អន្តរជាតិ
ក្រសួងសុខាភិបាលវៀតណាម ស្នើច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មស្រា
× ក្រសួងសុខាភិបាលវៀតណាម កំពុងតែរៀបចំសេចក្តីព្រាងច្បាប់មួយដើម្បីគ្រប់គ្រងលើគ្រឿងស្រវឹងដែលជាបញ្ហាគួរព្រួយបារម្ភនៅក្នុងសង្គម។ បើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ការផ្សាយពាណិជ្ជកម្មស្រាបៀរ ជាពិសេសតាមបណ្តាញសង្គម នឹងលែងមាននៅវៀតណាមទៀតហើយ។
អនុប្រធាននាយកដ្ឋានផ្នែកច្បាប់ នៃក្រសួងសុខាភិបាលវៀតណាម លោក Trần Thị Trang នៅថ្ងៃ២៥ឧសភា បានឲ្យដឹងថា មិនយូរទៀតនោះទេការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ នឹងក្លាយជារឿងអតីតកាលមួយ នៅពេលដែលសេចក្តីព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងជាតិអាកុល ត្រូវបានអនុម័ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ។
តាមប្រភពព័ត៌មានដដែល មន្ត្រីផ្នែកច្បាប់រូបនេះបានបញ្ជាក់ថា តាមបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់ថ្មីនេះ បានស្នើបញ្ឈប់ផ្សព្វផ្សាយស្រា និងស្រាបៀទៅកាន់អតិថិជនតាមរយៈការផ្តល់ជារង្វាន់, ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការផ្តល់ស្រា និងស្រាបៀដោយមិនគិតថ្លៃជាដើម។ ការរឹតត្បិតលើពេលវេលាសម្រាប់លក់ ក៏ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះផងដែរ។
តាមការបញ្ជាក់របស់លោក Trang ដោយសារតែកត្តាផ្សព្វផ្សាយស្រា និងស្រាបៀដោយមិនមានការគ្រប់គ្រងច្បាស់លាស់នេះហើយ ទើបធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាពប្រជាជន ខណៈពេលដែលតម្រូវការនៃស្រាបៀកាន់តែកើនឡើងយ៉ាងឆាប់រហ័ស។ លោកអះអាងថា ជាមធ្យមប្រជាពលរដ្ឋវៀតណាមម្នាក់ទិញគ្រឿងស្រវឹងយ៉ាងហោចណាស់ ៦,៦ លីត្រក្នុងមួយឆ្នាំ។
លោក Trang ក៏បានលើកយកពីរបាយការណ៍សិក្សាពីផលប៉ះពាល់នៃការសេពគ្រឿងស្រវឹងលើសលប់ ដែលបានបង្កឲ្យជាជំងឺជាច្រើនទៀតផង។ នេះនៅមិនទាន់បូកបញ្ចូលទាំងការបាត់បង់សេដ្ឋកិច្ច ដែលបណ្តាលមកពីគ្រោះថ្នាក់ចរចរណ៍ ដែលពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹងផង៕
Tag:
វៀតណាម
គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com