អន្តរជាតិ
វៀតណាម​ដើរ​តាម​ក្រោយ​ប្រទេស​ចិន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​
29, May 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​អ្នកជំនាញ​និយាយថា​ប្រទេស​វៀតណាម​កំពុង​ធ្វើតាម​ប្រទេស​ចិន​នៅក្នុង​កិច្ចប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​។ សេដ្ឋកិច្ច​វៀតណាម​ដើរ​យឺត​ជាង​ប្រទេស​ចិន​ប្រហែល​តែមួយ​ទសវត្សរ៍​ប៉ុណ្ណោះ​។​



​ប្រទេស​កុ​ម្មុយ​និ​ស្ត​ទាំងពីរ​ដែលជា​គូប្រជែង​នយោបាយ​នោះ បាន​បង្កើត​សេដ្ឋកិច្ច​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុងការ​បង្កើត​ការងារ​តាមរយៈ​ការងារ​រោងចក្រ​សម្រាប់​ផលិត​ទំនិញ​នាំចេញ​។​

​ប្រទេស​ចិន​បាន​បើក​ឲ្យ​មានការ​វិយោគ​ពី​បរទេស​កាលពី​ឆ្នាំ​១៩៧៨ ហើយ​ចំណែក​ប្រទេស​វៀតណាម​វិញ​បាន​បើកឱកាស​សម្រាប់​ការ​វិយោគ​បរទេស​នេះ​នៅ​១០​ឆ្នាំក្រោយ​ប្រទេស​ចិន​។​

​បច្ចុប្បន្ន​ប្រទេស​វៀតណាម​កំពុង​ដោះស្រាយ​បញ្ហា​អំពើពុករលួយ បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ការធ្លាក់ចុះ​នៃ​បណ្តា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ខណៈដែល​វណ្ណៈ​កណ្តាល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​នេះ​។​

​ទាំងអស់នេះ​គឺជា​អ្វី​ដូច​ទៅនឹង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ចិន​។​

​ការអភិវឌ្ឍ​ស្រដៀង​គ្នា​ថ្មី​បំផុត​គឺ​សភាជាតិ​វៀតណាម​កំពុង​ត្រួត​ព​និត្យ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​៣​កន្លែង​។​

​សេចក្តីព្រាងច្បាប់​នះ​នឹងដាក់​ឲ្យ​សភា​អនុម័ត​នៅ​ខែ​ក្រោយនេះ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​នឹង​បើកឱកាស​ឲ្យ​ពួក​អ្នក​វិយោគ​បរទេស​បង្កើត​រោងចក្រ​សម្រាប់​ផលិត​ទំនិញ​នាំចេញ​ដែលមាន​ការលើកលែង​ពន្ធគយ និង​អាច​ជួល​ទីតាំង​ក្នុង​រយៈពេល​វែង​។ នេះ​បើ​យោងតាម​គេហទំព័រ​សារព័ត៌មាន​របស់​វៀតណាម​ឈ្មោះ Vnexpress International ដែល​បាន​ផ្សព្វផ្សាយ​។ ប្រទេស​ចិន​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​៤​ដំបូង​បំផុត​កាលពី​ឆ្នាំ​១៩៧៩ ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​។ បច្ចុប្បន្ន​ចិន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន​៣២៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com