អន្តរជាតិ
នយោបាយអន្តរជាតិ
វៀតណាម ទទូចឲ្យចិន ហ្វីលីពីន និងតៃវ៉ាន់បញ្ឈប់សកម្មភាពធ្វើឲ្យសមុទ្រចិនខាងត្បូងកាន់តែយ៉ាប់យឺន
×
រដ្ឋាភិបាលវៀតណាម បានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធដែលរួមមានទាំងចិន ហ្វីលីពីន និងតៃវ៉ាន់ បញ្ឈប់សកម្មភាពនានា ដែលបង្កឲ្យស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែយ៉ាប់យឺន។ ក្រុងហាណូយ ដែលអះអាងថាខ្លួនមានសិទ្ធិយ៉ាងស្របច្បាប់ក្នុងតំបន់សមុទ្រមានជម្លោះ ចង់ឲ្យភាគីទាំងនេះ ត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងដែលត្រូវបានបង្កើតកន្លងមក។
នាសន្និសីទសារព័ត៌មានប្រចាំខែនៅថ្ងៃ៣១ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng បានប្រតិកម្ម និងតវ៉ាជាថ្មីទៅលើការធ្វើសមយុទ្ធយោធានៅក្នុងដែនសីមានៃសមុទ្រចិនខាងត្បូងរបស់ចិន ដោយលោកស្រីបានចាត់ទុកថា វាជាសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់វៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ។
លោកស្រីអ្នកនាំពាក្យថែមទាំងហៅសកម្មភាពបំពានរបស់ចិនថា ជាការដើរបញ្ច្រាសនឹងស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី(ក្នុងក្របខណ្ឌអាស៊ាន) និងកាន់តែធ្ងន់ធ្ងរនោះ ចិនបានដើរហួសដែនកំណត់ ដែលមេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នា។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ខុសពីសព្វមួយដង ក្រុងហាណូយមិនត្រឹមតែយកវេទិកាព័ត៌មានមួយនេះ ថ្កោលទោសចិនប៉ុណ្ណោះនោះទេ ក្រុងហាណូយក៏បានឆ្លៀតឱកាសនេះ ផ្ញើសារដាស់តឿនទៅកាន់រដ្ឋពាក់ព័ន្ធនៃជម្លោះពីរផ្សេងទៀត រួមមាន ហ្វីលីពីន ដែលជាមិត្តអាស៊ាន និង តៃវ៉ាន់ផងដែរ។
«វៀតណាម ក៏សូមទាមទារឲ្យហ្វីលីពីនបញ្ឈប់សកម្មភាពសាងសង់នៅលើកោះសិប្បនិមិ្មតនៅប្រជុំកោះ Spratly ក៏ដូចជាស្នើឲ្យហ្វីលីពីនមានភាពអត់ធ្មត់ ហើយអនុវត្តតាមសេចក្តីថ្លែងការណ៍ដែលជាយន្តការពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូងដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះ។ ចំណែកតៃវ៉ាន់ក៏ដូចគ្នាដែរ។ សកម្មភាពចុងក្រោយ រាប់ទាំងបញ្ចូលទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Itu Aba កំពុងតែចូលរួមជាការគំរាមកំហែងធ្ងន់ធ្ងរមួយមកលើសន្តិភាពនិងសន្តិសុខដែនសមុទ្រហើយ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យទៅកាន់ហ្វីលីពីន និងតៃវ៉ាន់ ។
គួរជម្រាបផងដែរថា បើគិតក្នុងក្របខណ្ឌរួម ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យដែលមានភាគីពាក់ព័ន្ធដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម តៃវ៉ាន់ និង ចិន។ រយៈពេលចុងក្រោយនេះ មានរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ភាគីពាក់ព័ន្ធពិសេសចិន ហាក់ដូចជាមានសកម្មភាពយោធូបនីយកម្មច្រើនដែលធ្វើឲ្យដំណើរការនៃការចរចាបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវជួបផលលំបាកច្រើន៕
Tag:
វៀតណាម
តៃវ៉ាន់
ចិន
សមុទ្រចិនខាងត្បូង
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com