ជាតិ
សង្គមជាតិ
សមត្ថកិច្ច នឹង​បញ្ជូន​ខ្លួន​ស្ត្រី ដែល​ប្រើ​ហិង្សា​លើ​ក្មេងស្រី​បម្រើ​ម្នាក់​ទៅ​តុលាការ​
29, May 2018 , 3:09 pm        
រូបភាព
រូបពីហ្វេសប៊ុកវិទ្យុABC ៖ ក្មេងស្រីរងគ្រោះ និងម្ដាយយំឱបគ្នា
រូបពីហ្វេសប៊ុកវិទ្យុABC ៖ ក្មេងស្រីរងគ្រោះ និងម្ដាយយំឱបគ្នា
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច នឹង​បញ្ជូន​ខ្លួន​ស្ត្រី ដែល​ប្រើ​ហិង្សា​លើ​ក្មេងស្រី​បម្រើ​ម្នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ក្មេងស្រី​រងគ្រោះ បាន​រង​ទណ្ឌកម្ម​លើ​រូបរាងកាយ​រយៈពេល​៤​ឆ្នាំ​ហើយ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​។



​អធិការរង​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ជា សុវណ្ណ បាន​និ​យា​យា​ថា ស្ត្រី​ដែល​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ឈ្មោះ ជា ស្រីនូ ដែល​បម្រើ​ការងារ​ក្នុងផ្ទះ​ខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​មុននេះ​បន្តិច​លោក បាន​បញ្ជាក់ថា ពេលនេះ​សមត្ថកិច្ច បាន​កសាង​សំណុំរឿង និង​បញ្ជូន​ឯកសារ​ទៅ​តុលាការ​រួចរាល់​ហើយ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ចោទប្រកាន់​អំពី​បទល្មើស លើ​ស្ត្រី​ម្ចាស់ផ្ទះ ដែល​បាន​ប្រព្រឹត្ត​ហិង្សា​លើ​ក្មេងស្រី​បម្រើ​កន្លងមក​។​

​បើតាម​លោក ជា សុវណ្ណ ការបញ្ជូន​ខ្លួន​ស្ត្រី ដែល​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី​រងគ្រោះ ទៅ​តុលាការ​នឹង​អាចអនុវត្ត​នៅថ្ងៃនេះ ឬ​ថ្ងៃស្អែក​។ «​ចំពោះ​ទោសទណ្ឌ​កម្រិតណា​ មិនទាន់​ដឹង​ទេ ពីព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​»​។​នេះ​ជាការ​បញ្ជាក់​របស់​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រូបនេះ​។​

​កាលពី​ថ្ងៃទី​២៧ ឧសភា កន្លងមក សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​នោះ ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​សម្លៀកបំពាក់ នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ  មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ បើតាម​សម្ដី​ក្មេងស្រី​រងគ្រោះ ស្ត្រី​ខាងលើ​បាន​ប្រើ​អំពើហិង្សា​មកលើ​រូបនាង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ម្ចាស់ផ្ទះ ដែលមាន​លទ្ធភាព​ជួល​អ្នកបម្រើ​ជួយ​មើលថែរក្សា​ផ្ទះ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហាលំបាក​របស់​ពួកគេ ចៀសវាង​គិតតែ​ពី​អារម្មណ៍​ខ្លួនឯង ដែលជា​ម្ចាស់ផ្ទះ​។​សម្ដេច ហ៊ុន សែន ចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ គឺជា​ការងារ​លំបាក ដែល​តម្រូវ​ម្ចាស់ផ្ទះ ផ្ដល់​ការគោរព​ឲ្យ​តម្លៃ និង​មាន​ចិត្តធម៌​ចំពោះ​ពួកគេ​ផងដែរ​៕

អត្ថបទទាក់ទង



Tag:
 ហិង្សា​លើ​កុមារ​
 ​ជា សុវណ្ណ​
 ​ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com