ជាតិ
ថៃ​តាម​ចាប់​យុវជន​ខ្មែរ​ដល់ផ្ទះ ដោយសារ​ប្រឌិត Fake News ពី​លោក ប្រា​យុទ្ធ​?
01, Jun 2018 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​កម្ពុជា​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយសារ​ប្រឌិត​ព័ត៌មាន​មិន​ពិត ពី​សម្ដី​របស់​នាយករ​ដ្ឋ​មន្ត្រី​ថៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post​។



​ប៉ូលិស​ថៃ បានមក​ចាប់​យុវជន​កម្ពុជា​ម្នាក់ នៅ​ភ្នំពេញ ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ថៃ លោក  Surachate Hakparn បាន​និយាយថា ប៉ូលិស​ជំនាញ​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​ថៃ បានមក​ចាប់ខ្លួន​យុវជន​កម្ពុជា ជំនាញ​ផ្នែក IT (Information Technology ) កាលពី​ថ្ងៃ​៣០ ឧសភា ក្រោយពី​រកឃើញថា យុវជន​រូបនេះ បាន​សរសេរ​អក្សរ​ជា​ភាសា​ថៃ នៅលើវេបសាយមួយ (ratstas.com ) ដែល​ស្រង់​សម្ដី​មិន​ពិត​ពី​នាយករដ្ឋមន្ត្រី​ថៃ មក​ចុះផ្សាយ​។​

​សំណេរ​យុវជន​ខាងលើ ដែល​ខាង​ប៉ូលិស​ថៃ ចាត់ទុកជា​កំហុសឆ្គង​ ហើយ​បាន​សារព័ត៌មាន​Bangkok Post ចុះផ្សាយ​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រាប់​ឲ្យ​ប្រជាជន​ថៃ ចាក់ទឹក​ជំនួស​សាំង​វិញ នៅពេលដែល​មានការ​ចោទសួរ​ពី​រឿង​សាំង​ឡើងថ្លៃ​»​។ ប៉ុន្តែ​ពាក្យសម្ដី​នេះ ត្រូវបាន​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ថៃ លោក Surachate Hakparn បដិសេធថា នាយករដ្ឋមន្ត្រី​ថៃ មិនបាន​និយាយ​ដូច​ការសរសេរ​យុវជន​កម្ពុជា​នេះឡើយ​។​

​សារព័ត៌មាន Bangkok Post បាន​ចុះផ្សាយ​ទៀតថា មន្ត្រីជាន់ខ្ពស់​ថៃ និង​មកជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជា នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិនិត្យមើល​លើ​ករណី​យុវជន​ខាងលើ​។ ហើយ​បើ​រកឃើញ​អត្តសញ្ញាណ​ពិត ថា​យុវជន​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ ភាគី​ថៃ នឹង​បន្ត​នីតិវិធី ធ្វើ​បត្យាប័ន​លើ​យុវជន​កម្ពុជា​។

​ក្នុងករណីនេះ យុវជន​កម្ពុជា អាច​ប្រឈមមុខ​កាត់ទោស​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​សែន​បាត (​ជាង​៣​ពាន់​ដុល្លារ​) តាមច្បាប់​របស់​ប្រទេស​ថៃ​។ នេះ​បើតាម Bangkok Post​។​

​តែ​យ៉ាងណា​ព័ត៌មាន​នេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​កម្ពុជា អះអាងថា មិនទាន់​រកឃើញ​មាន​ករណី​ចាប់​ជនជាតិ​កម្ពុជា ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​ឡើយ​។ ទាំង​លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សុទ្ធតែ​អះអាងប្រាប់សារព័ត៌មានថ្មីៗ​ដូចគ្នា​ថា រូបលោក បាន​ឆែក​របាយការណ៍ និង​ព័ត៌មាន​ពី​គ្រប់​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ រួមទាំង​ស្នងការ​រាជធានី​-​ខេត្ត ដែរ ប៉ុន្តែ​មិន​ទទួលបាន​ព័ត៌មាន​នេះទេ។​

​បន្ថែម​ពីនេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែល​ឮ​ពី​ការចុះផ្សាយ​ព័ត៌មាន​ខាងលើ​ដែរនោះ បាន​បកស្រាយ​ថា ព័ត៌មាន​ចាប់ខ្លួន​ជនជាតិខ្មែរ​នេះ អាចជា​ព័ត៌មាន​មិន​ពិត​(Fake News) ។ ប៉ុន្តែ​លោក​ថា ក្រសួងមហាផ្ទៃ នឹង​បន្ត​តាមដាន​ព័ត៌មាន​ខាងលើនេះ​។ «​យើង​គ្រាន់តែ​ឭ និង​ឃើញ​ការចុះផ្សាយ​ព័ត៌មាន​នេះ ប៉ុន្តែ​យើង​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដែរ តែ​ពួកគេ​ថា គ្មាន​ករណី​ប៉ូលិស​ថៃ​ចាប់ខ្លួន ជនជាតិខ្មែរ​ឡើយ​»​។​

​នៅពេល​សួរថា តើ​កម្ពុជា និង​ថៃ មាន​កិច្ចព្រមព្រៀង​ស្តីពី​ការចាប់ខ្លួន អ្នក​ដែល​សរសេរ​ព័ត៌មាន​ប៉ះពាល់​នាយករដ្ឋមន្ត្រី​ថៃ​ដែរ​ទេ​? លោក ខៀវ សុភ័គ អះអាងថា កម្ពុជា​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ជាមួយ​ថៃ​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​គ្មាន​«​ខ​» សន្យា ឬ​កិច្ចព្រមព្រៀង​អ្វី​ជាមួយ​ថៃ​ទេ ហើយ​យើង​ជា​ខ្មែរ យើង​មាន​ឈាម​ខ្មែរ​ដូចគ្នា ដូច្នេះ​យើង​គ្មានអ្វី​ត្រូវ​ចាប់ខ្លួន​ខ្មែរ ឬ​ធ្វើ​បត្យាប័ន​បញ្ជូនទៅ​ថៃ ដើម្បី​ទទួលទោស​នោះទេ​»​។​

​តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post អម​ជាមួយ​រូបភាព​មួយ​សន្លឹក បាន​បង្ហាញថា សមត្ថកិច្ច ដែល​បានមក​ចាប់​យុវជន​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ គឺ​សុទ្ធតែជា​ប៉ូលិស​ថៃ​។ ចំណែក​នៅ​ប្រទេស​ថៃ មាន​មនុស្ស​ចំនួន​៦​នាក់​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ចែករំលែក​ព័ត៌មាន ដែល​វាយប្រហារ​លើ​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដែរ​៕



Tag:
 ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com