ជាតិ
បោះឆ្នោត
គ.ជ.ប៖ យុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង» អាចប្រឈមនឹងច្បាប់ ឯយុទ្ធនាការ«តោះ!ទៅបោះឆ្នោត» មានច្បាប់ធានា លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំកន្លងមក
× ភ្នំពេញ៖ ខណៈការបោះឆ្នោតខិតជិតមកដល់ ពលរដ្ឋគាំទ្រនយោបាយដែលមាននិន្នាការផ្សេងគ្នា បានធ្វើយុទ្ធនាការប្រឆាំងគ្នាទៅវិញទៅមក ដើម្បីបង្ហាញអារម្មណ៍ពេញចិត្ត និងមិនពេញចិត្ត ចំពោះដំណើរការបោះឆ្នោត។ ពលរដ្ឋគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ផ្ដើមធ្វើយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង» រីឯអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការ«ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំស្រលាញ់ប្រទេសខ្ញុំ»។ តើការធ្វើយុទ្ធនាការទាំងពីរនេះ ត្រឹមត្រូវដែរទេ?
ពិតណាស់ការធ្វើយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង» និងយុទ្ធនាការ«ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំស្រលាញ់ប្រទេសខ្ញុំ»នេះ គឺជាការបង្ហាញក្តីស្មោះស្ម័គ្ររបស់អ្នកគាំទ្រ ទៅកាន់គណបក្សនយោបាយ ។ ប៉ុន្តែវាក៏អាស្រ័យលើច្បាប់ដែរ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បាននិយាយថា ការធ្វើយុទ្ធនាការអ្វីមួយ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែក៏មិនត្រូវឲ្យខុសពីច្បាប់ឡើយ។
នៅពេលអ្នកសារព័ត៌មានសួរថា តើយុទ្ធនាការទាំងពីរនេះ ត្រឹមត្រូវតាមច្បាប់ដែរទេ? លោក ស៊ិក ប៊ុនហុក ឆ្លើយថា វាអាស្រ័យលើការអនុវត្តរបស់ពលរដ្ឋនោះ ផ្ទុយពីច្បាប់ឬអត់។ ក្នុងន័យនេះលោក ស៊ិក ប៊ុនហុក ពន្យល់ថា យុទ្ធនាការជំរុញពលរដ្ឋឲ្យទៅបោះឆ្នោត គឺត្រឹមត្រូវតាមច្បាប់ដែលបានធានាស្រាប់ រីឯយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង»ហាមពលរដ្ឋបោះឆ្នោត គឺផ្ទុយពីច្បាប់ដែរបានចែង។
សូមស្ដាប់សំឡេង៖
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ប្រធាន គ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖« យុទ្ធនាការ(ដេកផ្ទះ ឈ្នះឯង)នេះ ចេញមកពីណា ហើយបើចេញពីបុគ្គលណាដែលមិនឲ្យគេទៅបោះឆ្នោត គឺបំបិទសិទ្ធរបស់គេ។ ហើយអ្នកដែលឲ្យគេទៅបោះឆ្នោត គឹសិទ្ធរបស់គេវាមានធានា ដោយរដ្ឋធម្មនុញ្ញ។ (បើយុទ្ធនាការ ដេកផ្ទះ ឈ្នះឯង ជាទ្រង់ទ្រាយធំ) អាហ្នឹងហើយ បានន័យថា វាជាបំណងតែម្ដង ចង់រារាំងប្រជាជនមិនឲ្យបោះឆ្នោត។ អាហ្នឹងហើយ បើបុគ្គល(ចាត់វិធានការ)ធ្វើតាមបុគ្គល បើអង្គការចាត់តាំង ជានីតិបុគ្គល ធ្វើតាមនីតិបុគ្គល»។
បើតាមលោក ស៊ិក ប៊ុនហុក គ.ជ.ប នឹងតាមដានយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង» សិន មុននឹងមានវិធានការតាមផ្លូវច្បាប់។ បន្ថែមពីនេះគ.ជ.ប ក៏នឹងសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលពីចំណាត់ការលើអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
មកដល់ពេលនេះ ពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការមួយ ដោយប្រើពាក្យស្លោកថា«ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំស្រលាញ់ប្រទេសខ្ញុំ» ។ ចំណែកពលរដ្ឋគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ផ្ដើមធ្វើយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង» តាមការអំពាវនាវរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងមួយនេះ។
លោក សម រង្ស៊ី បានឲ្យនិយមន័យពាក្យស្លោក «ដេកផ្ទះ ឈ្នះឯង» ថា បើពលរដ្ឋមិនទៅបោះឆ្នោត មានន័យថាគណបក្សប្រជាជនឈ្នះឆ្នោត ទាំងបរាជ័យផ្លូវចិត្ត។
តែយ៉ាងណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបញ្ជាក់ថា ទោះមានពលរដ្ឋទៅបោះឆ្នោត ក្រោម៥០ភាគរយក៏ដោយ ក៏ចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលដែរ ព្រោះដោយសារច្បាប់នៅកម្ពុជា គ្មានការកំណត់ពីភាគរយនៃចំនួនអ្នកបោះឆ្នោត ដែលអាចយកផ្លូវការឡើយ។
គួរបញ្ជាក់ថា គណបក្សចំនួន២០ នឹងត្រូវចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ កក្កដាខាងមុខ៕
Tag:
ស៊ិក ប៊ុនហុក
គ.ជ.ប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com