ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
តើ​ស្ត្រី​ជនជាតិកាណាដា Kanha Sandrine ដែល​ច្រៀង​បទ​ខ្មែរ ជា​អ្នកណា​?
30, May 2018 , 4:56 pm        
រូបភាព
​ពលរដ្ឋ​ខ្មែរ​អ្នក​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក អាច​ធ្លាប់​ឃើញ​ឃ្លី​ប​វីដេអូ​ចម្រៀង​របស់​ស្ត្រី​បរទេស​ស្បែ​កស សក់ទង់ដែង ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ហើយ​ច្រៀង​ជា​ភាសា​ខ្មែរ​។ គឺ​កញ្ញា សង់​ឌ្រី​ន  Kanha Sandrine   ដែលជា​ជនជាតិ​កាណាដា ដែល​រស់នៅក្នុង​ខេត្ត​និយាយ​ភាសា​បារាំង ម៉ុងរ៉េអាល់​។ មិន​ត្រឹមតែ​ច្រៀង​បទ​ចម្រៀង​ខ្មែរ​នា​ទស្សវត្សរ៍​១៩៦០ និង​៧០​ទេ កញ្ញា សង់​ឌ្រី​ន វ័យ​ជាង​២០​ឆ្នាំ​ក៏​ច្រៀង​បទ​ចម្រៀង​បរទេស​ល្បីៗ ដែល​ត្រូវបាន​បកប្រែ​មកជា​ភាសា​ខ្មែរ​ដែរ​។ កញ្ញា សង់​ឌ្រី​ន កំពុង​ចិញ្ចឹមចិត្ត​មក​ច្រៀង​បទ​ចម្រៀង​ខ្មែរ​នៅលើ​ឆាក​តន្ត្រី​នៅលើ​ទឹកដី​កម្ពុជា និង​នៅ​ចំពោះមុខ​សាធារណជន​ខ្មែរ​ជាថ្មី​ម្តងទៀត​។ តើក​ញ្ញា សង់​ឌ្រី​ន ជា​អ្នកណា​? កញ្ញា សង់​ឌ្រី​ន បាន​ឆ្លើយ​សំណួរ​នេះ​ទៅ​លោក លាង ដឺ​លុច អគ្គនាយក​សារព័ត៌មាន​ថ្មីៗ​។



​លោក លាង ដឺ​លុច​៖ ជាបឋម ខ្ញុំ​ចង់ដឹងថា តើ​ហេតុអ្វី​បានជា​កញ្ញា​អាច​និយាយ​ភាសា​ខ្មែរ​បាន​? ហើយ​បន្ទាប់មក​ហេតុអ្វី​បានជា​កញ្ញា​ច្រៀង​ចម្រៀង​ខ្មែរ​នា​ទស្សវត្សរ៍​១៩៦០ និង​១៩៧០?


កញ្ញា សង់ឌ្រីន និងមិត្តភក្តិ​របស់​កញ្ញា លោក Tony Keo

កញ្ញា Sandrine៖ ខ្ញុំ​និយាយ​ភាសា​ខ្មែរ​បាន​បន្តិចបន្តួច ពីព្រោះ​ខ្ញុំ​មាន​មិត្ត​ជិតស្និទ្ធ​ម្នាក់​គឺ​លោក តូ​នី កែវ  ដែល​បាន​បង្រៀន​ខ្ញុំ​។ លោក តូ​នី កែវ គឺជា​ជនជាតិខ្មែរ ហើយ​បច្ចុប្បន្ន​គាត់​រស់នៅ​ប្រទេស​កាណាដា​។ គាត់​បាន​បង្រៀន​ខ្ញុំ​ច្រៀង​ភាសា​ខ្មែរ ពីព្រោះ​គាត់​ចង់​ច្រៀង​ចម្រៀង​រួមគ្នា​ជាមួយ​ខ្ញុំ​។ មុនដំបូង ខ្ញុំ​បាន​ហាត់​ច្រៀង​បទ Price Tag ដែល​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ដែល​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ ហើយ​វា​បាន​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ហាត់​ច្រៀង​ចម្រៀង​ខ្មែរ​ផ្សេងទៀត​។ ខ្ញុំ​បានជ្រើសរើស​បទ​ចម្រៀង​ខ្មែរ​ក្នុង​ទស្សវត្សរ៍​៦០ និង​៧០ ពីព្រោះ​ខ្ញុំ​ចូលចិត្ត​សាច់ភ្លេង​សម័យ​នោះ​។​

