អន្តរជាតិ
អឺរ៉ុប និង​អាស៊ី រួមគ្នា​ដើម្បី​ពិភពលោក​មួយ ដែល​កាន់​តែមាន​សន្តិសុខ​ជាង​មុន​
29, May 2018 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
Op-Ed ពី​លោកស្រី Federica Mogheriniតំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ​/​និង​ជា​អនុប្រធាន​គណៈកម្មាការ​អឺរ៉ុប​

​អឺរ៉ុប និង​អាស៊ី មិនដែល​នៅ​កៀក​គ្នា​បែប​នេះឡើយ​កន្លងមក​។ សេដ្ឋកិច្ច​របស់​យើង បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា​ទៅវិញទៅមក​។ វប្បធម៌​របស់​យើង​ក៏បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា​ទៅវិញទៅមក ហើយ​សន្តិសុខ​របស់​យើង​ក៏បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា​៖ យើង​ជួបប្រទះ​បញ្ហា​ប្រឈម​ដូចគ្នា យើង​ប្រឈម​នឹង​ការគំរាមកំហែង​ស្រដៀង​គ្នា ហើយ​យើង​មាន​គោលបំណង​ដូចគ្នា ក្នុងការ​រក្សា​សន្តិភាព​នៅក្នុង​តំបន់​របស់​យើង ក៏ដូចជា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទូទាំង​សកលលោក​ទាំងមូល​។​



​កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក​ទាំង ២៨ របស់​សហភាព​អឺរ៉ុប បានសម្រេច​ចិត្ត​រួមគ្នា​ថា យើង​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​របស់​យើង នៅក្នុង​អាស៊ី និង​ជាមួយ​អាស៊ី ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អឺរ៉ុប​-​អាស៊ី ដែល​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន​។ ពេលដែល​អ្នក​នៅ​អឺរ៉ុប និង​អ្នក​នៅ​អាស៊ី​ចាត់ទុក​ខ្លួនឯង​ថា ជា​មិត្តភក្តិ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា លែងមានទៀតហើយ​។ ដើម្បី​រក្សា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង យើង​ក៏​ចាំបាច់​ត្រូវផ្តោត​ការយកចិត្ត​ទុក​ដា​ក់រួ​ម​គ្នា លើ​សន្តិសុខ​ពិភពលោក​ផងដែរ​។​

​នៅ​អាស៊ី ក៏ដូចជា​នៅ​កន្លែង​ដទៃទៀត​ដែរ មុខមាត់​ផ្នែក​សេដ្ឋកិច្ច​របស់​អឺរ៉ុប គឺជា​មុខមាត់​ដែល​មនុស្ស​ស្គាល់​ភាគច្រើន ។  វា​មាន​ទំនាក់ទំនង​ជាមួយនឹង​តួនាទី​របស់​យើង ក្នុងនាម​ជា​ប្លុក​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ពិភពលោក ដោយសារតែ​យើង គឺជា​អ្នកវិនិយោគ​លេខ ១ ឬ​លេខ ២ ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ភាគច្រើន ហើយដោយ​សារ​យើង គឺជា​អ្នកផ្ដល់ជំនួយ​អភិវឌ្ឍន៍​ធំជាងគេ​របស់​ពិភពលោក​។

​ប៉ុន្តែ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល នោះ​គឺ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​របស់​យើង​ក្នុង​វិស័យ​សន្តិសុខ បែរជា​ក្លាយទៅជា​វិស័យ ដែល​កំពុងមាន​ការរីក​ចម្រើន​ជាងគេ​ទៅវិញ បើ​គិតពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ជាមួយនឹង​ដៃគូ​នៅ​អាស៊ី​។ ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​នេះ ឆ្លុះបញ្ចាំង​ការផ្លាស់ប្ដូរ​ចំនួន​ពីរ​។ ទី ១ ដៃគូ​របស់​យើង​នៅ​អាស៊ី កាន់តែ​ចង់ឱ្យ​សហភាព​អឺរ៉ុប​មាន​វត្តមាន​ក្នុង​តំបន់​នេះ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅក្នុង​តំបន់​នេះ​។ គុណ​តម្លៃបន្ថែម​របស់​យើង កើតចេញ​ជាពិសេស​ពីបទ​ពិសោធន៍​របស់​យើង ជាមួយនឹង​ការប្រើប្រាស់​អភិក្រម​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​នៅ​ថ្នាក់​តំបន់ ក្នុងការ​គ្រប់គ្រង​វិបត្តិ ហើយ​ជំនាញ​ប្រភេទ​នេះ កំពុងមាន​តម្រូវការ​ខ្ពស់​។ ទី ២ សហភាព​អឺរ៉ុប​ខ្លួនឯង បាន​បោះជំហាន​ប្រកបដោយ​មហិច្ឆតា​ខ្ពស់ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន ក្នុង​វិស័យ​ការពារជាតិ​។ យើង​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម ដែល​អាច​ជឿ​ទុកចិត្តបាន​ប៉ុណ្ណោះ​ទេ ហើយក៏​មិន​ត្រឹមតែ​ជា​សសរស្ដម្ភ​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ប៉ុណ្ណោះ​ទេ សហភាព​អឺរ៉ុប ក៏​ជា​តួអង្គ​ការសំខាន់​ក្នុង​វិស័យ​សន្តិសុខ​ផងដែរ​។

