ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន រិះគន់​គោលនយោបាយ​សម្ដេចក្រុមព្រះ ដែល​សន្យា​ដោះបំណុល​ពលរដ្ឋ​
30, May 2018 , 11:43 am        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ គោលនយោបាយ​ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ នៅតែ​ត្រូវបាន​សម្ដេចក្រុមព្រះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លើកឡើង ស្របពេល​ការបោះឆ្នោត​ខិតជិត​មកដល់​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ការឃោសនា​របស់​អ្នកនយោបាយ​បែបនេះ ជាការ​បោកប្រាស់​ប្រជាពលរដ្ឋ​។



​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា គោលនយោបាយ​ដោះបំណុល​ប្រជាពលរដ្ឋ​នេះ ជា​រឿង​មួយ​ដែល​មិនអាច​ទៅរួច​ឡើយ ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។ សម្ដេច ហ៊ុន សែន រិះគន់​គោលនយោបាយ​នេះ​ថា ជាការ​ភូតភរ​ប្រជាពលរដ្ឋ ដើម្បី​សំឡេងឆ្នោត​ប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ចំអក​ដោយ​មិន​បញ្ចេញ​ឈ្មោះថា អ្នកនយោបាយ ដែល​ដើរ​និយាយ​ជាមួយ​ពលរដ្ឋ ពី​រឿង​គោលនយោបាយ​ជួយ​ដោះបំណុល​នេះ គឺ​បាន​សរសេរ​សំបុត្រ​សុំ​ខ្ចី​ថវិកា​ពីស​ម្ដេច​ជាង​១​លាន​ដុល្លារ កាលពីពេល​ថ្មីៗ​នេះ​ទេ ដូច្នេះ​គ្មាន​លទ្ធភាព​ណា​ជួយ​ដោះបំណុល​ពលរដ្ឋ​ឡើយ​។

​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ នៅ​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៣០ ឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ខ្លាច​និយាយ​ប៉ះពាល់​ទេ ព្រោះ​អ្នកឯង​ទៅ​ប្រកាសថា សង​បំណង​ជួស​ប្រជាជន គឺជា​ការបោកប្រាស់​ប្រជាជន ដែល​ខ្ញុំ​ត្រូវតែ​និយាយ​បកស្រាយ​ឲ្យ​ប្រជាជន​បានដឹង ថា​នៅលើ​លោក​នេះ គ្មាន​លទ្ធភាព​ទេ ហើយ​អ្នក​ដែល​ទៅ​និយាយ​នេះ​ក៏​អត់​មាន​លុយ​ដែរ ។ បើ​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​សំបុត្រ​(​សុំ​ខ្ចីលុយ​) ខ្ញុំ​បង្ហាញ​បាន ខ្ញុំ​និង​បង្ហាញ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​។ ហើយ​(​អ្នក​និយាយ​)​អាង​លើ​លុយ​រដ្ឋ បើ​អាង​លើ​លុយ​រដ្ឋ សួរថា​ប្រជាជន​កម្ពុជា ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ប៉ុន្មាន​ទៅ​? សព្វថ្ងៃ​២-៣ ពាន់​លាន​ដុល្លារ ដូច្នេះ​បើ​យើង​មាន​២-៣​ពាន់​លាន​ដុល្លារ យើង​ចាំបាច់​ទៅ​ខ្ចី​បរទេស​ធ្វើ​អ្វី យើង​ទៅធ្វើ​ផ្លូវ​ឲ្យ​ចប់​ទៅ​…​ចាំបាច់​ទៅ​ខ្ចី​បរទេស​ធ្វើ​អ្វី ប៉ុន្តែ​មកពី​យើង​គ្មាន​លុយ ចេះតែ​និយាយ​បែបនេះ​ទៅរួច​»​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ធ្វើឡើង​ក្រោយពី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេច​នរោត្តម រណឫទ្ធិ បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ កន្លងមក​ថា ព្រះអង្គ​នឹង​សម្រួល​ដល់​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ នៅពេលដែល​គណបក្ស​ទ្រង់ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​៕


Tag:
 ហ៊ុន សែន​
  បក្សនយោបាយ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com