ជាតិ
សង្គមជាតិ
តើ​អ្វីខ្លះ​ជា​កំហុស​ថៅកែ និង​អ្វីខ្លះ​ជា​កំហុស​បុគ្គលិក​នៅ​កន្លែងធ្វើការ​?
02, Jun 2018 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ជម្លោះ ការ​អាក់អន់ស្រពន់ចិត្ត ការ​ច្រណែន ការចង់បាន​ហួសហេតុ តែងតែ​កើតមានឡើង​នៅក្នុង​ស្ថាប័នឯកជន រដ្ឋ អង្គការ មិន​ថា នៅក្នុង​ប្រទេស​កម្ពុជា ឬ​ពិភពលោក​ឡើយ​។ តែ​ថា តើ​អ្វីខ្លះ​ជា​កំហុស​របស់​ថៅកែ និង​អ្វីខ្លះ​ជា​កំហុស​របស់​បុគ្គលិក​ដែល​នាំ​ឲ្យ​បរិយាកាស​នៅ​កន្លែងធ្វើការ​អាប់អួរ​? ខាងក្រោម​នេះ គឺជា​ចំណុច​អវិជ្ជមាន​របស់​ថៅកែ និង​បុគ្គលិក​៖ 

​ចំណុច​អវិជ្ជមាន​របស់​មេដឹកនាំ ឬ​ថៅកែ​៖ 
១៖ ការដឹកនាំ​ដោយ​គ្មាន​គោលការណ៍​ត្រឹមត្រូវ​។ ដឹកនាំ​ច្រើន​ប្រើ​អារម្មណ៍​ផ្ទាល់ខ្លួន​។ ច្រើន​ប្រើ​អំណាច​(​អញ​)​ជា​មេ​។ 
២៖ ស្រឡាញ់ ឬ​ឲ្យ​តម្លៃ​បុគ្គលិក​មិន​ស្មើគ្នា​(​បុគ្គល​ល្អ​ក្នុង​ការងារ​ដូចគ្នា​)​។ លម្អៀង​ផ្នែក​អារម្មណ៍​ចំពោះ​បុគ្គលិក​។ 
៣៖ បង្កើត​អយុត្តិធម៌​ក្នុងការ​ដំឡើង​តំណែង​ចំពោះ​បុគ្គលិក​។ គ្មាន​គោលការណ៍ និង​លក្ខខណ្ឌ​ពិតប្រាកដ​។ 
៤៖ ប្រើប្រាស់​ពាក្យ​អសុរោះ​ចំពោះ​បុគ្គលិក​។ 
៥៖ ស្តីបន្ទោស​បុគ្គលិករ​ហូ​ត តែ​មិនដែល​បង្រៀន ឬ​ណែនាំ​ពួកគេ​ឡើយ​។ 
៦៖ ប្រើ​គំនិត​ចាត់ទុក​បុគ្គលិក​ជា​អ្នកស៊ីឈ្នួល​។ មិន​ចាត់ទុក​បុគ្គលិក​ជា​ចលករ​របស់​ក្រុមហ៊ុន​។ 
៧៖ ឆេវឆាវ ចាប់​ខឹង មិនដឹង​ក្បាល​កន្ទុយ​។ ពាក្យ​ខ្មែរ​សាមញ្ញ​ច្រើន​និយាយថា​«​ត្រចៀក​»​ស មានន័យថា ឆាប់​ជឿ​ការ​ញុះញង់​របស់​អ្នកដទៃ​។ 
៨៖ ជឿ​ដោយ​គ្មាន​ការពិចារណា និង​ដោយ​គ្មាន​ហេតុ និង​ផល​។ 
៩៖ មិន​ឲ្យ​តម្លៃ​បុគ្គលិក​ធ្វើការ​ជាមួយ​ទេ តែ​ច្រើន​លើកសរសើរ​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ដទៃ​។ 
១០៖ បង្កើត​គំនិត​បៀតបៀន​កេរ្តិ៍ខ្មាស​។ 
១១៖ មិន​តែងតាំង​បុគ្គលិក ឬ​មន្ត្រី​ខាងក្នុង តែ​ច្រើន​ផ្តល់​តំណែង​ខ្ពស់​ឲ្យ​មនុស្ស​ពី​ខាងក្រៅ​(​បង្កទំនាស់​ផ្ទៃ​ក្នង​)​។ 
 
​កំហុស​របស់​បុគ្គលិក​៖ 
១៖ ខ្ជិល​ធ្វើការ តែ​ចង់បាន​ប្រាក់ខែ​ច្រើន​។ 
២៖ មិន​ចង់​ទទួលខុសត្រូវ តែ​ចង់​ឡើង​តំណែង​។ 
៣៖ មិន​ស្មោះត្រង់​នឹង​ស្ថាប័ន (​កេង​លុយ​ស្ថាប័ន កេង​ម៉ោង​ធ្វើការ បំផ្លាញ​ផលប្រយោជន៍​ស្ថាប័ន​។​ល​។​)​។ 
៤៖ ពូកែ​ចាក់​ចូ​ច​ឲ្យ​ក្រុមការងារ​បែកបាក់ រារាំង​មិន​ឲ្យ​ស្ថាប័ន​រីកចម្រើន​។ បុគ្គលិក​បែបនេះ គេ​ច្រើន​ហៅថា បុគ្គលិក​«​ដង្កូវ​»​។ គិតតែ​ពី​កា​ច្រណែន​បុគ្គលិក​គ្នាឯង​។ 
៥៖ និយាយដើម​ស្ថាប័ន​ខ្លួន​ប្រាប់​ស្ថាប័ន​ដទៃ​។ 
៦៖ មិន​អភិវឌ្ឍ​បន្ត​ចំណេះដឹង​ជំនាញ​របស់ខ្លួន​។ 
៧៖ ខ្វះ​ជំនាញ​ទន់ (​ខ្វះ​សីលធម៌ គុណធម៌ និង​សច្ចធម៌​)​។ 
៨៖ គ្មាន​គំ​និត​បង្កើត​ថ្មី​។ 
៩៖ ធ្វើការ​លំៗ អបៗ​តែ​គេ ខ្វះ​ឆន្ទៈ ខ្វះ​ការតាំង​ចិត្ត ខ្វះ​ភាព​ហ្មត់ចត់ និង​ខ្វះ​ភាព​តស៊ូ​។ 
១០៖ ធ្វើការ​ដោយ​គ្មាន​ក្តី​ស្រឡាញ់​។ 
 
​ប្រសិនបើ​បុគ្គលិក មេដឹកនាំ ឬ​ថៅកែ អាច​ចៀសវាង​ចំណុច​ខាងលើនេះ​បាន ពេលនោះ ក្រុមហ៊ុន​នីមួយៗ​អាចនឹងទទួល​បាន​នូវ​បរិយាកាស​មួយ​ដែល​ល្អប្រសើរ​បំផុត​។ សុខដុមរមនា​នឹង​កើតមានឡើង​ចំពោះ​ស្ថាប័ន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com