​បច្ចុប្បន្ននេះ សហភាព​អឺរ៉ុប​មាន​បេសកកម្ម​ស៊ីវិល និង​យោធា ចំនួន ១៦ ទូទាំង​សកលលោក​៖ យើង ផ្តល់​ការបំពាក់​បំប៉ន​ដល់​កម្លាំងប្រដាប់អាវុធ​ក្នុងប្រទេស​ម៉ាលី​, យើង​ផ្ដល់​ដំបូន្មាន​ដល់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង     អ៊ីរ៉ាក់​អំពី​កំណែទម្រង់​វិស័យ​សន្តិសុខ​ស៊ីវិល​របស់​ពួកគេ​, យើង​ប្រយុទ្ធ​ប្រឆាំងនឹង​ចោរ​សមុទ្រ​នៅ​សមុទ្រ​ឥណ្ឌា​។ កាលពីពេល​ថ្មីៗ​នេះ រួមគ្នា​ជាមួយនឹង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប យើង​បានប្រកាស​ចាប់ផ្ដើម​កម្ម​វិធី “​សហប្រតិបត្តិការ​អចិន្ត្រៃយ៍ ដោយមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ (Permanent Structured Cooperation)” សម្រាប់   វិស័យ​សន្តិសុខ និង​វិស័យ​ការពារជាតិ​, យើង​កំពុង​រួម​កម្លាំង​គ្នា ដើម្បី​ក្លាយជា​អ្នកផ្ដល់​សេវា​សន្តិសុខ ដែល​កាន់តែ​អាច​ជឿទុកចិត្ត​ខ្ពស់ជាង​មុន​។ រដ្ឋ​ជា​សមាជិក​របស់​យើង​បាន​ប្ដេជ្ញា​ធ្វើការ​វិនិយោគ​រួមគ្នា​លើ​គម្រោង​ជាច្រើន ចាប់ពី​ការឆ្លើយតប​បែប​រហ័ស ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត រហូតដល់​ការបង្កើត​ប្រព័ន្ធ​ប្រើប្រាស់​នវានុវត្តន៍ សម្រាប់​សន្តិសុខ​ផ្ទៃសមុទ្រ រហូតដល់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អឺរ៉ុប​សម្រាប់​កងកម្លាំង​របស់​យើង ដែល​ធ្វើ​អន្តរាគមន៍​ក្នុងករណី​មាន​គ្រោះមហន្តរាយធម្មជាតិ​កើតមានឡើង​។ ខ្ញុំ​ក៏បាន​លើក​ស្នើឱ្យ​មានការ​បង្កើត​មូលនិធិ​ថ្មី​មួយ ក្រៅ​ក្របខ័ណ្ឌ​ថវិកា​របស់​សហភាព​អឺរ៉ុប ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​សន្តិសុខ​ដៃគូ​របស់​យើង​ផងដែរ​។

​រួមគ្នា​សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក មាន​ថវិកា​ការពារជាតិ​ច្រើនជាងគេ​លំដាប់​ទី ២ នៅក្នុងពិភពលោក ដូច្នេះ​សហភាព​អឺរ៉ុប​មាន​សក្ដានុពល​យ៉ាង​ធំធេង​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​។ យើង​ក៏បាន​បោះជំហាន​ធំៗ​សំខាន់ៗ​ជាច្រើន​នៅក្នុង​ឆ្នាំ​កន្លងទៅនេះ ដែលជា​ការឆ្លុះបញ្ចាំង​ថា ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប ក៏ដូចជា ប្រជាពលរដ្ឋនៅក្នុង​ពិភពលោក​ទាំងមូល កាន់តែ​ពឹង​អាស្រ័យ​លើ​សហភាព​អឺរ៉ុប​ក្នុង​ការផ្ដល់​ការការពារ​ដល់​ពួកគេ ហើយ​និន្នាការ​នេះ​នឹង​នៅតែ​បន្ត​មាន​ទៀត​។

