ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ
01, Jun 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាប់ផ្ដើម​ប្រមូល​ពន្ធ លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​។



​សេចក្តីប្រកាស​ដដែល​នេះ​បញ្ជាក់ថា ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ដែល​ពុំទាន់​បាន​បង់ប្រាក់​ពន្ធ នៅ​ឆ្នាំកន្លងមក គឺ​តម្រូវ​ឲ្យ​បង់ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ជាមុនសិន ទើប​អនុញ្ញាត​ឲ្យ​ប្រកាស​បង់ពន្ធ ឆ្នាំ​បច្ចុប្បន្ន​បាន​។​

​ការបង់ពន្ធ​លើ ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ ត្រូវបាន​កំណត់​ទៅតាម​ប្រភេទ​នីមួយៗ ដោយ​មិន​គិត ថា​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ ឬ​ឯកជន​ទេ លើកលែងតែ រថយន្ត​គិលាន​សង្គ្រោះបន្ទាន់  រថយន្ត​ពន្លត់អគ្គីភ័យ​, យានយន្ត​អង្គភាព​កង​យោធា​ពល​ខេមរភូមិន្ទ​, យានយន្ត​ពាក់​ផ្លាកលេខ ខ​.​ម ឬ ន​.​ប , យានយន្ត​កម្ម​សិទ្ធ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រ​ដា្ឋ​ភិ​បាល​នានា​។

​ម្ចាស់​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ អាច​បង់ពន្ធ​បាន នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​តាម​ប្រព័ន្ធ​ធនាគារ ដូចជា ធនាគារ​អេស៊ីលីដា​, ធនាគារ​កាណាឌីយ៉ា​, ធនាគារ​កម្ពុជា​សាធារណៈ​, ធនាគារ​វឌ្ឍនៈ និង​ធនាគារ ANZ Royal ។​

​ហើយ​ចាប់ពី​ខែមករា​នៃ​ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចុះ​ត្រួតពិនិត្យ​ការបង់ពន្ធ និង​ផាកពិន័យ ចំពោះ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ ទាំងឡាយ​ដែល​មិនបាន​បង់ពន្ធ​តាម​ការកំណត់ ៕


Tag:
 ពន្ធ​ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com