ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម អាច​នឹង​រក​ចំណាត់ការ​ការទូត លើ​ករណី​បន្លំ​អង្ករ​ខ្មែរ​នៅ​ទីផ្សារ​ប្រទេស​កាណាដា​
01, Jun 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នឹង​ស្វែងរក​ប្រភព​បទល្មើស​ដែល​បាន​ក្លែងបន្លំ​អង្ករ​ខ្មែរ​នៅ​ទីផ្សារ​ប្រទេស​កាណាដា ដើម្បី​ចាត់វិធានការ​តាម​មធ្យោបាយ​ការទូត និង​ផ្លូវច្បាប់​ចំពោះ​ករណីនេះ​។  នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង នៅ​ថ្ងៃទី​៣១​ខែឧសភា​។​



​ក្រសួងពាណិជ្ជកម្ម ទទួលបាន​ព័ត៌មាន​ពី​ការបន្លំ​អត្តសញ្ញាណ​របស់​ទំនិញ​អង្ករ​បរទេស (​ថៃឡង់​ដ៏​) ដែលមាន​ដាក់​រូប​ប្រាសាទអង្គរវត្ត និង​ឈ្មោះ​ជា​ខេមរៈភាសា​ថា អង្ករ​ក្រអូប​ពិសេស ដើម្បី​បំភ័ន្ត​អ្នកប្រើប្រាស់​ពី​ប្រភពដើម​ទំនិញ​។​

​ចំពោះ​ទំនិញ​អង្ករ​ដែលមាន​ការបន្លំ​ដូចខាងលើ​នេះ មាន​ដាក់លក់​នៅក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​តែប៉ុណ្ណោះ គឺ​ពុំមាន​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​ផ្សេងៗ​ទៀតឡើយ​។ នេះ​ជាការ​ស្រាវជ្រាវ​បឋម​របស់​ក្រសួងពាណិជ្ជកម្ម ដែល​មិនទាន់​អាច​អះអាងថា អង្ករ​បន្លំ​អត្តសញ្ញាណ​នេះ ត្រូវបាន​នាំចេញ​ពី​ប្រទេស​ថៃ ឬ​ពី​កម្ពុជា នៅឡើយ​។

​ក្រសួងពាណិជ្ជកម្ម បាន​សង្កត់ធ្ងន់ថា ស្ថាប័ន​ខ្លួន​នឹងសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ចាត់វិធានការ​តាម​មធ្យោបាយ​ការទូត និង​ផ្លូវច្បាប់​នានា ដើម្បី​ស្វែងរក​ប្រភព និង​បុគ្គល​ល្មើស សំដៅ​បញ្ឈប់​ការ​ចរាចរ​ទំនិញ​ក្លែងបន្លំ​អត្តសញ្ញាណ​នេះ​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា គឺ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល ចាប់តាំងពី​ដំណាក់កាល​ផលិត រហូតដល់​មាត់ច្រក​នាំចេញ ដោយមាន​ការចូលរួម​សហការ​ពី​វិស័យ​ឯកជន និង​ក្រុមហ៊ុននាំចេញ​។​

​ទោះយ៉ាងណា​អ្នក​ក្នុង​វិស័យនេះ បាន​លើកឡើងថា នេះ​មិនមែនជា​ករណី​ថ្មី​នោះទេ ដោយ​ការ​ក្លែងបន្លំ​អង្ករ​ខ្មែរ នៅលើ​ទីផ្សារ​អន្តរជាតិ មាន​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ករណី​ទាំងនេះ​នឹងធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​អង្ករ​ខ្មែរ​ពី​អ្នកប្រើប្រាស់ បើសិនណា​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ឲ្យ​បាន​ទាន់ពេល​នោះទេ​៕


Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com