រថយន្ត
អន្តរជាតិ
ឌូបៃ៖ ស្លាកលេខរថយន្ត T32 និងW22 លក់បានថ្លៃដល់ជាង១លានដុល្លារ
× ស្លាកលេខរថយន្ត T32 និង W22 ត្រូវបានលក់ដាច់ជាបន្តបន្ទាប់ក្នុងការដេញថ្លៃមួយដែលរៀបចំដោយអាជ្ញាធរផ្លូវថ្នល់ និងដឹកជញ្ជូន (RTA) ប្រចាំក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីពេលថ្មីៗកន្លងមក។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Gulf News។
ក្នុងការដេញថ្លៃមួយ ស្លាកលេខរថយន្ត W22 ត្រូវលក់ដាច់ក្នុងតម្លៃ ប្រមាណ៧១៣ ០០០ដុល្លារអាមេរិក រីឯស្លាកលេខ T32 លក់បានក្នុងតម្លៃ ៤៥០ ០០០ដុល្លារអាមេរិក។ អាជ្ញាធរ RTA បានបញ្ជាក់ផងដែរថា លេខទាំងពីរនេះ មានការប្រទាញប្រទង់គ្នាច្រើនក្នុងចំណោមស្លាកលេខប្រមាណ៨០ ដែលត្រូវបានដាក់ដេញ។
ក្រៅពីលេខពិសេសទាំងពីរខាងលើ ស្លាកដ៏ទាក់ទាញផ្សេងទៀតដែលមាន៣ខ្ទង់ ៤ខ្ទង់ និង៥ខ្ទង់ ក៏លក់ចេញក្នុងតម្លៃខ្ពស់ផងដែរ ក្នុងនោះមានលេខ T400, R66666 និង T88888 ជាមួយតម្លៃចន្លោះពី១៣ម៉ឺន ទៅប្រមាណ២០ម៉ឺនដុល្លារអាមេរិក។
លោក Abdullah al-Hammadi អ្នកចូលចិត្តដេញថ្លៃម្នាក់ បាននិយាយថា ពលរដ្ឋអារ៉ាប់រួមអេមីរ៉ាត និយមទិញស្លាកលេខរថយន្តដែលមានតម្លៃខ្ពស់ ពីព្រោះអ្នកប្រើស្លាកលេខបែបនេះ តែងតែទទួលបាននូវការគោរពពីអ្នកដទៃ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Abdullah បានលើកឡើងថា អ្នកដេញថ្លៃមួយចំនួន ដូចជារូបលោកជាដើមនោះ ប្រជែងដេញថ្លៃយកស្លាកលេខល្អៗ ដើម្បីលក់បន្តទៀតក្នុងតម្លៃដែលខ្ពស់ជាងនេះបន្តិច។
លោកបានបន្ថែមថា អ្នកនិយមស្លាកលេខល្អភាគច្រើនជាយុវជន រហូតដល់អ្នកខ្លះសុខចិត្តខ្ចីលុយធានាគារដើម្បីដេញថ្លៃស្លាកលេខផងដែរ។
នាការដេញថ្លៃកន្លងមក ដែលរៀបចំដោយ អាជ្ញាធរផ្លូវថ្នល់ និងដឹកជញ្ជូន (RTA) ប្រចាំក្រុងឌូបៃ មនុស្សប្រមាណ៥០០នាក់បានចូលរួម ដោយលក់បានក្នុងតម្លៃសរុបជាង៥លានដុល្លារអាមេរិក ខណៈស្លាកលេខ W22 និង T32 លក់បានក្នុងតម្លៃកប់ពពក៕
© រក្សាសិទ្ធិដោយ thmeythmey.com