អន្តរជាតិ
មេដឹកនាំ​គុយបា​ថ្មី កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ជំរុញ​ការកែទម្រង់​សេដ្ឋកិច្ច​ប​ន្ថែ​ម តែ​មិន​ចាក​ឆ្ងាយ​ពី​ស្មារតី​សង្គមនិយម​
29, May 2018 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​គុយបា​ថ្មី​ក្រោយ​រជ្ជកាល​នយោបាយ​កា​ស្ត្រូ នឹង​ចាប់ផ្តើម​នីតិវិធី​ស្នើសុំ​វិសោធនកម្ម​រដ្ឋ​ធម្ម​នុ​ញ្ញា​ដើម្បី​ធ្វើយ៉ាងណា​បើកចំហរ​សេដ្ឋកិច្ច​បន្ថែមទៀត​។ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​បញ្ជាក់ថា ខ្លួន​មិន​កែប្រែ ឬ​ផ្លាស់ប្តូរ​ចំណុច​ដែលមាន​ចែង​ពី​ទម្រង់​សេដ្ឋកិច្ច​តាមបែប​សង្គមនិយម​ឡើយ​។​



​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ រដ្ឋាភិបាល​លោក Miguel Diaz-Canel បាន​បង្ហើប​ពី​គោលដៅ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឈាន​បើកចំហរ​សេដ្ឋកិច្ច​ប្រទេសជាតិ​បន្ថែមទៀត​។ ចាប់ពី​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ឆ្នាំ ១៩៧៦ មក រដ្ឋធម្មនុញ្ញ​គុយ​ត្រូវគេ​កែទម្រង់​បួន​ដង បើ​រាប់ទាំង​លើក​នេះ​ផង​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP គណៈកម្មការ​ពិសេស​មួយ​នឹងត្រូវ​បង្កើតឡើង​ក្នុង​អង្គប្រជុំ​វិសមញ្ញ​របស់​សភា​គុយបា​នៅ​ថ្ងៃទី ២ ខែឧសភា​ខាងមុខនេះ​ដើម្បី​បង្ហាញ​ពី​សំណើរ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ​។ វា​នឹងមាន​ការពិភាក្សា​គ្នាច្រើន​ដែរ​ក្នុងចំណោម​សមាជិកសភា​មុននឹង​ដាក់ចូល​បោះឆ្នោត​ប្រជាមតិ​មួយ​។

​អាជ្ញាធរ​គុយបា​មិនទាន់​បង្ហាញ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេពី​សំណើរ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ​គេ​ដឹងថា វា​មានកំណត់​ពី​ការបន្ត​អនុវត្ត​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច​ដែល​បង្កើតឡើង​ដោយ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ចាប់ពី​ពេល​លោក​ជំនួស​តំណែង​បងប្រុស​លោក​នៅ​ឆ្នាំ ២០០៦​។

​លោក រ៉ា​អ៊ូ​ល ដែល​ទើប​ចុះ​ចេញពី​តំណែង​កាលពី​ខែ​មុន តែ​បន្ត​ធ្វើជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​នោះ បានដាក់​ចេញ​ផែនការ​កែទម្រង់សេដ្ឋកិច្ច ឆ្នាំ ២០១១ ដោយ​លោក​ប្តូរ​សេដ្ឋកិច្ច​ដែល​ក្តោប​ក្តាប់​ទាំងស្រុង​ដោយ​រដ្ឋ​ឲ្យ​មាន​ជំនួញ​ឯកជន​ទ្រង់ទ្រាយ​តូចៗ និង​មានការ​វិនិយោគ​បរទេស​ផងដែរ​។ គោលនយោបាយ​នេះ​មាន​ផ្លែផ្កា​ច្រើន​ដែរ ប៉ុន្តែ​វា​មិនធំ​ល្មម​អាច​ឲ្យ​សេដ្ឋកិច្ច​គុយបា​រី​កច​ម្រើ​ករ​ហ័ស​ឡើយ​។​

​ដូច្នេះហើយ គេ​រំពឹងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាថ្មី​នេះ​អាច​នឹង​ជួយ​ធានា​ការកែទម្រង់​សេដ្ឋកិច្ច​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន និង​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​គុយបា​កាន់តែ​រីកចម្រើន​រហ័ស​ជាង​មុន​ផងដែរ​៕

Tag:
 គុយបា​
  កែទម្រង់សេដ្ឋកិច្ច​
  រ៉ា​អ៊ូ​ល កា​ស្ត្រូ​
  Miguel Diaz-Canel
© រក្សាសិទ្ធិដោយ thmeythmey.com