​ចាប់តាំងពី​ការសហការ​ដំបូង​របស់​យើង​ក្នុង​ដំណើរការ​ការពារ​សន្តិ​ភាព​នៅក្នុង​ខេត្ត​អា​ឆេ ប្រទេស​ឥណ្ឌូនេស៊ី ប្រមាណ​ជិត ១៥ ឆ្នាំ​កន្លងទៅនេះ យើង​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​របស់​យើង​នៅ​អាស៊ី និង​ជាមួយ​អាស៊ី ក្នុង​កម្រិត​ធំធេង​៖ យើង​កំពុងធ្វើការ​ងារ​រួមគ្នា​ក្នុង​វិស័យ​សន្តិសុខ​តាម​ប្រព័ន្ធអ៊ិន​ធឺ​ណែ​ត ការប្រឆាំង​អំពើ​ភេរវកម្ម ការទប់ស្កាត់​ការ​សាយភាយ​អាវុធ​ប្រល័យ​លោក ក៏ដូចជា គាំទ្រ​ដល់​ដំណើរការ​រក្សា​សន្តិភាព​នៅក្នុង​តំបន់​ទាំងមូល ចាប់ពី​ប្រទេស​អាហ្កានីស្ថាន រហូតដល់​តំបន់​មីណា​ណាវ រហូតដល់​ប្រទេស​មី​យ៉ាន​ម៉ា​។ យើង​ក៏បាន​ទទួល​ការរួមចំណែក​ជាក់លាក់​ពី​ដៃគូ​ជាច្រើន​នៅ​អាស៊ី ក្នុងការ​ប្រយុទ្ធ​នឹង​ចោរ​សមុទ្រ នៅតាម​បណ្ដោយ​ឆ្នេរ​សុ​ម៉ាលី​ផងដែរ​។ នៅក្នុង​បរិបទ​នៃ​វេទិកា​ប្រចាំ​តំបន់​អាស៊ាន​វិញ យើង​កំពុងធ្វើការ​ងារ​រួមគ្នា​ជាមួយ​ប្រទេស​វៀតណាម និង​អូស្ត្រាលី ក្នុង​វិស័យ​សន្តិសុខ​លើ​ផ្ទៃសមុទ្រ​។ យើង​ក៏បាន​ចុះកិច្ចសន្យា​ក្នុង​វិស័យ​យោធា​កាន់តែ​ច្រើនជាង​មុន ជាមួយនឹង​ប្រទេស​នានា​នៅ​អាស៊ី​ផងដែរ ឧទាហរណ៍ ប្រធាន​គណៈកម្មាធិការ​យោធា​របស់​សហភាព​អឺរ៉ុប បានធ្វើការ​ពិភាក្សា​ជាមួយនឹង​សម​ភាគី​របស់លោក​នៅក្នុងទីក្រុង​ប៉េកាំង អ៊‍ិ​ស្លាម​បាត និង​សេ​អ៊ូ​ល​។​ល​។ ដែល​នេះ​គ្រាន់តែ​ជា​ដៃគូ​មួយចំនួន​តូច​តែប៉ុណ្ណោះ​។ យើង​ក៏បាន​ពង្រាយ​អ្នកជំនាញ​ខាង​សន្តិសុខ​ទៅកាន់​ស្ថានទូត​សហភាព​អឺរ៉ុប​ជាច្រើន នៅ​អាស៊ី​ផងដែរ​។

