អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង មុន​ជំនួប​ត្រាំ​-​គីម​
31, May 2018 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​ការទូត​រុស្ស៊ី​សឺ​ហ្គេ ឡាវ​រ៉ូ​វ (Sergei Lavrov) អញ្ជើញ​ទៅដល់​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែឧសភា​នេះ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។ លោក​នឹង​ជជែក​ពី​ស្ថានភាព​ឧបទ្វីប​កូរ៉េ និង​ទំនាក់ទំនង​ទ្វេភាគី ស្រប​ពេលដែល​ជំនួប​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក អាច​នឹង​កើតឡើង​ឆាប់ៗ​។



​គ្មាន​ការប្រកាស​ជាមុន​ឡើយ​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក ឡាវ​រ៉ូ​វ​នេះ​។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​កូរ៉េខាងជើង Ri Yong Ho តាំងពី​ខែមេសា​ពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ​។

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងការបរទេស​រុស្ស៊ី ទស្សនកិច្ច​របស់លោក ឡាវ​រ៉ូ​វ មាន​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ ពេល​ស្ថិតក្នុង​ក្រុង​ព្យុង​យ៉ាងនេះ ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ​ត្រូវ​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​កូរ៉េខាងជើង​លោក Ri ហើយ​អ្នក​ទាំងពីរ​ត្រូវ​ជជែក​លើ​បញ្ហាសំខាន់​ជាពិសេស​ស្ថានភាព​ជារួម​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​ប្រឈម​អន្តរជាតិ រួមជាមួយ​ទំនាក់ទំនង​ទ្វេភាគី​ផង​។​

​ពេល​អញ្ជើញ​ដល់​ព្យុងយ៉ាង​ភ្លាម ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ​បានស្នើ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ចេញ​ដែរ ដោយ​លោក​លើក​ហេតុផល​ថា កូរ៉េខាងជើង​ប្រហែលជា​មិន​បោះបង់​អាវុធ​ឡើយ ដរាបណា​ទណ្ឌកម្ម​មិនត្រូវ​គេ​បន្ធូរបន្ថយ​នោះ​។

​ក្រៅពី​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង គេ​រំពឹងថា លោក ឡាវ​រ៉ូ​វ ក៏​អាច​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ផងដែរ ដោយ​អ្នក​ទាំងពីរ​ក៏​ប្រហែលជា​នឹង​ពិភាក្សា​ពី​បញ្ហា​ធំៗ​មួយចំនួន​ដែរ​។

​លោក ឡាវ​រ៉ូ​វ ធ្លាប់ធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​ម្តង​ដែរ​នៅក្នុង​ឆ្នាំ ២០០៩ ពេលដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចចរចា​អន្តរជាតិ​ដើម្បី​ជំរុញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​តាមពិតទៅ​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​នៅពេលដែល​ប្រទេស​ទាំងពីរ​រៀបចំ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ចំណង​ការទូត​រួមគ្នា​នៅ​ឆ្នាំ​នេះដែរ​។ ថ្វីបើ​មាន​ទំនាក់ទំនង​ការទូត​យូរអង្វែង​ក៏ដោយ ឥទ្ធិពល​រុស្ស៊ី​លើ​របប​ដឹកនាំ​កូរ៉េខាងជើង​ហាក់​ថមថយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ចិន​នៅ​រក្សា​ឥទ្ធិពល​ខ្លួន​បាន​ខ្លាំង​ដ​ដែរ​។ ដូច​ឃើញស្រាប់​លោក គីម ជុង​អ៊ុន ជួប​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង ពីរដង​រួចទៅហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយ​លោក គីម ហាក់ដូចជា​ព្យាយាម​សុំ​យោបល់​មហា​យក្ស​ចិន​ដែរ​មុនពេល​ចរចា​ជាមួយ​អាមេរិក​នោះ​។

​វា​មិនមែនជា​រឿង​ចម្លែក​ទេ ឥទ្ធិពល​រុស្ស៊ី​មិនមែន​ធ្លាក់ចុះ​តែ​នៅក្នុង​បញ្ហា​កូរ៉េ​ឡើយ តែ​ធ្លាក់ចុះ​នៅលើ​ឆាក​អន្តរជាតិ​ដែរ​។ ថមថយ​ឥទ្ធិពល ដោយសារ​ខ្លាឃ្មុំ​ទឹកកក​រុស្ស៊ី​នេះ​បន្ត​រង​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​រហូតមកដល់​បច្ចុប្បន្ន​ដោយសារ​ការ​ក្រសោប​យក​ទឹកដី​គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​នៅក្នុង​ឆ្នាំ ២០១៤​។

​ដោយឡែក វត្តមាន​របស់​ប្រមុខ​ការទូត​រុស្ស៊ី​នៅ​ព្យុងយ៉ាង​ក៏​គាប់​ជួប​ពេលដែល​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​បន្តការងារ​សស្រាក់សស្រាំ​ដើម្បី​រៀបចំ​ជំនួប​កំពូល​រវាង​លោក គីម ជុង​អ៊ុន ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​ដែរ​។ គេ​រំពឹងថា ជំនួប​ដែល​ស្លាប់​ហើយ រស់​ឡើងវិញ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ១២ ខែមិថុនា​ខាងមុខ ហើយ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ចំណុច​ស្នូល​នៃ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នេះ​៕


Tag:
 សឺ​ហ្គេ ឡាវ​រ៉ូ​វ​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com