jun 2013 , 11:15 am        
រូបភាព
ដោយ:
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃទី៦ ខែមិថុនា ម្សិលមិញ​នេះ​បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ប៉ះពាល់​មួយចំនួន​លើ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា បន្ទាប់ពី​ច្បាប់​ស្ដីពី «ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ»ត្រូវបាន​សភា​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ។ បើតាម CCHR ច្បាប់​ខាងលើនេះ​មិនមាន​ភាពចាំបាច់​នោះទេ​សម្រាប់​កម្ពុជា ហើយ​ថា វា​នឹង​អាច​ផ្ទុយទៅនឹង​បទបញ្ញត្តិ​ដែល​ការពារ​សិទ្ធិសេរីភាព​បញ្ចេញមតិ ដោយ​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ចុះហត្ថលេខា​ទទួល​យកមក​អនុវត្ត​នោះ។



យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន​នោះ CCHR បញ្ជាក់ថា ប្រសិនបើ​ច្បាប់​ខាងលើនេះ​ពិតជា​ត្រូវបាន​សភា​អនុម័ត​មែន​នោះ ច្បាប់​នេះ​វា​នឹង​អាច​ក្លាយជា​ឧប្បករណ៍​រឹតបន្តឹង​មកលើ​សេរីភាព​បញ្ចេញមតិ តាមរយៈ​ការដាក់កំហិត​មិន​ត្រឹមត្រូវ​មកលើ​ការពិភាក្សា​ជា​សាធារណៈ ការសិក្សា​ស្រាវជ្រាវ និង​ការអប់រំ​អំពី​សម័យ​ខ្មែរក្រហម ក៏ដូចជា​ការប៉ុនប៉ង​ធ្វើ​ឲ្យ​ការបង្ក្រាប​មតិ​របស់​អ្នកប្រឆាំង​ត្រូវបាន​ធ្វើឡើង​ដោយ​ស្របច្បាប់។

បើតាម​ការយល់ឃើញរ​បស់ CCHR នោះ ការអប់រំ ការជជែក​វែកញែក​ពិភាក្សា និង​ការសិក្សា​ស្រាវជ្រាវ​ជុំវិញ​តថភាព​នៃ​របប​ខ្មែរក្រហម មាន​ភាពចាំបាច់​ណាស់​ស​ម្រា​ប់​កម្ពុជា​ក្នុង​ការបន្ត​ឈានឆ្ពោះ​ទៅមុខទៀត ដើម្បី​បង្ការ​មិន​ឲ្យ​ដាន​ប្រ​វត្ត​សាស្ត្រ​នៃ​របប​ខ្មែរក្រហម​នេះ​កើតឡើង​ជាថ្មី​ម្ដង​នៅក្នុង​សង្គម​កម្ពុជា ហើ់យ​ថា វា​នឹង​អាច​ផ្ទុយ​ពីនេះ​ប្រសិនបើ​ច្បាប់​ខាងលើ​ត្រូវបាន​គេ​យកទៅ​ធ្វើជា​ឧប្បករណ៍​នយោបាយ ដើម្បី​បង្ក្រាប​ទៅលើ​សំឡេង​ប្រឆាំង និង​គ្រប់គ្រង​លើ​កិច្ចពិភាក្សាផ្សេងៗជុំវិញ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​នោះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា CCHR មិនមាន​ចេទនា​ណាមួយ​បដិសេធ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​កើតមានឡើង​នៅ​កម្ពុជា​ក្នុងសម័យ​ខ្មែរក្រហម​នោះឡើយ ប៉ុន្តែ CCHR មើលមិនឃើញ​ពី​ភាពចាំបាច់​ដើម្បី​បង្កើត​ឲ្យ​មានច្បាប់​មួយ​នេះ​ឡើង​នោះទេ ហើយ​ថា តាមរយៈ​ច្បាប់​នេះ​វា​នឹង​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម​ទៅវិញ​ទេ។  

លោក អ៊ូ វីរៈ បានចាត់ទុក​ច្បាប់​នេះ​ថា​ជាការ​ទាញយក​ផលប្រយោជន៍​ផ្នែក​នយោបាយ ចេញពី​ប្រ​វត្ត​សាស្ត្រ​របស់​ប្រទេស​កម្ពុ​ជាមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឈានចូល​មកដល់ ហើយ​ថា វា​ជា​ការដែល​មិនអាច​ទទួលយក​លបាន​ផងដែរ ក្នុងករណី​ដែល​ច្បាប់​រឹ​ត្បិត​សេរីភាព​បញ្ចេញមតិ​ត្រូវបាន​រដ្ឋាភិបាល និង​សភា អនុម័ត​ជាការ​ប្រញាប់ ខណៈដែល​ច្បាប់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ស្ថាប​ភាព​បញ្ចេញ​បញ្ចេញមតិ​ប្រសើ​ឡើង ដូចជា​ច្បាប់​ទទួលបាន​ព័ត៌មាន​ជាដើម​នោះ ត្រូវបាន​ពន្យា​ពេល​យ៉ាងយូ​រាប់​ឆ្នាំ​ទៅវិញ។

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី៧ ខែមិថុនា​នេះ រដ្ឋសភា ដោយមាន​សេចក្ដីស្នើ​ពី​រាជរដ្ឋាភិបាល​នោះ កំពុង​ជជែក​ពិភាក្សាគ្នា​ដើម្បី​ឈានដល់​ការអនុម័ត​ជា​ផ្លូវការ​នូវ​ច្បាប់​ស្ដីពី«ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ»។  

ច្បាប់​នេះ​ត្រូវបាន​ចែក​ចេក​ចេញ​ជា៥មាត្រា ហើយ​ដែល​ខ្លឹមសារ​របស់់​វា គឺ​ដាក់ទោស​លើ​ជន​ទាំងឡាយណា​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​កើ​មាន​ឡើង​ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​របស់​ពួក​ខ្មែរក្រហម ដោយ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ខែ ដល់ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី១លាន​រៀល ដល់ ៤លាន​រៀល​ផងដែរ៕  



© រក្សាសិទ្ធិដោយ thmeythmey.com