​លោក លាង ដឺ​លុច​៖ តើក​ញ្ញា​បានចាប់ផ្តើម​ធ្វើការ​ងារ​នេះ​តាំងពី​ពេលណា​មក​? ទាំង​ការ​ហាត់រៀន​ច្រៀង​ភាសា​ខ្មែរ និង​ថត​ជា​វីដេអូ​សម្តែង​?

​កញ្ញា Sandrine៖ ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អាយុ​៦​ឆ្នាំ​មក​ម្លេះ​។ ខ្ញុំ​ធ្លាប់បាន​សម្តែង​នៅតាម​ស្ថានីយទូរទស្សន៍​នៅ​ក្រុង​Québec ហើយ​ក៏បាន​ចូលរួម​ក្នុង​សហគមន៍​អ្នកសិល្បៈ​ដែរ​។ នៅ​ឆ្នាំ​២០១៥ ខ្ញុំ​បានចាប់ផ្តើម​ធ្វើ​បទ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ចម្រៀង Price Tag​។ ខ្ញុំ​ផលិត​វីដេអូ​ឃ្លី​ប និង​ធ្វើ​បទ​ភ្លេង​ដោយ​ខ្លួនឯង​។ ខ្ញុំ​ចង់​ផលិត​បទ​ចម្រៀង​ឲ្យ​បាន​ច្រើន ប៉ុន្តែ​ថវិកា​ខ្ញុំ​មានកំណត់​។ ប៉ុន្តែ​សំណាងល្អ ខ្ញុំ​បាន​ស្គាល់​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ឈ្មោះ ចៅ សណ្តាប់ នឹង​អាចជួយ​ខ្ញុំ​ឲ្យ​បានរៀបចំ​ការសម្តែង និង​អាច​នាំ​ខ្ញុំ​ត្រឡប់មក​កម្ពុជា​ជាថ្មី ដើម្បី​អាច​សម្តែង និង​ច្រៀង​នៅ​ចំពោះ​សាធារណជន​។ ព្រោះតែ​គាត់ ខ្ញុំ​អាចធ្វើ​អ្វីៗ​ដែល​ខ្ញុំ​ចង់​ធ្វើ​។​

​លោក លាង ដឺ​លុច​៖ តើក​ញ្ញា Sandrine បាន​ច្រៀង​ចម្រៀង​អ្វីខ្លះ​ហើយ ជា​ភាសា​ខ្មែរ ?

​កញ្ញា Sandrine ៖ មកដល់ពេលនេះ ខ្ញុំ​បាន​បកប្រែ និង​ច្រៀង​ចម្រៀង​អាមេរិក​មកជា​ភាសា​ខ្មែរ​ចំនួន​៥​បទ រួមមាន Price Tag, Wrecking Ball, Stay, I am yours និង Shape of you​។ ខ្ញុំ​មាន​ចម្រៀង​២​បទ ដែល​ខ្ញុំ​តែង​ខ្លួនឯង និង​មាន​បទ​ខ្មែរ​ចំនួន​៤​បទ គឺ​បទ ចម្ប៉ា​បាត់ដំបង​, ពេល​រលឹម​, ថើប​អូន​មួយ​ខ្សឺត និង ឆ្នាំ​អូន​១៦​។​

​លោក លាង ដឺ​លុច​៖ កញ្ញា​បាន​ប្រាប់ថា កញ្ញា​មកដល់​កម្ពុជា​ម្តង​នៅក្នុង​ឆ្នាំ​២០១៥​។ តើ​កញ្ញា​អាច​បញ្ជាក់​បានទេ ថា​ពេលនេះ​កញ្ញា​មក​កម្ពុជា​ក្នុង​គោលបំណង​អ្វី​?



