អន្តរជាតិ
រដ្ឋាភិបាល​មហា​ធៀ ធានា​សេរីភាព​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​អាច​រិះគន់រ​ដ្ឋា​ភិ​បាល​បាន​ស្រួល​
29, May 2018 , 7:39 pm        
រូបភាព
រូបភាព Malay Mail
រូបភាព Malay Mail
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​បានបញ្ជាក់​ជាថ្មី​ពី​ការគាំទ្រ និង​ធានា​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋា​ភិ​បាល​លោក មហា​ធៀ មហាម៉ាត់​។ លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សេរីភាព​ច្រើនជាង​មុន​ក្នុងពេល​បំពេញការងារ​របស់ខ្លួន រួមទាំង​មាន​សេរីភាព​រិះគន់​រដ្ឋាភិបាល​បានដែរ​។



​ការផ្តល់​សេរីភាព​សារព័ត៌មាន​ទូលំទូលាយ​ជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​ស្ថាប័ន​របស់​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​សម្ព័ន្ធ​គណបក្ស Pakatan Harapan និង​មាន​លោក មហា​ធៀ មហាម៉ាត់​ជា​ប្រមុខ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​ថ្មី​របស់​ម៉ាឡេស៊ី​លោក Gobind Singh Deo ។​

​ក្នុង​បទសម្ភាសន៍​មួយ​ផ្តាច់មុខ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama លោក​រដ្ឋមន្ត្រី​ថ្មី​នេះ​បាន​និយាយថា រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​គួរតែ​ទទួលបាន​សេរីភាព​ច្រើនជាង​នេះ​ក្នុងការ​បំពេញការងារ​ខ្លួន ក៏ដូចជា​ក្នុង​ការរិះគន់​រដ្ឋាភិបាល​ដើម្បី​ធានា​ការអភិវឌ្ឍ​ដែរ​។​

«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សំឡេង​របស់​ប្រជាជន ហើយ​រដ្ឋាភិបាល​ក៏​គួរតែ​ត្រៀមខ្លួន​ទទួលយក​ការរិះគន់​ដែរ​ដើម្បី​ឲ្យ​យើង​អាច​ធានា​ការកែទម្រង់​បាន​ជោគជ័យ​។ ការយកចិត្ត​ទុក​របស់​យើង​គឺ​លើ​ប្រជាជន​ដែល​អាច​ទទួលបាន​សិទ្ធិ​ក្នុងការ​បញ្ចេញយោបល់ និង​ការយល់ឃើញ​របស់ខ្លួន​រួម​ជា​អ្នក​ដែល​ប្រឆាំង​ផង​។ ដូច្នេះហើយ​គេ​អាច​វាយតម្លៃ​តាម​ការយល់ឃើញ​របស់​ខ្លួន​ដូចគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី Gobind Sign ពេល​លោក​ទៅ​ទស្សនកិច្ច​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ខាងលើនេះ​។

​ក្រៅពី​ធានា​ផ្តល់​សេរីភាព​បន្ថែម​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក Sign បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​ក៏​នឹង​បន្ត​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​ការងារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ជាពិសេស​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ និង​ត្រៀម​ស្តាប់​មតិយោបល់ ក៏ដូចជា​ការ​ត្អូញត្អែរ ឬ​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​ផងដែរ​។

​នេះ​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​កែទម្រង់ ឬ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ហើយ​វា​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មានលទ្ធភាព​ទាញ​អ្នកទស្សនា​បាន​ច្រើន​ដែល​អាច​ប្រជែង​ជាមួយ​សារព័ត៌មាន​បរទេស​ដែរ​។​

​យ៉ាងណា​ក៍ដោយ រដ្ឋមន្ត្រី​ព័ត៌មាន​រូបនេះ​ក៏​ដាស់តឿន​ឲ្យ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​បន្ត​អនុវត្ត​វិជ្ជាជីវៈ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​អនុវត្ត​ការងារ​តាមច្បាប់ និង​លិខិតបទដ្ឋាន​ដែលមាន​កំណត់​ផងដែរ​។​

​តាមពិតទៅ ក្រោយពេល​ស្បថ​ចូលកាន់​តំណែង លោក​រដ្ឋមន្ត្រី Sign បានប្រកាសថា ក្រសួង​លោក​បានស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​និរាករណ៍​ច្បាប់​ដ៏​ចម្រូងចម្រាស​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​ដាក់​អនុវត្ត​ដោយ​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់​ផង​។  អ្នកសារព័ត៌មាន​ម៉ាឡេស៊ី​សាទរ​ចំណាត់​របស់​រដ្ឋាភិបាល​លោក មហា​ធៀ ព្រោះ​រដ្ឋាភិបាល​នេះ​មាន​គោលដៅ​ការពារ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​ផងដែរ​៕

អត្ថបទទាក់ទង

 


Tag:
 មហា​ធៀ មហាម៉ាត់​
  Gobind Singh Deo
  សេរីភាព​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com