អន្តរជាតិ
ជំនួប​ត្រីភាគី​ត្រាំ​-​មូ​ន​-​គីម អាច​កើតឡើង​នៅ​សិង្ហ​បុរី​
28, May 2018 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន អាច​នឹងធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី​ក្នុង​ខែមិថុនា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ដែល​គ្រោង​ជួបគ្នា​ជជែក​ពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ​។ ប៉ុន្តែ បើតាម​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង លោក មូ​ន មិនទាន់​ច្បាស់​ថា ត្រូវ​ទៅ​សិង្ហ​បុរី​ឬ​យ៉ាងណា​នោះឡើយ ដោយ​វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែល​កំពុង​ធ្វើឡើង​។



​ជំនួប​ត្រីភាគី​អាមេរិក​-​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង អាច​កើតឡើង​នៅ​សិង្ហ​បុរី ស្របពេល​គ្នា​នឹង​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​ស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ថា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន អាច​នឹង​ហោះ​ទៅកាន់​សិង្ហ​បុរី​នៅ​ថ្ងៃទី​១២ ខែមិថុនា ជា​ថ្ងៃ​ដែល​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន គ្រោង​ជួបគ្នា​ជា​លើកដំបូង​។

​យ៉ាងណាមិញ មន្ត្រី​ដដែល​អះអាង​នៅ​ថ្ងៃទី​២៨ ខែឧសភា ថា ជំនួប​ត្រីភាគី​កើតឡើង​ឬ​អត់ គឺ​អាស្រ័យ​លើ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែល​ទើប​ចាប់​ម្ដងទៀត ក្រោយ​លោក ត្រាំ លុបចោល​ជំនួប​រួចមក​។ ក្នុងករណី​ការចរចា​មាន​លទ្ធផល​ផ្លែផ្កា លោក មូ​ន អាច​ចូលរួម​ជាមួយ​លោក ត្រាំ និង​លោក គីម ក្នុងជំនួប​ត្រីភាគី​អាមេរិក​-​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង​មិន​ខាន​។ ចាប់ពី​ចុង​សប្ដាហ៍​មុន មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​បាន​ជួបគ្នា​នៅ​តំបន់​គ្មាន​កងទ័ព DMZ ដើម្បី​ជជែក​ពី​ការរៀបចំ​ជំនួប​នៅ​សិង្ហ​បុរី​។​

​ជំនួប​ត្រីភាគី​នេះ​ត្រូវ​បានលើកឡើង​ដោយ​លោក មូ​ន និង​លោក គីម ក្នុងជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​កាល​ថ្ងៃទី​២៧ ខែមេសា​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​បានលើកឡើង​ពី​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងបី​នៅ​ថ្ងៃទី​២៧ ខែឧសភា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​ជំនួប​ជាមួយ​លោក គីម ដែល​ធ្វើឡើង​មុន​មួយថ្ងៃ​។ លោក​និយាយថា បើ​ជំនួប​អាមេរិក​-​កូរ៉េខាងជើង​ជោគជ័យ លោក​ចង់ឃើញ​ការបញ្ចប់​សង្គ្រាម​កូរ៉េ​ផ្លូវការ​តាមរយៈ​ជំនួប​ត្រីភាគី​។​

​ក្នុងករណី​កើតឡើង​មែន​នោះ ក្រៅពី​ចង់​បញ្ចប់សង្គ្រាម ជំនួប​ត្រីភាគី​នេះ​ក៏​ផ្ដោតលើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផង​។ តាមរយៈ​កិច្ចចរចា​នេះ កូរ៉េខាងជើង​អាច​ទទួលបាន​ការធានា​សុវត្ថិភាព​សម្រាប់​របប​ដឹកនាំ​របស់ខ្លួន បើ​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ ដោយសារ​លោក ត្រាំ ធ្លាប់បាន​សន្យា​ឲ្យ​លោក គីម អាចដឹកនាំ​កូរ៉េខាងជើង​ដដែល​។ សម្រាប់​បញ្ហា​នេះ លោក គីម ក៏​ធ្លាប់​អះអាង​ដែរ​ថា កូរ៉េខាងជើង​មិនចាំបាច់​មាន​នុយក្លេអ៊ែរ​ឡើយ បើ​មាន​ការធានា​សន្តិសុខ​នោះ​។​

​ទោះជា​ការចរចា​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​ធ្វើឡើង​ញាប់ដៃ​ញាប់ជើង​ក្ដី គេ​នៅ​មិនទាន់​ច្បាស់​ពី​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ដដែល​។ ប៉ុន្តែ​លោក ត្រាំ ហាក់​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​លទ្ធភាព​ដែល​ជំនួប​នៅ​សិង្ហ​បុរី​អាច​កើតឡើង​តាម​ការគ្រោងទុក ទោះជា​លោក​ជាប់​ឈ្មោះ​ជា​អ្នក​លុបចោល​ជំនួប​កាលពី​សប្ដាហ៍​មុន​ក៏ដោយចុះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com