អន្តរជាតិ
លោក​ត្រាំ ជួប​តារា​ទូរទស្សន៍ Kim Kardashian ដើម្បី​ពិភាក្សា​ពី​កំណែទម្រង់​ពន្ធនាគារ​
31, May 2018 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​តារា​ទូរទស្សន៍​ដ៏​ល្បីល្បាញ Kim Kardashian បាន​ទៅ​ជួប​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដល់​សេត​វិមាន ដើម្បី​ពិភាក្សា​ពី​កំណែទម្រង់​ពន្ធនាគារ​។​



«​ជំនួប​ដ៏​អស្ចារ្យ​ជាមួយ Kim Kardashian West នៅថ្ងៃនេះ ដោយ​យើង​បាន​ពិភាក្សា​ពី​កំណែទម្រង់​ពន្ធនាគារ និង​ការកម្រិត​ទោស​»​។ លោក ត្រាំ បាន​សរសេរ​នៅលើ Twitter របស់ខ្លួន លើ​រូបថត​រវាង​គាត់ និង Kim Kardashian នៅក្នុង​ការិយាល័យ​ប្រធានាធិបតី Oval Office​។​

​ជា​សហគ្រិន និង​ជាតា​រា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក នាង Kim Kardashian បានស្នើ​ឲ្យ​មានការ​លើកលែងទោស​ស្ត្រី​វ័យ​៦៣​ឆ្នាំ​ម្នាក់​ឈ្មោះ Alice Marie Johnson ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ជីវិត​ជុំវិញ​ករណី​ឧក្រិដ្ឋ​គ្រឿងញៀន​អហិង្សា​មួយ​កាលពី​ឆ្នាំ​១៩៩៦ ។​

Brittany Barnett មេធាវី​ម្នាក់​របស់ Johnson បាន​និយាយប្រាប់ Daily Mail ថា កូនក្តី​របស់ខ្លួន បាន​បំពេញ​ទោស​អស់​រយៈពេល​២១​ឆ្នាំ​មកហើយ ដោយ​គាត់​គួរតែ​ត្រូវបាន​ដោះលែង​។​

​នៅមុន​ជំនួប​ជាមួយ​លោក ត្រាំ នាង Kim Kardashian បាន​សរសេរ​នៅលើ Twitter ជាមួយនឹង emiji បួងសួង ថា​៖ «​រីករាយ​ថ្ងៃកំណើត Alice Marie Johnson​។ ខ្ញុំ​នេះ​សម្រាប់​អ្នក​»​។​

Kim Kardashian អាយុ​៣៧​ឆ្នាំ ជា​ភរិយា​របស់​តារាចម្រៀង និង​ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ Kanye West៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Kim Kardashian
© រក្សាសិទ្ធិដោយ thmeythmey.com