អន្តរជាតិ
អាន់​វ៉ា ទទូច​ឲ្យ​ប្រជាជន​បន្ត​ឃ្លាំមើល និង​រិះគន់​រដ្ឋាភិបាល​ដើម្បី​ធានាថា រដ្ឋាភិបាល​ដើរ​លើផ្លូវ​ត្រូវ​
28, May 2018 , 11:19 pm        
រូបភាព
​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​បក្ស​យុត្តិធម៌​ប្រជាជន (PJP) បាន​ទទូច​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​បន្ត​ឃ្លាំមើល និង​រិះគន់​ចំណុច​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ព័ន្ធ​បក្ស Pakatan Harapan​។ លោក​អះអាងថា វា​ជា​កាតព្វកិច្ច​របស់​ប្រជាជន​ក្នុងការ​ដាស់តឿន​រដ្ឋាភិបាល​ឲ្យ​ដឹកនាំ​ល្អ និង​ដើរ​លើផ្លូវ​ត្រូវ​នោះ​។



​ដោយ​ចង់​ទុកពេល​មួយរយៈ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មិន​ចង់​ចូលរួម​ប្រឡូក​ក្នុង​ឆាកនយោបាយ​ភ្លាមៗ​ឡើយ ហើយ​លោក​បានប្រកាស​គាំទ្រ​លោក មហា​ធៀ មហាម៉ាត់ ឲ្យ​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ជាតិ​។

​ក្នុងពេលដែល​លោក​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​ចុង​សប្តាហ៍​នេះ អតីត​មេដឹកនាំ​បក្ស​ប្រ​ឆាំ​រូបនេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅតាម​សហគមន៍​បន្ត​តួនាទី​ជា​អ្នកឃ្លាំមើល និង​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ផងដែរ​។ នេះ​គឺ​ដើម្បី​ធានាថា រដ្ឋាភិបាល​នឹង​បន្ត​ថែទាំ និង​បំពេញ​តាម​តម្រូវការ​របស់​ប្រជាជន​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក អាន់​វ៉ា បាន​និយាយ​ដូច្នេះ​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ ហើយ​។ យើង​នឹង​បន្ត​ធ្វើជា​អ្នកឃ្លាំង​មើល​ការងារ​តំណាងរាស្ត្រ​។​វា​ជា​កាតព្វកិច្ច​របស់​យើង​ឥឡូវនេះ​។ វា​មិនមែនជា​ប្រមាថ​មើលឃើញ​រដ្ឋាភិបាល​ឡើយ តែ​ជាការ​ដាស់តឿន​ឲ្យ​គេ​បន្ត​រក្សា​ទំនួល​ខុសត្រូវ​របស់ខ្លួន​ចំពោះ​ប្រជាជន​»​។​

​ក្រៅពី​អំពាវនាវ​ឲ្យ​ប្រជាជន​ចូលរួម​ឃ្លាំមើល​សកម្មភាព​រដ្ឋាភិបាល​និង​រិះគន់​ក្នុងន័យ​ស្ថាបនា លោក អាន់​វ៉ា ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក មហា​ធៀ ធ្វើយ៉ាងណា​ជួយ​ប្រជាជន​ក្រីក្រ និង​កុមារកំព្រារ ហើយ​លោក​សង្ឃឹម​ដែរ​ថា គម្លៀត​ឬ​វិសមភាព​សេដ្ឋកិច្ច​រវាង​ប្រជាជន​ម៉ាឡេស៊ី​នឹងត្រូវ​កាត់បន្ថយ​ដែរ​។​

​អនាគត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ​ប្រយោជន៍​ភាគច្រើន​បាន​ទៅលើ​ប្រជាជន​អ្នកមាន​មួយចំនួន ហើយ​ប្រជាជន​ចំណូល​មធ្យម​រងបន្ទុក​កាន់តែ​ធ្ងន់​ដោយសារ​ពន្ធ និង​ការកើនឡើង​នៃ​តម្លៃ​ទំនិញ​ជាដើម​។ ដូច្នេះហើយ លោក​យល់ថា កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​ចម្បង​របស់​រដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​បក្ស Pakatan Harapan ដែលមាន​លោក មហា​ធៀ ជា​ប្រមុខ គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដោយ​អនុវត្ត​គោលនយោបាយ​ដែល​បក្ស​បាន​សន្យា​កន្លងមកនេះ​។​

​តាមពិតទៅ លោក អាន់​វ៉ា ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​បក្សប្រឆាំង​ឈ្នះឆ្នោត ហើយ​ការលើកលែងទោស​នេះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់លោក មហា​ធៀ​។ យោងតាម​កិច្ចព្រមព្រៀង​រវាង​សម្ព័ន្ធ​បក្ស​កាន់អំណាច លោក អាន់​វ៉ា ត្រូវ​ក្លាយជា​នាយករដ្ឋមន្ត្រី ក្រោយពេល លោក មហា​ធៀ ចំណាយ​ពេលវេលា​យ៉ាងយូរ​ពីរ​ឆ្នាំ​ដឹកនាំ​និង​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ យ៉ាងណាក៏ដោយ លោក អាន់​វ៉ា ហាក់​ចង់​មាន​ពេលវេលា​ឯកជន​ច្រើនជាង​ត្រឡប់​ចូល​នយោបាយ​ឆាប់ ហើយ​លោក​ក៏​ប្រហែលជា​អាច​អនុញ្ញាត​ឲ្យ​លោក មហា​ធៀ​ដឹកនាំ​ពេញ​បួន​ឆ្នាំ​ផង​ក៏​ថា​បាន​៕

Tag:
 អាន់​វ៉ា អ៊ីប្រាហ៊ីម​
  មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com