អន្តរជាតិ
លោក មូន ចេអ៊ីន ចង់បានជំនួបឥតព្រាងទុកឲ្យបានច្រើនជាមួយកូរ៉េខាងជើង រូបភាព AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី២៨ ខែឧសភា និយាយថា ជំនួបឥតព្រាងទុករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចកើតមានញឹកញាប់ ព្រោះងាយស្រួលជជែកពីបញ្ហាសំខាន់ៗ។ លោក មូន ក៏បានបញ្ជាឲ្យមន្ត្រីកូរ៉េខាងត្បូងត្រៀមខ្លួនសម្រាប់ជំនួបភ្លាមៗរវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃខាងមុខផង។ លោក មូន ទើបជួបលោក គីម នៅចុងសប្ដាហ៍មុន ដើម្បីជជែកពីគម្រោងជួបគ្នារវាងលោក គីម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ។
ជារឿងគួរឲ្យភ្ញាក់ផ្អើល លោកប្រធានាធិបតី មូន ចេអ៊ីន នៅថ្ងៃទី២៦ ខែឧសភា បានធ្វើដំណើរទៅកាន់ភូមិព្រំដែនប៉ាន់មុនជុមនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបទ្វីបកូរ៉េដើម្បីជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ ជំនួបលើកទីពីររវាងលោក មូន និងលោក គីម លើកនេះ ជាជំនួបឥតព្រាង និងធ្វើឡើងភ្លាមៗតែម្ដង។ លោក មូន និយាយថា លោក គីម ជាអ្នកស្នើសុំជួប ដោយមិនមានការរៀបចំធំដុំឡើយ។
ប្រមុខដឹកនាំកូរ៉េខាងជើងបានទូរសព្ទទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីសុំជួប ហើយមួយថ្ងៃក្រោយលោក មូន ក៏ជិះឡានទៅជួបលោក គីម ដល់ទឹកដីកូរ៉េខាងជើងតែម្ដង។ គេមិនទាន់ការរៀបចំជាលក្ខណៈផ្លូវការអ្វីទាំងអស់ខុសពីជំនួបថ្ងៃទី២៧ ខែមេសា ក្រៅពីទាហានកូរ៉េខាងជើងឈរខាងមុខអាគារប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន បានប្រាប់មន្ត្រីជំនិតក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែឧសភា ថា រឿងដ៏មានន័យក្នុងជំនួបលើកចុងក្រោយនេះ គឺការមិនឆ្លងកាត់របៀបរបបស្មុគស្មាញ និងពិធីការច្រើនឡើយ ហើយលោកជួបលោក គីម ដូចជាជំនួបរាល់ថ្ងៃដែរ។ ក្នុងន័យនេះ លោក មូន បានណែនាំឲ្យមន្ត្រីរបស់លោកត្រៀមលក្ខណៈទុកមុនដើម្បីធានាថា មិនមានបញ្ហាអ្វីជាមួយយោធាឡើយ ខណៈជំនួបស្រដៀងនេះនឹងកើតមានម្ដងទៀតនៅថ្ងៃអនាគត។
ក្នុងជំនួបនៅប៉ែកខាងជើងខ្សែស្របទី៣៨ លោក មូន និងលោក គីម បានជជែកពីគម្រោងជួបគ្នារវាងមេដដឹកនាំអាមេរិក និងកូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ថា លោក គីម បានបង្ហាញជំហរឥតងាករេរបស់លោកក្នុងការលុបបំបាត់នុយក្លេអ៊ែរ ក៏ដូចជាចង់ជួបលោក ត្រាំ នៅសិង្ហបុរីផងដែរ។ ក្នុងការចរចាភ្លាមៗនេះ លោក គីម ត្រូវបានរាយការណ៍ថា បានសួរលោក គីម ពីជំហររបស់លោក ត្រាំ ពាក់ព័ន្ធរបៀបលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
យ៉ាងណាមិញ លោក មូន ក៏បានបញ្ជាក់ពីសារសំខាន់ក្នុងការរៀបចំជំនួបផ្លូវការផងដែរ ខណៈលោកក៏មានគម្រោងទៅទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងក្នុងឆ្នាំនេះដែរ។ «ការរៀបចំជំនួបកំពូលឲ្យទៀងទាត់ដូចជានៅប៉ាន់មុនជុម ឬក៏នៅព្យុងយ៉ាងនៅពេលខាងមុខ ពិតជាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េ ហើយវានឹងជួយជំរុញទំនាក់ទំនងនេះឲ្យមានដំណើរការលឿន បើយើងអាចជួបជជែកញឹកញាប់ មិនថានៅខាងត្បូង ឬខាងជើង ឲ្យតែចាំបាច់»។ នេះជាការបន្ថែមរបស់លោក មូន ។
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
មូន ចេអ៊ីន
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com