​ប្រហែលជា​បញ្ហាសំខាន់ និង​បន្ទាន់​ជាងគេ​ក្នុង​កិច្ច​សហប្រតិបត្តិ​វិស័យ​សន្តិសុខ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ី​នៅពេលនេះ គឺ​ការទប់ស្កាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ យើង​មាន​ចំណាប់អារម្មណ៍​រួមគ្នា​ក្នុង​ការជួយ​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​អឺ​រ៉ង់ និង​គាំទ្រ​ដល់​កិច្ចចរចា​បង្ការ​ការ​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ នេះ​គឺជា​មូលហេតុ ដែល​សហភាព​អឺរ៉ុប​បាន​សហការ​យ៉ាង​ពេញលេញ​ជាមួយនឹង​បណ្ដា​ដៃគូ​នានា នៅ​អាស៊ី​ជុំវិញ​បញ្ហា​បន្ទាន់​ទាំងពីរ​នេះ​។ ប្រទេស​ចិន​គឺជា​ហត្ថលេខី​មួយ​នៃ​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួមគ្នា ហើយ​ក្នុងពេល​ជាមួយគ្នា ចិន​ក៏​ជា​ប្រទេស​ដ៏​សំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​លុបបំបាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ​ឱ្យបាន​ពេញលេញ អាច​ផ្ទៀងផ្ទាត់​បាន និង​មិនអាច​ប្តូរ​ត្រឡប់​ទៅរក​អតីតកាល​វិញ​បាន​។ ដូចគ្នានេះដែរ ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​ដទៃទៀត សុទ្ធតែជា​ប្រទេស​ដែល​ទទួលបាន​ប្រយោជន៍​ខ្ពស់​ក្នុង​ការធានា​យ៉ាងណា​ឱ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយនឹង​ប្រទេស​អឺ​រ៉ង់​ត្រូវបាន​រក្សា និង​លុបបំបាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីប​កូរ៉េ​។ យើងទាំងអស់គ្នា​សុទ្ធតែជា​អ្នកធ្វើ​កិច្ចការ​ទាំងអស់នេះ​។ សន្តិភាព​ពិភពលោក​តម្រូវឱ្យមាន​កិច្ចខិតខំ​ប្រែង​ទូទាំង​សកលលោក​។​
​    ​
ជា​ជំហាន​បន្ទាប់ ដូចដែល​គូសបញ្ជាក់​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហ​ភាព​អឺរ៉ុប​កាលពី​ម្សិលមិញ នេះ យើង​ចាំបាច់​ត្រូវ​បន្ត​អនុវត្ត​សកម្មភាព​ថ្មីៗ​។ សហភាព​អឺរ៉ុប​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយ​ដៃគូ​នៅ​អាស៊ី​ក្នុង​វិស័យ​ផ្សេងៗ ដូចជា កសាង​សមត្ថភាព​កម្មវិធី​បណ្ដុះ​បណ្ដាល រាប់បញ្ចូល​ទាំង​បេសកកម្ម​រក្សា​សន្តិភាព របស់​សហប្រជាជាតិ​ផង និង​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាដើម​។
​   
​ក្នុងនាម​ជា​សហភាព​អឺរ៉ុប យើង​ដឹងថា​បន្ទាប់ពី​ជម្លោះ​រាប់​សតវត្សរ៍​បានធ្វើឱ្យ​ទ្វីប​របស់​យើង​ជួបប្រទះ​នឹង​ការបែកបាក់ កិច្ចសហប្រតិបត្តិការ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​សន្តិភាព ហើយ​សន្តិភាព​នឹង​នាំមក​នូវ​វិបុលភាព​។ ប៉ុន្តែ នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ ជារឿយៗ​ការគិត​ជា​ឯកតោភាគី តែង​ទទួលបាន​អាទិភាព​ជាង​ការស្វែងរក​គោលជំហរ​រួមគ្នា​។ តួអង្គ​ច្រើន​ពន់ពេក ដែល​ប្រើប្រាស់​ការប្រឈមមុខ​ដា​ក់​គ្នា ដើម្បី​សម្រេច​គោលដៅ​រយៈពេល​ខ្លី​របស់​ពួកគេ ចៀស​ជាង​កសាង​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព តាមរយៈ​ការផ្សះផ្សារ​គ្នា​។ ជាមួយនឹង​បរិការណ៍​នេះ អ្នក​ដែល​ជឿ​លើ​លំដាប់លំដោយ​ក្នុង​ពិភពលោក ក្នុង​លក្ខណៈ​ពហុភាគី គឺជា​អ្នក​ដែល​នឹង​ទទួលបាន​ផលប្រយោជន៍ និង​មាន​កាតព្វកិច្ច​ចូលរួម​កម្លាំង​គ្នា​។ អឺរ៉ុប និង​អាស៊ី​រួមគ្នា​អាច​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ប្រើប្រាស់​អភិក្រម​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​នយោបាយ​របស់​ពិភពលោក​។


Tag:
 សហភាព​អឺរ៉ុប​
  Federica Mogherini
© រក្សាសិទ្ធិដោយ thmeythmey.com