​កញ្ញា Sandrine ៖ ខ្ញុំ​បានមក​ច្រៀង​នៅលើ​ឆាក​តន្ត្រី​មួយ​។ ច្រៀង​នៅលើ​ឆាក​តន្ត្រី​នៅ​ប្រទេស​កម្ពុជា វា​គឺជា​ក្តី​សុបិន​របស់ខ្ញុំ​។ ពេលនោះ ខ្ញុំ​ក៏​ឆ្លៀតពេល​ទស្សនា និង​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ខ្ញុំ​បានរស់នៅ​រយៈពេល​២​ខែ​នៅ​ស្រុក​ខ្មែរ​ជាមួយ​ប្រជាជន​ដែល​រួសរាយ រាក់ទាក់ និង​ចិត្តល្អ​។ ខ្ញុំ​បានឃើញ​ប្រាសាទអង្គរវត្ត និង​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​។ បើ​មានឱកាស​លើក​ក្រោយ​ទៀត ខ្ញុំ​ចង់ទៅ​ឃើញ​ខេត្ត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។

​លោក លាង ដឺ​លុច​៖ កញ្ញា​និយាយថា កញ្ញា​ស្រឡាញ់​កម្ពុជា​។ តើ​កញ្ញា​ស្រឡាញ់​អ្វីខ្លះ​?


​កញ្ញា Sandrine ៖ គឺ​ភាព​រួសរាយ ចិត្តល្អ របស់​ប្រជាជន​ខ្មែរ​។ ប្រាសាទ​របស់​ខ្មែរ​គឺ​គួរ​ឲ្យ​ស្ញប់ស្ញែង​។ ខ្ញុំ​ចូលចិត្ត​ទីកន្លែង​ដែល​មនុស្សនិយម​ទៅ និង​អ៊ូអរ ដូចជា​ផ្សារ​។ ខ្ញុំ​ចង់ឃើញ​គ្រឿង បន្លែ ដែល​គេ​សម្រាប់​យកទៅ​ធ្វើ​ម្ហូប ខ្ញុំ​ចង់ឃើញ​ម្ហូប​ដែល​គេ​ដាក់លក់​តាមផ្លូវ​។ ខ្ញុំ​ចូលចិត្ត​អាហា​រដ្ឋា​ន​ដែល​អាហារ​តម្លៃថោក​។ ខ្ញុំ​ចូលចិត្ត​រ៉ឺម៉ក​កង់​បី​។ ខុសពី​ប្រទេស​កាណាដា ខ្ញុំ​ចូលចិត្ត​ទស្សនា​អគារ​ដែល​ប្លែកៗ​ពីគ្នា​នៅ​កម្ពុជា​។ សំណុំ​ខ្សែភ្លើង​ចរន្តអគ្គិសនី​នៅតាម​ផ្លូវ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​។ ខ្ញុំ​ចូលចិត្ត​ធ្វើតាម​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី​ដើម្បី​ទស្សនា​ទេសភាព​នានា ខ្ញុំ​ពិបាក​ដើរ​ឆ្លងថ្នល់​។ ខ្ញុំ​ក៏​ស្រឡាញ់​សាសនាព្រះពុទ្ធ​ដែរ ខ្ញុំ​យល់ថា​វត្ត​អារាម​ស្អាតៗ​ណាស់​។ ខ្ញុំ​ចូលចិត្ត​អាកាសធាតុ​នៅ​កម្ពុជា ខ្ញុំ​ស្អប់​អាកាសធាតុ​ត្រជាក់​នៅ​កាណាដា​ណាស់​។ ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ​ក៏​ស្អាត​ដែរ​៕






Tag:
 ចម្រៀង​
  សិល្បៈ​
  Sandrine Dumas
© រក្សាសិទ្ធិដោយ thmeythmey.com