ជាតិ
សង្គមជាតិ
កម្ពុជា​កាន់​ព្រះពុទ្ធសាសនា​តែមាន​បំណង​ចង់​ក្លាយជា​សមាជិក​អង្គការ​ឥស្លាម​អន្ដរជាតិ​OIC
02, Jun 2018 , 10:22 am        
រូបភាព
រូបភាពពីហ្វេសប៊ុកផេកសម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកផេកសម្តេច ហ៊ុន សែន
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន បានបង្ហាញ​ពី​បំណង​ចង់​ក្លាយជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម ហៅ​កាត់​ថា OIC​។ ទោះជា​កម្ពុជា​កាន់​ព្រះពុទ្ធសាសនា និង​មាន​ប្រជាជន​ឥស្លាម​តិច​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ ចង់​ក្លាយជា​អ្នកសង្កេតការណ៍​ក្នុង​ស្ថាប័ន​អន្ដរជាតិ​មួយ​នេះ​នាពេលខាងមុខ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សុ​ខុ​ដុម​នីយកម្ម​សាសនា​។​

 
​ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន នា​ថ្ងៃទី​២៩ ឧសភា នៅ​សាលសន្និសីទ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន ថ្លែង​អរគុណ​ដល់​សាសនិក​ឥស្លាម​ទាំង​ជាតិ និង​អន្ដរជាតិ ដែល​បានមក​ចូលរួម​ក្នុង​ពិធី តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​។ ក្នុងនោះដែរ សម្តេច​បានបង្ហាញ​ពី​វត្តមាន​ចូល​ពី​តំណាង​អគ្គលេខាធិការ​អង្គការ OIC និង​អរគុណ​ចំពោះ​វត្តមាន​ចូលរួម​របស់លោក​ស្រី​។​
 
​ក្នុង​សន្ទរកថា​មុន​ចាប់ផ្តើម​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​ប្រមាណ ៥០០០​នាក់ សម្តេច ហ៊ុន សែន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មានបំណង​ចង់​ក្លាយជា​សមាជិកភាព​នៃ​អង្គការ​ឥស្លាម OIC ពិតប្រាកដ​មែន ទោះបី​កម្ពុ​ជាមាន​អ្នក​កាន់សាសនា​ឥស្លាម​តិច​ក៏ដោយ តែ​កម្ពុ​ជាមាន​សហគមន៍​ដ៏​ធំ​ទូលាយ ហើយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដ៏ទៃទៀត​ជាច្រើន​ផងដែរ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន ដូចតទៅ​


 
 
​គួរ​បញ្ជាក់ថា អង្គការ​សហប្រតិបត្តិ​ការ​ឥស្លាម ជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៦៩​។ មកដល់​ពេលបច្ចុប្បន្ន អង្គការ​អន្តរជាតិ​មួយ​នេះ​មាន​សមាជិក​សរុប​ទាំងអស់ ៥៧​ប្រទេស  មកពី​ទ្វីប​ចំនួន​បួន​លើ​ពិភពលោក​។  ជា​តំណាង​ឲ្យ​សំឡេង​រួម​របស់​ប្រជាជន​ឥស្លាម​នៅ​ទូទាំង​ពិភពលោក ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​មាន​គោលដៅ​សំខាន់​ការពារ និង​ថែរក្សា​ប្រយោជន៍​ប្រជាជន​ឥស្លាម​ក៏ដូចជា លើកស្ទួយ​សន្តិភាព និង​វិបុលភាព​ពិភពលោក​ទាំងមូល​ផង​៕
 
 

Tag:
 ហ៊ុន សែន​
  OIC
© រក្សាសិទ្ធិដោយ thmeythmey.com