អន្តរជាតិ
អតីត​មេ​ចារកម្ម​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅ​អាមេរិក​ដើម្បី​រៀបចំ​ជំនួប​ត្រាំ​-​គីម​
29, May 2018 , 9:39 pm        
រូបភាព
លោក គីម យ៉ុងឈុល (កណ្ដាល) អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ នាដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងកន្លងមក
លោក គីម យ៉ុងឈុល (កណ្ដាល) អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ នាដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងកន្លងមក
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង គីម យ៉ុង​ឈុ​ល (Kim Yong-chol) នឹង​ហោះ​ទៅ​អាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ការងារ​ជាមួយ​មន្ត្រី​អាមេរិក​។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​មន្ត្រី​ថ្នាក់ខ្ពស់​របស់​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ​។ វត្តមាន​របស់លោក គីម នៅ​អាមេរិក នឹង​ផ្ដោត​សំខាន់​លើ​គម្រោង​ជួបគ្នា​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​នៅ​ខែក្រោយ​។​



​លោក គីម យ៉ុង​ឈុ​ល ដែលជា​អតីត​ប្រធាន​ចារកម្ម​របស់​កូរ៉េខាងជើង បាន​ឈប់សម្រាក​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​រង់ចាំ​ជើងយន្តហោះ មុន​បន្តដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​ដើម្បី​ជួប​ជាមួយ​មន្ត្រីរដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​២៩ ខែឧសភា​។​

​ដំណើរ​ទៅកាន់​អាមេរិក​របស់លោក គីម ធ្វើឡើង​ស្របពេល​ដែល​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ខ្វែងដៃខ្វែងជើង​ក្នុងការ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។​

​លោក គីម យ៉ុង​ឈុ​ល ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​នយោបាយ​ការបរទេស​របស់​កូរ៉េខាងជើង​នា​រយៈពេល​ចុងក្រោយ​នេះ​។ លោក​ទទួលបន្ទុក​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​នាពេល​កន្លងមក ក៏ដូចជា​កិច្ចការ​ជាមួយ​អាមេរិក​ផង​។ គេ​ជឿថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo ក្នុង​ទស្សនកិច្ច​សម្ងាត់​ពីរដង​នៅ​រដ្ឋធានី​ព្យុងយ៉ាង​។​

​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នេះ មន្ត្រី​កូរ៉េខាងជើង​រូបនេះ​នឹងត្រូវ​ជួបចរចា​ជាមួយ​លោក Mike ក្នុង​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ការងារ​។ ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​អាច​គ្មានអ្វី​ក្រៅពី​ការជជែក​លើ​លទ្ធភាព​ជំនួប​លោក ត្រាំ និង​លោក គីម ដែល​គ្រោង​ធ្វើ​នៅ​សិង្ហ​បុរី​ឡើយ ហើយ​គេ​ក៏​ជឿថា ជា​ជំនួប​ថ្នាក់​ក្រុមការងារ​នេះ​មាន​គោលដៅ​ជជែក​ជា​ចុងក្រោយ​លើ​ការរៀបចំ​សម្រាប់​ការចរចា​ជា​ប្រវត្តិសាស្ត្រ​នៅ​ខែក្រោយ​ឲ្យ​បាន​ស្រេចបាច់​។​

​ស្របគ្នា​នេះដែរ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​ក៏បាន​ជួបគ្នា​ក្នុងជំនួប​ពីរ​ដាច់ដោយឡែក​ទៀត​លើ​ការរៀបចំ​ជំនួប​នេះដែរ​។ នៅ​តំបន់​គ្មាន​យោធា​នៃ​ឧបទ្វីប​កូរ៉េ មន្ត្រី​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​បាន​ជួបគ្នា​ដើម្បី​ជជែក​ពី​របៀបវារៈ​នៃ​ជំនួប​កំពូល ក៏ដូចជា​មធ្យោបាយ​រំសាយ​នុយក្លេអ៊ែរ​ដែរ​។ ចំណែក​នៅ​សិង្ហ​បុ​រិ​វិញ មន្ត្រី​សេត​វិមាន​ក៏​ជួប​ជាមួយ​មន្ត្រី​ជំនិត​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ដើម្បី​ពិភាក្សា​ពី​ពិធីការ ការធ្វើដំណើរ និង​សន្តិសុខ​ជាដើម​។​

​ជុំវិញ​ជំនួប​ដែល​ស្លាប់​ហើយ តែ​ស្រាប់​មាន​ដង្ហើម​ឡើងវិញ​នេះ ការខ្វែងគំនិត​រវាង​អាមេរិក និង​កូរ៉េខាងជើង​អាច​កើតមាន​លើ​របៀប​រំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​តែម្ដង​។ អាមេរិក​ចង់បាន​ការ​លុបបំបាត់​នុយក្លេអ៊ែរ​ដែល​ធ្វើឡើង​ម្ដង​ចប់សព្វគ្រប់ មានការ​ត្រួតពិនិត្យ និង​មិនអាច​វិលត្រឡប់​ទៅក្រោយ​ឡើយ មុននឹង​អាមេរិក​លើកលែង​ទណ្ឌ​កមម​។ ប៉ុន្តែ​កូរ៉េខាងជើង​ចង់​ឲ្យ​មានការ​រំសាយ​នុយក្លេអ៊ែរ​នេះ​ជា​ដំណាក់កាល និង​ធ្វើឡើង​ព្រម​គ្នា​ជាមួយនឹង​ការព្យួរ​ទណ្ឌកម្ម​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  Kim Yong-chol
© រក្សាសិទ្ធិដោយ thmeythmey.com