ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន រិះគន់បក្សនយោបាយ ដែលប្រើពាក្យរាជានិយម ទៅឃោសនាបោះឆ្នោត
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យគណបក្សនយោបាយ កុំប្រើប្រាស់ពាក្យរាជានិយម ទៅឃោសនាបោះឆ្នោត។ សម្ដេច ចាត់ទុកការប្រើប្រាស់ពាក្យរាជានិយមនេះ ជាការប្រមាថព្រះកិត្តិនាមព្រះមហាក្សត្រ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្ដេច ហ៊ុន សែន រិះគន់ថា ការប្រើប្រាស់បក្សអ្នករាជានិយម ទៅប្រាប់ប្រជាពលរដ្ឋនោះ គឺជារឿងមិនត្រឹមត្រូវឡើយ ព្រោះពាក្យរាជានិយម មិនមែនសម្រាប់សម្គាល់ផ្ដាច់មុខរបស់អ្នកណាម្នាក់ទេ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បាននិយាយថា ការប្រើពាក្យរាជានិយមទៅឃោសនា នឹងធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រផងដែរ។
ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានពន្យល់ថា បើគណបក្សនយោបាយមួយ យកពាក្យរាជានិយមទៅឃោសនាបោះឆ្នោតហើយ ប៉ុន្តែមិនទទួលបានការគាំទ្រច្រើនពីពលរដ្ឋ ដែលអាចបានអាសនក្នុងរដ្ឋសភានោះ វាហាក់ដូចជាធ្វើឲ្យព្រះកិត្តិនាមព្រះមហាក្សត្រ រងការអាប់ឱនដោយសារតែការឃោសនារបស់គណបក្សនយោបាយនេះ។
«អ្នកខ្លះតាំងខ្លួនជាគណបក្សរាជានិយម ដោយយករាជានិយម និងរាជបល្ល័ង្ក យកមកផ្សាភ្ជាប់ ដើម្បីធ្វើជាដើមទុនធ្វើការឃោសនានយោបាយ មិនមែនជារឿងល្អទេ។ របបរាជានិយមបើទុកគ្រាន់តែគណបក្សនយោបាយមួយការពារមិនគ្រប់គ្រាន់ទេ អំពើឆោតល្ងង់របៀបនេះ មិនត្រូវយកមកប្រើទេ ។ ត្រូវប្រមូលគណបក្សនយោបាយទាំងអស់មកចូលរួម ប្រជាជនទាំងអស់ការពាររបបរាជានិយម ទើបរបបរាជានិយមទៅបាន។ វាច្បាស់ណាស់ថា វាជាការបន្ថោកបន្ទាបរបបរាជានិយម ប្រសិនបើអ្នកទៅឃោសនាថា ខ្ញុំជារាជានិយម ប៉ុន្តែបែរជាអត់មានសំឡេងឆ្នោត បែរជាគ្មានកៅអីនៅក្នុងរដ្ឋសភា តើព្រះមហាក្សត្រ ព្រះអង្គនឹងត្រូវរងការប្រមាថបែបណា? សម្ដេចហ្លួងម៉ែ ហើយកាលពីអតីតកាលសម្ដេចឪ មានព្រះជន្ម ព្រះអង្គមានព្រះទ័យបែបណា ពិបាកចិត្តបែបណា នៅពេលគេយកព្រះកិត្តិនាមព្រះអង្គទៅឃោសនា។ រាជានិយមជារបស់រួម មិនជារបស់គណបក្សនយោបាយណាមួយទេ»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ដែលប្រាប់ឲ្យគណបក្សនយោបាយ ឈប់ប្រើប្រាស់ពាក្យថា «គណបក្សរាជានិយម» ទៅឃោសនាចំពោះមុខពលរដ្ឋ៕
Tag:
ហ៊ុន សែន
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com