ជាតិ
រដ្ឋាភិបាល ប្ដេជ្ញា​បញ្ចប់​រាល់​ទម្រង់​ទាំងអស់​នៃ​ពលកម្ម​កុមារ ត្រឹម​ឆ្នាំ​២០២៥
01, Jun 2018 , 7:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​រដ្ឋាភិបាល ប្ដេជ្ញា​បញ្ចប់​រាល់​ទម្រង់​ទាំងអស់ នៃ​ពលកម្ម​កុមារ​ត្រឹម ឆ្នាំ​២០២៥ ។ នេះ​បើតាម​លិខិត​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បង្ហាញ​ពី​គោលនយោបាយ​ពង្រឹង​ការការពារ​កុមារ​នៅ​កម្ពុជា​។​



​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ទិវា​កុមារ​ពីរ​ប្រធានបទ​រួមគ្នា​គឺ ទិវា​កុមារ​កម្ពុជា និង​កុមារ​អន្តរជាតិ ១ មិថុនា ក្រោម​ប្រធានបទ​«​រួមគ្នា​ការពារ​កុមារ ដើម្បី​អភិវឌ្ឍ​គ្រួសារ​និង​សង្គម​» និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ «​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព សម្រាប់​កម្មករនិយោជិត​វ័យក្មេង ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​»​។​

​ខ្លឹមសារ​លិខិត របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​អបអរ​ខួប​លើក​ទី​៦៩ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា បាន​បញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​ដ៏​មាន​អត្ថន័យ គឺ​បង្ហាញ​អំពី​ឆន្ទៈ​មោះមុត និង​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល ក្នុង​ការបន្ត​លើកកម្ពស់ ,​ការ​អនុវត្ដ​សិទ្ធិ​កុមារ ដើម្បី​លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍ នៃ​កុមារ​នៅ​កម្ពុជា​។​

«​កុមារ​គឺជា​ធនធានមនុស្ស ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេល​អនាគត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ។​
​ប្រមុខ​រាជរដ្ឋាភិបាល បាន​បន្ថែមថា ទិវា​ដ៏​សំខាន់​នេះ នឹង​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​សកម្មភាព ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្ដីពី​បរិយាកាស​ដែលមាន​សុវត្ថិភាព និង​សន្តិសុខ សម្រាប់​កម្មករ​ទាំងអស់​ត្រឹម​ឆ្នាំ​២០៣០ និង​គោលដៅ​ស្ដីពី​ការបញ្ចប់​រាល់​ទម្រង់​ទាំងអស់​នៃ​ពលកម្ម​កុមារ​ត្រឹម​ឆ្នាំ​២០២៥​។

​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​យ៉ាងខ្លាំង​នៃ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​សុវត្ថិភាព និង​សុខភាព​សម្រាប់​កម្មករ​វ័យក្មេង ។ ជាពិសេស​ប្រយុទ្ធ​ប្រឆាំងនឹង​ការងារ​ប្រកបដោយ​គ្រោះថ្នាក់ និង​លុបបំបាត់​រាល់​ទម្រង់​ទាំងអស់​នៃ​ពលកម្ម​កុមារ​។

​កុមារ​ត្រូវការ​ចាំបាច់​នូវ​កា​អភិវឌ្ឍ​ផ្នែក​រាងកាយ បញ្ញា ស្មារតី និង​ការសិក្សាអប់រំ​រៀនសូត្រ​។ ដូចនេះ​កុមារ​ត្រូវការ​ថែទាំ ការជួយ​ទំនុកបម្រុង​ពី​គ្រួសារ និង​សង្គម ជាពិសេស​ការលើកកម្ពស់​កិច្ចការពារ​កុមារ ដោយ​ឲ្យ​កុមារ​បាន​សិក្សាអប់រំ ដើម្បី​អភិវឌ្ឍ​សមត្ថភាព ដែល​អាច​កសាង​គ្រួសារ​ប្រកបដោយ​សុភមង្គល រស់នៅ​សេចក្ដីថ្លៃថ្នូរ និង​ជា​ធនធាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​

​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា កិច្ចការពារ​កុមារ​គឺជា ការងារ​ពហុ​វិស័យ​ដែល​តម្រូវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត ដោយ​ការទទួលខុសត្រូវ​ខ្ពស់​តាម​ជំនាញ​រៀងៗ​ខ្លួន ទាំង​ការលើកកម្ពស់​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ រួមទាំង​ការពង្រឹង​យន្តការ​ការពារ​កុមារ​ជាដើម​។

​បច្ចុប្បន្ននេះ ស្ថានភាព​សិទ្ធិ​កុមារ​កាន់​តែមាន​ភាពល្អ​ប្រសើរ​ជា​លំដាប់ ដូចជា​អត្រា​ស្លាប់​របស់​កុមារ​ថយចុះ ,​ការជួយ​សង្គ្រោះ​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម ហើយ​កុមារ​ចុះឈ្មោះ​ចូលរៀន​កើនឡើង ដែល​អាច​ឲ្យ​ពួកគេ​ទទួលបាន​ការអប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កន្លងមក​។ នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕


Tag:
 ទិវា​កុមារ​
 ​ហ៊ុន សែន​
 ​ពលកម្ម​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com