ជាតិ
មហាផ្ទៃ រំឭក NGO កុំ​ឲ្យ​ធ្វើ​សកម្មភាព​អ្វីដែល​ល្មើសច្បាប់ ក្នុងអំឡុងពេល​បោះឆ្នោត​
01, Jun 2018 , 7:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ រំ​ឮ​ក​ដល់​អង្គការ​សង្គម​ស៊ីវិល ដោយ​ហាម​ធ្វើ​សកម្មភាព​អ្វីមួយ ដែល​ល្មើសច្បាប់ នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ អង្គការ​សង្គម​ស៊ីវិល យល់ថា ការ​រំឭក​របស់​ក្រសួង​នេះ គឺជា​រឿង​ល្អ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​រំឭកថា អង្គការ​សង្គម​ស៊ីវិល មិន​ត្រូវមាន​សកម្មភាព​ណាមួយ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឡើយ​។ ជាពិសេស​ការរៀបចំ​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍ វាយតម្លៃ​ការបោះឆ្នោត គឺ​មិនត្រូវ​រៀបចំឡើង​ជាដាចខាត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សង្គម​ស៊ីវិល​ត្រូវធ្វើ​អ្វី ដែល​វា​ប្រព្រឹត្តទៅ​តាមច្បាប់ ដែល​បានអនុញ្ញាត​កុំ​ធ្វើ​លើស​ហ្នឹង​។ ហើយ​បន្ទប់​ស្ថានការណ៍​យើង​បិទ​មិន​ឲ្យ​មានតែ​ម្ដង​»​។​

​បន្ថែម​ពីនេះ​ក្រសួងមហាផ្ទៃ នឹង​តាមដាន​មើល​សកម្មភាព​របស់​អង្គការ​ស៊ីវិល​ផងដែរ អំឡុងពេល​នៃ​ការបោះឆ្នោត​នេះ​។ នេះ​បើតាម​លោក ខៀវ សុភ័គ​។​

​ទាក់ទង​បញ្ហា​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ព្រមាន​ចាត់វិធានការ​លើ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ណា ដែល គ​.​ជ​.​ប មើលឃើញថា ជា​សកម្មភាព​ល្មើសច្បាប់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​។ ប្រធាន គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក បាន​និយាយថា គ​.​ជ​.​ប បានដាក់​សំណើ​ទៅ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ នៃ​ក្រសួងមហាផ្ទៃ​រួចហើយ ក្នុងការ​អនុវត្ត​ច្បាប់​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ ដែល​ប្រព្រឹត្ត​ខុស​។​

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រធាន​គ​.​ជ​.​ប​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងពេល​បោះឆ្នោត​ខាងមុខនេះ សូមមេត្តា​គោរព​ឲ្យ​បាន​តាមច្បាប់ បទបញ្ជារ នីតិវិធី សម្រាប់​ការឃោសនាបោះឆ្នោត ។ ហើយ​កុំ​ធ្វើ​សកម្មភាព​អ្វី​ល្មើ​សនឹង​ច្បាប់ ល្មើស​នឹង​បទបញ្ជារ នីតិវិធី និង​ល្មើស​ក្រមសីលធម៌ ទាំង​គណបក្សនយោបាយ ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ឲ្យ​តែ​ល្មើ​សគឺ គ​.​ជ​.​ប អនុវត្តតាម​ច្បាប់​ហើយ​»​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និក​ហ្វិ​ក បាន​និយាយថា ការ​រំឭក​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ខាងលើនេះ គឺជា​រឿង​ល្អ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ។ សម្រាប់​លោក មិនមាន​ការព្រួយបារម្ភ​ពី​បញ្ហា​អនុវត្ត​ច្បាប់​ឡើយ ព្រោះតែ​លោក ជឿជាក់ថា ស្ថាប័ន​ខ្លួន នឹង​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។​

«​តាំងពី​ក្រសួងមហាផ្ទៃ​ហាម​មិន​ឲ្យ​សង្គម​ស៊ីវិល រៀបចំ​បន្ទប់​ស្ថានការណ៍ ក្នុង​ឆ្នាំ​២០១៧​មក យើង​ក៏បាន​ប្រកាស​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងមហាផ្ទៃ​។ ហើយ​ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល យើង​មិនដែល​ធ្វើ​អ្វីដែល​ខុសពី​ច្បាប់​អង្គការ និង​ច្បាប់​ដែល​ក្រសួង​កំណត់​ទេ​។ ដូច្នេះ​យើង​មិន​ព្រួយបារម្ភ​ឡើយ​»​។ នេះ​បើតាម​លោក សំ គ​ន្ធា​មី ។​

​បើតាម គ​.​ជ​.​ប គណបក្សនយោបាយ​ទាំង​២០ អាច​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត ចាប់ពី​ថ្ងៃទី​២០ ដល់​២៧ ខែកក្កដា ។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​៕



Tag:
 ស៊ិ​ក ប៊ុន​ហុក​
  គ​.​ជ​.​ប​
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com